បណ្តាញសង្គម

លេចចេញមុខ​គូប្រជែងថ្មីរបស់ Tundra TRD និង​ F-150 Raptor

ក្រុមហ៊ុនរថយន្តអាមេរិក GMC បានបញ្ចេញរថយន្តភីកអាប់ថ្មីរបស់ខ្លួន ម៉ូដែល Sierra 1500 AT4X ស៊េរីឆ្នាំ២០២២ ដែលការឌីហ្សាញផ្នែកខាងមុខ ក៏ដូចជាទំហំរថយន្តគឺពិតជាស័ក្តិសមនឹងគូប្រជែងរបស់ Tundra TRD និង F-150 Raptor។

រថយន្តដែលអាចបើកគ្រប់ស្ថានភាពផ្លូវនេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងលើប៉ាណាដែលជាបន្ទាត់ដេក រំលេចឡើងដោយអក្សរ GMC អមដោយចង្កៀង LED ទាំងសងខាង រួមជាមួយអំពូលភ្លើងបំភ្លឺផ្លូវពេលថ្ងៃទម្រង់ជាអក្សរ C និងកាងដែលមានអំពូលកាត់អ័ព្ទ ធ្វើឱ្យរថយន្តនេះកាន់តែមានភាពទាក់ទាញ ប្រដមប្រសងគ្នានឹងកំពូលរថយន្តភីកអាប់របស់ Toyota និង Ford។

វាក៏មានបង្ហាញភ្លើងសញ្ញាភ្លឹបភ្លែក ពេលម្ចាស់រថយន្ត ដើរចេញ ដើរចូល និងបញ្ឆេះរថយន្តផងដែរ។ រថយន្ត GMC Sierra 1500 នេះ ប្រើម៉ាស៊ីន V8 ចំណុះ ៦,២លីត្រ ផលិតបានកម្លាំង ៤២០សេះ និងកម្លាំងរមួល ៦២៤ញូ៊វតុនម៉ែត្រ ឬចំណុះ ៥,៣លីត្រ បង្កើតបានកម្លាំង ៣៥៥សេះ។

វាដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធប៉ុង២ (រត់ដោយកង់ទាំង៤)។ វាក៏មានជម្រើសម៉ាស៊ីនទាក់បូ i4 ចំណុះ ២,៧លីត្រ និងម៉ាស៊ីនម៉ាស៊ូត Duramax i6 ចំណុះ ៣លីត្រផងដែរ។ ចូលដល់ផ្នែកកាប៊ីន ពិសេសដៃចង្កូតគឺរចនាឡើងស្រដៀងគ្នាខ្លាំងនឹង F-150 Raptor ដោយខុសតែប៊ូតុង និងឡូហ្គូតែប៉ុណ្ណោះ។

ជាមួយគ្នានេះ កុងទ័ររថយន្តជាប្រភេទឌីជីថល ទំហំ ១២,៣អ៊ិញ និងប្រព័ន្ធកម្សាន្ត ១៣,៤អ៊ិញ ដែលអាចប្រើប្រាស់កម្មវិធី Google Maps, Google Assistant និង Google Play។

អេក្រង់នេះ អាចឱ្យអ្នកបើកបរនិយាយបញ្ជាដើម្បីខល ផ្ញើសារ គ្រប់គ្រងសំឡេង បើកផែនទី និងកំណត់ម៉ាស៊ីនត្រជាក់ជាដើម ហើយក៏អាចដំឡើងកម្មវិធីមួយចំនួនទៀតផងដែរ។

មិនតែប៉ុណ្ណោះវាក៏អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ទៀតផង។ផ្នែកខាងក្នុងរថយន្តនេះគ្របដណ្តប់ដោយស្បែកមិនត្រឹមតែកៅអីពូកនោះទេ ពោលគឺសូម្បីតែជញ្ជាំងទ្វាររថយន្ត និងស្នូកកណ្តាល។

វាក៏ភ្ជាប់មកជាមួយប្រព័ន្ធកម្តៅពូក និងអាចម៉ាស្សា ព្រមទាំងប្រព័ន្ធសំឡេងឮខ្លាំង ដែលមាន speaker ១២គ្រាប់ កញ្ចក់មើលក្រោយជាប្រភេទឌីជីថល ដំបូលបើក និង Head-up display ជាអេក្រង់ឌីជីថល ១៥អ៊ិញ ដែលបង្ហាញលើកញ្ចក់ខាងមុខអ្នកបើកបរ។

រថយន្តភីកអាប់ស៊េរីថ្មីនេះ បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ត ដោយមានប្រព័ន្ធជំនួយដូចជាសញ្ញាអាសន្នពេលមានគ្រោះថ្នាក់ខាងមុខ ហ្រ្វាំងបន្ទាន់ស្វ័យប្រវត្តិ ដោយវាឈប់ខ្លួនឯង ពេលទៅកៀកនឹងឧបសគ្គខាងមុខ និងហ្រ្វាំងឈប់ស្វ័យប្រវត្តិពេលមានអ្នកឆ្លងផ្លូវ រួមជាមួយប្រព័ន្ធសម្រាប់ឱ្យរថយន្តបើកក្នុងគន្លងត្រឹមត្រូវ។

មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធបង្ហាញសញ្ញាព្រមានដល់អ្នកបើកបរ អំពីការផ្ទុកលើសទម្ងន់ផងដែរ។គួរដឹងដែរថា រថយន្ត Sierra 1500 នឹងត្រូវដាក់លក់ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២ ដែលមានតម្លៃចាប់ពី ៧ ដល់ ៨ម៉ឺនដុល្លារ ដោយតម្លៃខុសគ្នាទៅតាមជម្រើសម៉ាស៊ីនរថយន្ត៕

ដកស្រង់ពី៖sabay