បណ្តាញសង្គម

ចង់​ប្រាប់​ថា នាង​រក​លុយ​បាន​ច្រើនជាង​គេ តែ​បើ​គិត​ថា នាង​ជា​មនុស្ស​ពិត គឺ​ខុស​ធ្ងន់ណាស់!

មនុស្សសប្បនិម្មិត( Virtual Humans) ចាប់ផ្ដើមច្បាមយកការងារធម្មតារបស់មនុស្សនៅក្នុងឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូងបណ្ដើរៗហើយ តួយ៉ាង ស្រីស្អាតក្នុងរូបនេះ តាមពិតមិនមែនជាមនុស្សពិតឡើយ គឺនាងជាមនុស្សសប្បនិមិ្មត។

ស្រីស្អាតដែលយើងឃើញនេះ នាងមានឈ្មោះ Rozy មានភិនភាគដូចយុវតីវ័យ ២២ឆ្នាំស្រស់ស្អាតម្នាក់។ ប៉ុន្តែតាមពិតមិនដូច្នេះឡើយ គឺនាងជា មនុស្សសប្បនិម្មិតល្បីល្បាញទី១របស់កូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងដោយ Sidus Studio X។ បច្ចុប្បន្ន Rozy អាចរកចំណូលបានយ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើល។ តាមរបាយការណ៍ពីឆ្នាំទៅ Rozy មានអ្នកតាមដាននៅលើ IG ចំនួន ១០ម៉ឺននាក់។

អ្វីដែលកាន់តែពិសេស នាងអាចឆក់យកការងារផ្សព្វផ្សាយពាណិជ្ជកម្មធំជាច្រើន សុទ្ធជាប្រភេទការងារដែលមានតម្លៃខ្លួនខ្ពស់។ ករណីនេះ វាដូចជាបដិវត្តមួយនៅក្នុងឧស្សាហកម្មសិល្បៈកម្សាន្តរបស់កូរ៉េខាងត្បូង ដែលនៅក្នុងអតីតកាល ការងារខាងលើភាគច្រើនត្រូវក្ដោបក្ដាប់ដោយសិល្បករជាមនុស្សពិត។

ប៉ុន្តែពេលនេះ គឺជាការចាប់ផ្ដើមយុគសម័យរបស់ មនុស្សសិប្បនិម្មិត(Virtual Humans) ម្ដងហើយ។ តាមលោក Baek Seung Yeop នាយកប្រតិបត្តរបស់ Sidus Studio X បានឲ្យដឹងថា មានហេតុផលមួយចំនួនដែលធ្វើទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានងាកមករកមនុស្សសិប្បនិម្មតជំនួសមនុស្សពិត ហើយហេតុផលចម្បងមួយក្នុងចំណោមនោះ គឺថា មនុស្សសិប្បនិម្មិត ឬមនុស្សបង្កើតដោយបច្ចេកវិទ្យា 3D នឹងមិនមានរឿងអាស្រូវណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ស្លាកយីហោនោះទេ។

តាមលោក Baek Seung Yeop បានឲ្យដឹងទៀតថា ក្នុងឆ្នាំនេះ តារាចម្រៀង និងសម្ដែងច្រើននាក់ណាស់ ត្រូវបានគេផ្ដាច់កុងត្រាការងារ ដោយសាររឿងចម្រូងចម្រាស់បណ្ដាលពីបញ្ហាឯកជនភាពរបស់ពួកគេ។ តាមរបាយការណ៍ មនុស្សសិប្បនិម្មិត Rozy បានក្ដោបក្ដាប់ការងារផ្សព្វផ្សាយស្លាកយីហោឲ្យក្រុមហ៊ុនជាង ១០០រួចហើយ ហើយដើមឆ្នាំនេះ នាងក៏ត្រូវបានជ្រើសរើសជាម៉ូដែលរបស់ក្រុមហ៊ុន Shinhan Life Insurance ថែមទៀតផង៕

ដកស្រង់ពី៖ Sabay