បណ្តាញសង្គម

ដឹង​ហើយ! ឡាន​អគ្គិសនី​ទីមួយ​របស់ Toyota សាកពេញម្តងជិះពីភ្នំពេញ ដល់ អង្គរវត្ត

ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្តអគ្គិសនីទីមួយរបស់ខ្លួនម៉ូដែល BZ4x Crossover នៅអំឡុងពាក់កណ្តាលឆ្នាំ២០២២។ ប៉ុន្តែទន្ទឹមនឹងនោះ Toyota ក៏ទើបតែបង្ហាញ Spec សំខាន់ៗបន្ថែមទៀតអំពីរថយន្តនេះ ដូចជាទំហំអាគុយ កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីដែលបំពាក់ក្នុងរថយន្ត ជាពិសេសដៃចង្កូតដែលមានការឌីហ្សាញគួរឱ្យទាក់ទាញ។

រថយន្ត BZ4x មានទំហំប្រហែលនឹង Toyota RAV4 ស៊េរីឆ្នាំ២០២១ ដែរ ប៉ុន្តែមានការឌីហ្សាញខុសគ្នាដោយ BZ4x មានរាងស្អាតទំនើបជាង និងមានគម្លាតពីកង់មុខទៅកង់ក្រោយ វែងជាងបន្តិច។

វាត្រូវបានផលិតឡើងក្នុងទម្រង់ជារថយន្តអគ្គិសនី e-TNGA ដែល Toyota បានអភិវឌ្ឍជាមួយក្រុមហ៊ុន Subaru ពោលគឺដូចនឹងរថយន្ត Subaru Solterra ដែរ។រថយន្តអគ្គិសនីដំបូងរបស់ Toyota នេះ ប្រើប្រាស់អាគុយប្រភេទ lithium-ion ផ្ទុកភ្លើងបាន ៦៤គីឡូវ៉ាត់ម៉ោង និងមានម៉ូទ័រ១ កម្លាំង ២០១សេះ ប៉ុង១ រត់កង់ខាងមុខ។

វាក៏មានជម្រើសម៉ូទ័រ២ កម្លាំង ២១៥សេះ ប៉ុង២ ដោយអាចជាន់ពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៧,៧វិនាទី។បើផ្អែកតាមការអះអាងរបស់ Toyota បង្ហាញថា ក្នុងពេលសាកពេញម្តង រថយន្តអគ្គិសនីនេះ អាចបើកដល់ចម្ងាយ ៣៧០គីឡូម៉ែត្រ (សម្រាប់ប៉ុង១) និង ៣២០គីឡូម៉ែត្រ (សម្រាប់ប៉ុង២) (បើគិតពីភ្នំពេញ ដល់ប្រាសាទអង្គរវត្ត មានចម្ងាយ ៣២១គីឡូម៉ែត្រ)។

វាក៏ភ្ជាប់មកជាមួយឆ្នាំងសាកលឿន ដែលសាកពី ០ ដល់ ៨០ភាគរយ ចំណាយពេល ៣០នាទី។ ចំណែកដំបូលសូឡា នឹងទទួលបានថាមពលពេញ ពេលបើកបានដល់ចម្ងាយជាង ១៦០០គីឡូម៉ែត្រ។

មកមើលផ្នែកកាប៊ីនរថយន្ត ពិសេសត្រង់ដៃចង្កូតត្រូវបានឌីហ្សាញជារាងនឹម ស្រដៀងនឹងរថយន្ត Tesla Model S និង X ស៊េរីថ្មីដែរ ដោយវាអាចបង្វិលបាន ១៥០ដឺក្រេ។

ឯប្រព័ន្ធកម្សាន្តវិញ គេមិនដឹងថាវាមានទំហំអេក្រង់ប៉ុនណាទេ ប៉ុន្តែអាចប្រើមុខងារ voice control និងបំពាក់កុងទ័រឌីជីថល។ យ៉ាងណាមិញ Toyota បញ្ជាក់ថា ខ្លួននឹងធ្វើការអាប់ដែតប្រព័ន្ធ និងមុខងារក្នុងរថយន្តនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀត៕

ដកស្រង់ពី៖sabay