បណ្តាញសង្គម

ចូល​តួ​ខ្លាំង​! ស្រី​ស្អាត គី​ម ស៊ីវ​ឡា​ម សម្តែង​ការ​ហួសចិត្ត​នឹង​រឿង​មួយ

អមរ៉ា គឺជាឈ្មោះតួអង្គ ដែលតារារូបនេះសម្តែងនៅរឿងភាគ «សត្រូវកំពូលស្នេហ៍» ដែលបានផ្សាយតាមទូរទស្សន៍ និងផេកហ្វេសប៊ុករបស់ទូរទស្សន៍បាយ័ន។ ដោយសារតួអង្គដែលនាងសម្តែងនោះ គឺជាតួកាចឆ្នាស់ តាមយាយី និងបំបែកបំបាក់គ្រូតួអង្គឯក ទើបធ្វើអោយទស្សនិកខ្លះដាក់អារម្មណ៍ទៅតាមសាច់រឿង រហូតហ៊ានជេរដល់តួដែល គីម ស៊ីវឡាម បានសម្តែង។

ទោះជាយ៉ាងណា តារារូបនេះហាក់បង្ហាញអារម្មណ៍ និងមិនមានចិត្តខឹងដល់ទស្សនិកជនដែលបានធ្វើការជេរប្រទេចនាងនាពេលនេះឡើយ។ នាងបានចាត់ទុកទាំងអស់នេះ គឺគ្រាន់តែជាការខឹងស្អប់របស់ទស្សនិកជនដែលឃើញតួនាងមានអត្តចរិកកាចឆ្នាស់ តាមការចង់បានពីអ្នកដឹកនាំប៉ុណ្ណោះ។ បើតាមអ្វីដែល គីម ស៊ីវឡាម បានបង្ហោះសារតាមហ្វេសប៊ុកបានអោយដឹងថា តាំងពីចូលសិល្បៈ6/7ឆ្នាំមកនេះ អត្រាការជេរកើនឡើងជាទំងន់ ជេរតាំងពីដើមមកធ្វើអោយខ្ញុំរំភើបណាស់។

នាងថា អ្នកខ្លះក៏គ្រឺតរកវៃ អ្នកខ្លះក៏ថាខ្ញុំនៅក្រៅស្លូតមិនថា mv ឬក៏រឿង ជំនាញខ្ញុំ អ្នកដឹកអោយដើរតួក្បត់ដណ្តើរប្រុស ទះតប់និង ហើយអរគុណបងអ្នកដឹកគ្រប់រូបដែលធ្វើអោយគេជេរខ្ញុំគ្រប់ពេល។ នាងបញ្ជាក់ថា ខ្ញុំមិនដែលខឹងនឹងអ្នកដែលជេរខ្ញុំនោះទេ ខ្ញុំសប្បាយចិត្តពេលឃើញគេជេរ តែបើជួបក្រៅកុំវៃអូនអីណា ហើយបងប្អូនដែលចង់អោយខ្ញុំដើរតួស្លូតម្តងនោះ ខ្ញុំក៏មិនទាន់ដឹងដែរ ចាំមើលបងៗអ្នកដឹកនាំសិន ok ណា។ នាងថា ខ្ញុំក៏ចង់អោយគេអាណិតម្តងដែរ ចង់ប្រាប់ថាស្រលាញ់អ្នកគ្រប់គ្នា ហើយក៏អរគុណសំរាប់ការស្រលាញ់ចូលចិត្តការសំដែងនាងខ្ញុំ។

ជាការកត់សម្គាល់ រយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងស្រីសាច់សខ្ចី គីម ស៊ីវឡាម កាន់តែមានសន្ទុះខ្លាំងឡើងៗតាមរយៈការថតរឿងភាគជាបន្តបន្ទាប់។ ចំណុចនេះអាចបញ្ជាក់បានថា ទីផ្សារការងារសម្តែងរបស់ស្រីស្អាតរូបនេះ ពិតជាឡើងកូដលឿនខ្លាំងមិនធម្មតាឡើយ។

បើនិយាយពីការចូលសម្តែងក្នុងផលិតកម្មហង្សមាសដំបូងវិញ ស៊ីវឡាម មិនបានប្រកាន់ខ្លួនទៅនឹងប្រភេទតួអង្គដែលនាងសម្តែងនោះទេ ពោលគឺនាងដើរតួត្រឹមតែជាអ្នកបម្រើជំនិតរបស់តួអង្គក្នុងរឿង «រាជិនីភូមិគ្រឹះ» ប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ បូករួមផ្សំនឹងអត្តចរិតរួសរាយរាក់ទាក់ និងការគោរពពេលវេលាថតបានល្អទៀតផងនោះ ជាកត្តាដែលញ៉ាំងឱ្យបណ្តាអ្នកដឹកនាំតាមផលិតកម្មធំៗនានា តែងតែជ្រើសរើស គីម ស៊ីវឡាម ទៅសម្តែងជាបន្តបន្ទាប់ មិនថាការសម្តែងជាខ្សែភាពយន្ត និងការថត MV នោះឡើយ ហើយការសម្តែងមួយចំនួនក្នុងនោះ ស៊ីវឡាម ក៏បានវិវត្តន៍ខ្លួនទៅជាតួឯក និងតួរងបានយ៉ាងច្រើនផងដែរ។ ទាំងនេះហើយ សុទ្ធសឹងតែជាឱកាសដែលផ្តល់ឱ្យនាងសាងយកភាពល្បីល្បាញ ដើម្បីអាជីពដែលនាងស្រលាញ់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕


ដកស្រង់ពី៖កោះសន្តិភាព