បណ្តាញសង្គម

ព្រោះ iPhone 13! Apple សុខចិត្ត​កាត់​បន្ថយ​ការ​ផលិត iPad ពាក់កណ្តាល

ក្រុមហ៊ុន Apple បានកាត់បន្ថយការផលិត iPad ៥០ភាគរយនៃផែនការ នៅឆ្នាំ២០២១នេះ ដោយសារតែកង្វះខាតឈីប ព្រោះក្រុមហ៊ុនត្រូវតែប្រើប្រាស់ឈីបដែលខ្លួនមាន យកទៅសម្រុកផលិត iPhone 13។

Apple ក៏បានដឹងខ្លួនដែរថា បើកាត់បន្ថយការផលិតបែបនេះគឺពិតជាប៉ះពាល់ដល់ចំណូលពីការលក់ iPad ខណៈកាលពីឆ្នាំមុន ការលក់ iPad បានកើនឡើង ៦,៧% ស្មើនឹងចំនួន ៥៣,២លានគ្រឿង ដោយគ្របដណ្តប់ស្ទើរតែ១ភាគ៣ នៃទីផ្សារថេបប្លេតពិភពលោក ដោយសារតែវិបត្តិជំងឺសកល បង្ខំឱ្យមនុស្សត្រូវធ្វើការ និងរៀនតាមអនឡាញ។

ប៉ុន្តែក្រុមហ៊ុនគឺគ្មានជម្រើសឡើយ ពោលគឺធ្វើយ៉ាងណា មិនឱ្យបញ្ហាខ្វះឈីបនេះ ប៉ះពាល់ដល់ការផលិត iPhone 13 ឡើយ ដែលវាជា iconic របស់ Apple។ បន្ថែមពីនេះ Apple បានព្យាករថា តម្រូវការ iPhone 13 គឺខ្ពស់ជាង iPad ខណៈដែលប្រទេសលោកលិច ចាប់ផ្តើមងើបចេញពីជំងឺរាតត្បាតកូវីដ១៩។ ក្នុងនោះទីផ្សារអាមេរិក និងអឺរ៉ុប គឺជាប្រភពចំណូលប្រហែល ៦៦% របស់ក្រុមហ៊ុននេះ។

តាមទិន្នន័យក៏បានបង្ហាញដែរ ចំនួននៃការលក់ iPhone 13 បានជួយឱ្យ Apple ឡើងមកលេខ២ នៃការលក់ស្មាតហ្វូនក្នុងពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយឡើយ ដែល Apple បានផ្តល់អាទិភាពលើការផលិត iPhone ជាង iPad។ កាលពីឆ្នាំ២០២០ ក្រុមហ៊ុននេះ ក៏បានលៃលកដកយកគ្រឿងបន្លាស់ដែលត្រូវផលិត iPad យកទៅផលិត iPhone 12 វិញផងដែរ៕

ដកស្រង់ពី៖sabay