បណ្តាញសង្គម

ឆ្លង​ផុត​ជ្រោះជ្រៅ ឥឡូវ​បទ ''Are you ok'' ក្រសួងអនុញ្ញាតឲ្យចេញ MV ហើយ!

បទចម្រៀងមួយបទរបស់ Galaxy Navatra ដែលមុននេះរងការរិះគន់យ៉ាងខ្លាំងពីមហាជន រហូតដល់ផលិតកម្មសម្រេចលុបចេញពីបណ្ដាញសង្គមរបស់ខ្លួនវិញនោះ ឥឡូវនេះមានដំណឹងថា ផលិតកម្មបានទទួលការអនុញ្ញាតិពីក្រសួងសាមីឲ្យផលិតវីដេអូចម្រៀងផ្លូវការហើយ។

បទ ''Are you ok'' គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោកក្នុងរយៈពេលដ៏ខ្លី ហើយដោយមើលឃើញពីសន្ទុះនេះ ផលិតកម្ម Galaxy Navatra ចរចាទិញសិទ្ធិពាក្យ “Are you ok” ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពតក្នុងតម្លៃព្រមព្រៀងជាង ១ម៉ឺនដុល្លារ។ ក្រោយឈានដល់កិច្ចព្រមព្រៀង បទ ''Are you ok'' ក៏ត្រូវបានផលិតឡើង ដែលច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។

តាមដំណឹងបទចម្រៀងមួយនេះ បានប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារថែមទៀត។ នេះបើតាមលោក យឹម តាស្រង់បញ្ចេញនៅលើបណ្ដាញសង្គម។ តាស្រង់ បានពោលចេញនូវការសោកស្ដាយយ៉ាងខ្លាំង ក្រោយពីទទួលបានការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យលុបចេញពីលើបណ្ដាញសង្គមរបស់ផលិតកម្ម។

យ៉ាងណា អំឡុងពេលជាមួយគ្នា ថ្នាក់ដឹកនាំផលិតកម្ម ក៏ព្យាយាមធ្វើកិច្ចការមួយចំនួនបន្ថែមទៀត ដើម្បីបទនេះមានការទទួលស្គាល់ឡើងវិញ។ ខណៈមកដល់ម៉ោងនេះ MV បទ''Are you ok'' បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតិឲ្យចេញផ្សាយជាផ្លូវការផងដែរ។ តាមសន្ទុះដ៏ខ្លាំងក្លាអំឡុងពេលចេញដំបូង គេរំពឹងខ្ពស់ថា បទ''Are you ok'' អាចនឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនជាងគេ។

 

ចង់ដឹងថា បទ ''Are you ok'' ដ៏ពេញនិយមមួយនេះ មានអ្វីប្លែកនៅក្នុងវីដេអូចម្រៀងផ្លូវការនេះ តោះ ទស្សនាទាំងអស់គ្នា៖

ដកស្រង់ពី៖Sabay