លូកដៃក្នុងវិស័យអចលនទ្រព្យកាន់តែជ្រៅ តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ លេចមុខនៅតាមគម្រោងលក់ដីឡូត៍ច្រើនជាង
ការបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ ឬបណ្ដាញសង្គមតាមរយៈបទចម្រៀងថ្មីៗរបស់ខ្លួន។ កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា តារាចម្រៀងរូបនេះ បានបង្កើតពាក្យស្លោកមួយតាមរយៈការLive លក់ដីឡូត៍ជាមួយក្រុមការងារថា”យុវជនសម័យថ្មី អត់មានដីម្ដេចស្ទាវ"។ ពាក្យស្លោកដែលទើបបង្កើតរបស់លោកនេះហើយដែលធ្វើឲ្យអ្នកគាំទ្រ ស្ងើចសរសើផង និងរិះគន់ផង។
ខេមរៈ សិរីមន្ដ៖”ខ្ញុំបានបង្កើតពាក្យស្លោកមួយ ហើយខ្ញុំលើកទឹកចិត្ដឲ្យប្រើជា Worldwide តែម្ដង! អឺ…!ទៅណាហើយ ខ្ញុំបានកត់វាទុកពីថ្ងៃ ព្រោះពាក្យស្លោកមួយមិនចេះតែបង្កើតងាយៗ…យុវវ័យសម័យថ្មី បើអត់មានដីផ្ទាល់ខ្លួនទេ អត់ស្ទាវទេ”។ លោកបន្ថែមថា សម្រាប់រូបលោកមានទស្សនៈខុសគេ ទាក់ទងនឹងការពេបជ្រាយ ឬរិះគន់រឿងយុវវ័យទិញដីឡូត៍ពីសំណាក់អ្នកជិតខាង លោកថានេះជារឿងមួយយើងមិនគួរខ្វល់ពេកទេ ហើយចាត់ទុកអ្នកនិយាយនោះ គឺជាកញ្ចក់របស់យើង។
ក្រោយពីបញ្ចេញនូវវីដេអូLive ទាំងយប់កាលពីថ្ងៃទី៤ ខែវិច្ឆិកា មានប្រិយមិត្ដខ្លះសម្ដែងការរិះគន់លើពាក្យស្លោករបស់លោកថា “ពាក្យស្លោកនេះល្អ សម្រាប់យុវវ័យ តែពាក្យស្ទាវ ត្រូវបានគេប្រើតែទៅលើសត្វពាហនៈប៉ុណ្ណោះ ដូចជា៖ គោស្ទាវ មាន់ស្ទាវ ឬក្របីស្ទាវជាដើម។ ប៉ុន្ដែឃ្លាចុងក្រោយនេះ គួរតែប្រើពាក្យ”ពេញជំទង់ ជំនួសពាក្យស្ទាវ វិញ ទើបប្រសើរ។
ក្រៅពីនេះក៏មានអ្នកលេងTik Tok និងFacebook មួយចំនួនចាប់ផ្ដើម រិះគន់ពាក្យស្លោករបស់លោកដោយមានភ្ជាប់នូវវីដេអូLive របស់លោកនោះផង។ ពួកគេ បានសំណូមពរឲ្យលោក ខេមរៈ សិរីមន្ដ កែតម្រូវពាក្យស្លោក និងខ្លះបានសំណូមពរឲ្យបកស្រាយពាក្យ"ស្ទាវ"ដែលយកប្រើជាមួយយុវវ័យ។
ទោះជាយ៉ាងណា គិតត្រឹមម៉ោង៤កន្លះនេះ Sabay មិនទាន់អាចទាក់ទងលោក ខេមរៈ សិរីមន្ដ ដើម្បីបកស្រាយលម្អិតលើការលើកឡើងរបស់មហាជននេះបាននៅឡើយទេ៕
ដកស្រង់ពី៖ Sabay