បណ្តាញសង្គម

ចេញ​ដំណើរ​ដើម​ទង​នៃ​ភាពយន្ត​រន្ធត់​ស្ដែង​ពី​សាច់​រឿង​ពិត​ក្នុង​មង្គល​ការ​កំលោះ​ក្រមុំ​មួយ​គូនៅ​

នៅប៉ុន្មានថ្ងៃមកនេះ ប្រិយមិត្តនៅលើបណ្ដាញសង្គម បាន និងកំពុងរំជើបរំជួលនឹងខ្សែភាពយន្តដ៏រន្ធត់មួយនិយាយពីរឿងពិតរបស់កំលោះក្រមុំមួយគូនៅខេត្តព្រៃវែង។

មង្គលការនោះបានកើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដូច្នេះហើយរឿងនេះ ត្រូវបានផលិតករដាក់ចំណងជើងថា "Wedding 93” ឬ "អាពាហ៍ពិពាហ៍ឆ្នាំ ១៩៩៣"។ ដោយសារថាវាជាឈុតឆាកក្នុងខ្សែភាពយន្ត ប្រិយមិត្តជាច្រើនយល់ថា អ្វីដែលពួកគេឃើញ គឺជាការរៀបចំ ឬសម្ដែង។

ប៉ុន្តែតាមការអះអាងរបស់ផលិតករ អ្វីដែលប្រិយមិត្តបានឃើញទាំងអស់ក្នុងវីដេអូ Trailer គ្មានផ្នែកណាមួយត្រូវថតឡើងវិញទេ។ តាមទំព័រ "ពោតផ្ទុះ" ដែលធ្វើសកម្មភាពនានាពាក់ព័ន្ធភាពយន្ត បានឲ្យដឹងថា លោក Paul Zagaris បានធ្វើដំណើរមកដល់ប្ររទេសកម្ពុជាក្នុងឆ្នាំ ២០១៨ ដើម្បីទិញយកវីដេអូឃ្លីបស្ដីពីហេតុការណ៍កើតឡើងលើមង្គលការរបស់កំលោះក្រមុំនៅខេត្តព្រៃវែង១គូដែលកូនកំលោះឈ្មោះ "បុល" និងកូនក្រមុំឈ្មោះ "រ៉ា"។

កាលណោះ អំឡុងពេលសំពះផ្ទះ កូនក្រមុំស្រាប់តែមានអាការប្លែកៗ ដែលគេហៅថាជាការចូលសណ្ឋិតនៃវិញ្ញាណអាក្រក់។ ពេលនោះ ស្រី រ៉ា បានធ្វើសកម្មភាពរញ៉េរញ៉ៃពេញរោងការ បន្តិចក្រោយនាងស្រាប់តែរត់ទៅឡើងដើមឈើ ហើយឈរសម្លឹងមកអ្នកខាងក្នុងក្នុងក្រសែភ្នែកគួរឲ្យខ្លាច និងព្រឺព្រួច។

នេះបើតាមអ្វីដែលគេឃើញក្នុងវីដេអូ Trailer។ ងាកមក Paul ក្រោយទិញបានវីដេអូឃ្លីបកម្រហើយលោកបានយកទៅធ្វើការកាត់តដោយបានចំណាយពេលដល់ទៅ ២ឆ្នាំឯណោះ ដើម្បីឲ្យក្លាយទៅជាភាពយន្តពេញលេញមួយដែលមានរយៈពេល ១ម៉ោង និង១០នាទី ហើយ វីដេអូ Trailerនោះ លោកទើបនឹងបញ្ចេញថ្មីៗនេះ ដោយបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅអន្តរជាតិ និងជាពិសេសប្រិយមិត្តនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងខ្លឹមសារដែលបង្ហោះដោយទំព័រដដែលបានឲ្យដឹងថា តាមការអះអាងរបស់ Paul រឿងនេះនៅក្នុងវីដេអូដើមរបស់លោក មានសភាពភ័យរន្ធត់ជាងអ្វីដែលប្រិយមិត្តបានឃើញក្នុង Trailer ឆ្ងាយណាស់។

បញ្ហានេះ បានធ្វើឲ្យប្រិយមិត្តនៅកម្ពុជាកំពុងតែអន្ទះសារចង់ទស្សនាភាពយន្តស្រង់ពីសាច់រឿងពិតយ៉ាងកម្រនេះថែមទៀត។ យ៉ាងណា គេមិនទាន់ដឹងថា អ្វីដែលប្រិយមិត្តរង់ចាំ អាចចេញជាការពិតឆាប់ឬយ៉ាងណា។ Paul បានប្រាប់ថា លោកបានស្វែងឱកាសក្នុងការដាក់បញ្ចូលភាពយន្តរន្ធត់របស់លោកទៅក្នុងមហោស្រពជាង ១០០ប្រទេសហើយ។

បើតាមទំព័រ "វិភាគកុន" ក៏បានបញ្ជាក់ថា ក្នុងចំណោមជាង ១០០ប្រទេសនោះ Paul ក៏បានស្នើបញ្ចូលភាពយន្តរបស់លោកក្នុងមហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជា CIFF ផងដែរ។ប៉ុន្តែអ្វីៗ ស្ថិតក្នុងតំណាក់កាលចរចានៅឡើយ។

ដកស្រង់ពី៖ Sabay