បណ្តាញសង្គម

គួរ​ឲ្យ​សរសើរ ថ្ងៃ​ខួប​ខ្លួន​ឯង តារា​សម្ដែង យ៉ា សុផាន់ម៉ៃ នាំ អ្នក​គាំទ្រទៅ ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

តារាសម្ដែងវ័យក្មេង យ៉ា សុផាន់ម៉ៃ បានធ្វើរឿងអស្ចារ្យមួយក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដោយបានគៀគរក្រុមអ្នកគាំទ្ររបស់នាង បង្កើតមូលនិធិមួយឈ្មោះថា "មូលនិធិនៃក្ដីស្រឡាញ់ និងក្នុងស្មារតីជួយកុមារកម្ពុជា"។

សុផាន់ម៉ៃ បានបញ្ចេញរឿងនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង Ya Sophan Mai ។ តារាស្រីវ័យក្មេង បានថ្លែងឲ្យដឹងថា នាងរីករាយណាស់ ក្រោយបានធ្វើសកម្មភាពសប្បុរសធម៌មួយនេះ។ ដូច្នេះហើយ នាងសូមថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាងដែលចូលរួមជាមួយគម្រោងតូចមួយនេះឲ្យចេញជារូបរាងឡើង។

"នាងខ្ញុំ យ៉ា សុផាន់ម៉ៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ហ្វេនៗ និងបងប្អូនទាំងអស់ដែលបានរួមចិត្ត រួមកាយចែករំលែកដោយក្តីស្រឡាញ់ ក្នុងការបរិច្ចាកថវិការួមគ្នាដើម្បីមូលនិធិគន្ធបុប្ផា ។ សូមបងប្អូនរក្សាក្តីស្រឡាញ់ ការធ្វើអំពើល្អ និងបន្តរួមគ្នាជួយដល់កុមារកម្ពុជាយើង"។

តាមការបញ្ចេញឲ្យដឹង សុផាន់ម៉ៃ និងអ្នកគាំទ្ររបស់នាង បាននាំមូលនិធិទៅជួយមន្ទីរពេទ្យគន្ធបុប្ផាសរុបចំនួន ១៧ ១៧១ ៣០០រៀល។ ថវិកានេះ បានពីសាមីខ្លួន និងក្រុមអ្នកគាំទ្ររបស់នាងនៅក្នុង និងក្រៅប្រទេស។ សកម្មភាពនេះ តារាស្រីបានទទួលការកោតសរសើរជាច្រើនពីប្រិយមិត្តលើបណ្ដាញសង្គម ពិសេសក្រុមអ្នកគាំទ្ររបស់នាងផ្ទាល់។ "ពិតជាគួរអោយសរសើរទាំងអាយដល និងហ្វេនៗ ជាគំរូ និងមានទឹកចិត្តល្អ ក្នុងការចូលរួមការងារសង្គមដែលមិនធ្លាប់មាន"។ នេះជាការពោលរបស់ប្រិយមិត្តលើបណ្ដាញសង្គម បូករួមជាមួយសារលើកទឹកចិត្ត និងកោតសរសើរជាច្រើនទៀត។

កញ្ញា យ៉ា សុផាន់ម៉ៃគឺជាតារាសម្ដែងស្រីម្នាក់ដែលទទួលបានក្ដីស្រលាញ់ និងការគាំទ្រ យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ បន្ទាប់ពីសង្កេតឃើញមានការផុសក្នុងផេកផ្លូវការរបស់កញ្ញាផ្ទាល់ និងផេករបស់ហ្វេនៗ ឃើញថាមានហ្វេនៗ Surprise ខួបកំណើតជាបន្តបន្ទាប់ ដែលមានការដូរជាច្រើន មានទាំងទូរស័ព្ទ ចិញ្ជៀនពេជ្យ សម្ភារៈប្រើប្រាស់ និងរបស់ជាច្រើនទៀត ជាពិសេសនៅថ្ងៃខួបកំណើតរបស់ កញ្ញា យ៉ា សុផាន់ម៉ៃ។

រំភើបចិត្តនឹងទង្វើរបស់អ្នកគាំទ្រផ្ទាល់ កញ្ញា ក៏បានដឹកនាំពួកគេ ដើម្បីចូលរួមការងារសង្គម ហើយជាចុងក្រោយ កញ្ញា យ៉ា សុផាន់ម៉ៃ ក៏បានអំពាវនាវដល់ បងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅស្រុក ឲ្យចូលរួមក្នុងកិច្ចការងារសង្គម ក្នុងស្មារតីខ្មែរជួយខ្មែរ និងសូមអោយមន្ទីពេទ្យនៅតែមានដំណើរការបន្តជួយដល់ក្មេងៗដែលជាទំពាំងស្នងឬស្សុី ដើម្បីក្ដីសង្ឃឹមដល់អនាគតរបស់កម្ពុជា៕

ដកស្រង់ពី៖ Sabay