បណ្តាញសង្គម

Isuzu mu-x ​​សម្រាប់​គ្រួសារ​ធំ សម​​ស្ថានភាព​ផ្លូវ​កម្ពុជា

ខេត្តសាមុតប្រាកាន: ក្រុមហ៊ុន Isuzu Motors Company (Thailand) Limited Gatway Plan នៅសំរ៉ុងតៃ ខេត្តសាមុតប្រាកាន បានបង្ហាញសមត្ថភាព រថយន្តស៊េរីថ្មី Isuzu mu-x ម៉ូដែលថ្មី ២០១៥ ជាប្រភេទខ្នាតខ្ពស់ (SUV) កៅអី ៧ ដែលផលិតឡើង សម្រាប់គ្រួសារធំ ក្នុងការបើកបរ ធ្វើដំណើរទៅ បណ្តាខេត្តនានា ដែលមានស្ថានភាព ផ្លូវលំបាក។

យោងតាម អ្នកជំនាញរបស់ ក្រុមហ៊ុនប្រចាំ នៅប្រទេសថៃ រថយន្ត mu-x ផ្ដល់ភាពងាយស្រួល ដល់អ្នកបើកបរ នៅប្រទេសកម្ពុជា បំផុតត្រង់ថាវាធន់ នឹងស្ថានភាព ផ្លូវជង្ហុកធំៗ រលាក់ខ្លាំង ផ្លូវសម្បូរក្រួស ឬដុំថ្មធំ។ ការធ្វើតេស្ត បើកបរបានស្ដែង ឲ្យឃើញនូវសមត្ថភាព ទប់លំនឹងបានល្អ មិនធ្វើឲ្យអ្នក ដំណើររង្គើខ្លួន ឬក៏ញ័រក្បាលខ្លាំង។ ម្យ៉ាងទៀតវា ជួយទប់លំនឹង និងកុំឲ្យអ្នកដំណើរ រងសំឡេងរំខាន ពីការញ័រគ្រឿងរថយន្តខ្លាំង។

ប្រព័ន្ធ Aero Dynamic កាត់បន្ថយសំឡេង ចូលកាប៊ីន និងនៅខាងក្រោម បាតម៉ាស៊ីនមាន ខែលដែកសម្រាប់ ការពារពីការ ប៉ះទង្គិចធ្ងន់។ នៅក្រោមគម្របមុខ គឺបំពាក់ដោយ ម៉ាស៊ីនម៉ាស៊ូត ២,៥ លីត្រ ដោយប្រើប្រព័ន្ធ VGS Turbo Intercooler Common Rail ធ្វើឲ្យវាមានកម្លាំងខ្លាំង និងជួយសន្សំសំចៃ ខ្ពស់ជាមួយនឹង ការចំណាយតិចសម្រាប់ ដំណើរផ្លូវឆ្ងាយ។ ម្យ៉ាងទៀត អ្នកបើកបរមាន ភាពងាយស្រួល នៅពេលដែលបើកបរលើ ផ្លូវឆ្ងាយដោយ រថយន្ត mu-x មានបំពាក់នូវ ប្រព័ន្ធប្តូរលេខ កាពីតាស់ងាយស្រួល បំផុត Shift on-the-fly និងប្រព័ន្ធកំណត់ ល្បឿនរថយន្ត Cruise Control ព្រមទាំងអេក្រង់ MID ដែលបង្ហាញពីកម្រិតស៊ីប្រេងរបស់ រថយន្តធ្វើឲ្យអ្នក បើកបរដឹងពីវេលា ត្រូវប្តូរប្រេង ម៉ាស៊ីនបាន ៥០០ គីឡូម៉ែត្រមុន ដល់ពេលកំណត់។

ចំពោះសុវត្ថិភាពអ្នក បើកបរលើដងផ្លូវ វែងឆ្ងាយជាមួយនឹង រថយន្តប្រភេទនេះ គឺវាមានគុណ សម្បត្តិត្រង់ថា ជើងក្រោមបំពាក់ នូវប្រព័ន្ធរក្សា លំនឹងខ្លាំងប្រព័ន្ធ ហ្វ្រាំង ABS, EBD និងប្រព័ន្ធជំនួយហ្វ្រាំង Brake Assist ដែលជាប្រព័ន្ធ ការពារនូវការទួងកង់ អាចការពាររថយន្ត មិនឲ្យរអិលធ្លាក់ផ្លូវ។ រថយន្ត Isuzu mu-x ក៏មានប្រព័ន្ធឲ្យ សញ្ញាពេលរថយន្ត ថយក្រោយ Rear Sensor និងមានពោងសុវត្ថិភាពចំនួន ២ ជួយការពារបន្ថែមផងដែរ។

ក្រៅពីលក្ខណសម្បត្តិ សមស្របនឹងស្ថានភាពផ្លូវ ប្រទេសកំពុងអភិវឌ្ឍន៍ ដែលសម្បូរជង្ហុក ផ្លូវលំមិនសូវ រលូននោះខណៈ ពេលធ្វើដំណើរក្នុង ស្ថានភាពផ្លូវលំបាក រថយន្ត Isuzu mu-x ក៏បានរចនាផ្ទៃ ខាងក្នុងដោយបំពាក់នូវបច្ចេកវិទ្យា កម្សាន្តនានាដូចជា ប្រព័ន្ធគ្រប់គ្រង សំឡេងនិងប្រព័ន្ធប្លូធូស លើដៃចង្កូត។ កៅអីរថយន្តស្រោប ដោយស្បែកពូកលឿង និងអាចចុច កំណត់ទីតាំង ៦ បែបដែលផ្តល់ ភាពងាយស្រួលបំផុត។

ម៉ាស៊ីនត្រជាក់អូតូ អាចកំណត់កម្រិត សីតុណ្ហភាពតាម ការចូលចិត្ត។ លើសពីនេះទៅទៀត មានបំពាក់ដោយ ភ្លើងបំភ្លឺមុខប្រភេទ Projector ភ្លឺច្បាស់ល្អមិនចាំង ភ្នែកអ្នកបើកបរ ក្នុងទិសដៅបញ្ច្រាសគ្នា។ តាមការឲ្យដឹងពីក្រុមហ៊ុនរថយន្ត Isuzu mu-x ឆ្នាំ ២០១៥ មានវត្តមានលក់នៅ ប្រទេសកម្ពុជាហើយ ដោយក្រុមហ៊ុនខេ (ខេមបូឌា) ក្នុងតម្លៃប្រមាណជាង ៥ ម៉ឺនដុល្លារ៕

ដកស្រង់ពី៖ ភ្នំពេញប៉ុស្ដិ៍