បណ្តាញសង្គម

សិល្បករជើងចាស់ផ្នែកល្ខោនបាសាក់លោកតា ការ៉េ ទទួល​មរណភាពហើយក្នុងជន្មាយុ៦៧​ឆ្នាំ​

ទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសមង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលខ្លាំងក្រោយទទួលដំណឹងថាសិល្បករជើងចាស់ផ្នែកល្ខោនបាសាក់ស្ថិតក្នុងក្រុម ភី សុគន្ធី គឺលោក អៀង នៅ ហៅតា ការ៉េ បានទទួលមរណ:ភាពហើយ។

បើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ផន សុផារី អតីតតារាកំប្លែងនិងល្ខោនបាសាក់បានសរសេរបង្ហោះភ្ជាប់រូបភាពនិងដំណឹងដ៏សោកសៅនេះថា «បងប្អូនដែលនិយមចូលចិត្តទស្សនាល្ខោនបាសាក់ ភី សុគន្ធី ណាខ្លះស្គាល់លោកតា ការ៉េ?ពេលនេះលោកតាបានទទួលមរណភាពហើយ» ។

អ្នកនាងបានបន្ថែមថា សែនស្តាយទេពកោសល្យរបស់លោកតា ការ៉េ សូមអោយវិញ្ញាណក្ខន្ធរបស់លោកតាបានទៅកាន់សុកតិភពផងចុះ។ ទោះបីមានការលើកឡើងបែបនេះក្តី តែអ្នកនាង ផន សុផារី មិនបានបញ្ជាក់ពីមូលហេតុនៃការបាត់បង់ជីវិតរបស់តា ការ៉េ នោះទេ។ ដោយឡែកបើតាមប្រភពពីស្ត្រីដែលត្រូវជាកូនបង្កើតរបស់លោកតា ការ៉េ បានបញ្ជាក់ប្រាប់ថា ឪពុករបស់ខ្លួនបានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ ដោយសារជំងឺពុកឆ្អឹង មានរយ:ពេលជាង៤ឆ្នាំហើយខណ:កន្លងមកលោកត្រូវលេបថ្នាំជាប្រចាំ ពោលគឺចាប់តាំងពីឈប់ពីល្ខោនបាសាក់ក្រុម ភី សុគន្ធី មកកន្លងមក។

តាមរយ:ដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះដែរ គេឃើញមានអ្នកសិល្ប:រួមទាំងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បានសម្ដែងនូវក្ដីរំលែកទុក្ខចំពោះក្រុមគ្រួសារតារាកំប្លែងរូបនេះដែលបានបាត់បង់លោកតា ការ៉េ ដោយគ្មានថ្ងៃនឹងត្រឡប់ផងដែរ៕




ដកស្រង់ពី៖កម្ពុជាថ្មី