បណ្តាញសង្គម

ភ្ញាក់ដូចជះទឹកកណ្ដាលមុខ! Park Shin Hye និង​ Choi Tae Joon នឹង​រៀបការ ហើយត្រៀមធ្វើជាប៉ាម៉ាក់គេឆាប់ៗ

នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ តារាសម្ដែង Park Shin Hye បានប្រកាសជាសាធារណៈតាម Fan Cafe ផ្លូវការរបស់ខ្លួនពីដំណឹងមង្គលមួយ។ «សួស្ដី! នេះគឺ Park Shin Hye! អាកាសធាតុពិតជាស្រស់ស្រាយណាស់ប៉ុន្មានថ្ងៃនេះ។

ខ្ញុំចង់ដឹងណាស់ថា តើអ្នកបានថែខ្លួនល្អហើយឬអត់? មួយរយៈមុន ខ្ញុំបានរកឃើញកុងត្រាដែលខ្ញុំបានស៊ីញ៉េជាមួយនឹងក្រុមហ៊ុនដំបូងរបស់ខ្ញុំកាលពី ២០ឆ្នាំមុន។ កាលណោះខ្ញុំទើបរៀនថ្នាក់ទី ៦ ហើយពេលចូលដល់ឆ្នាំទី២ ពេលរៀនឆ្នាំទី ២ ថ្នាក់មធ្យមសិក្សា ខ្ញុំក៏បានចាប់អាជីពជាតារាសម្ដែង។ រយៈពេល ១៨ឆ្នាំបានកន្លងផុតទៅហើយ ពេលវេលាដើរលឿនណាស់។ មានមនុស្សច្រើនណាស់ ដែលខ្ញុំបានជួបក្នុងយុវភាពរបស់ខ្ញុំ ហើយក៏អរគុណសម្រាប់ក្ដីស្រឡាញ់ និងការលើកទឹកចិត្តកន្លងមកដែរ ខ្ញុំបានក្លាយជាតារាសម្ដែងដែលបង្ហាញអ្នកគ្រប់គ្នានូវភាពជាខ្្ូំ តាមរយៈការងារជាច្រើនកន្លងមក។

មានពេលរាប់មិនអស់ទេ ដែលខ្ញុំសប្បាយចិត្តពេលនៅមុខកាមេរ៉ា ប៉ុន្តែពេលដែលខ្ញុំជួបប្រទះនូវទុក្ខលំបាក អ្នកគាំទ្រទាំងអស់គឺជាអ្នកដែលផ្ដល់នូវកម្លាំង និងការលើកទឹកចិត្តដល់ខ្ញុំ។ ត្រឹមពាក្យមួយម៉ាត់ ឬពីរម៉ាត់ ពីអ្នកទាំងអស់គ្នា ប្រាប់ខ្ញុំឲ្យរឹងមាំ វាពិតជាគ្រប់គ្រាន់ពេកទៅហើយដើម្បីជម្រុញចិត្តខ្ញុំឲ្យងើបឈរឡើងវិញ។

ទាំងអស់នេះអាចជាហេតុផល ហេតុអ្វីខ្ញុំមានអារម្មណ៍ថាភ័យ ដែលត្រូវជូនដំណឹងមួយទៅកាន់អ្នកគ្រប់គ្នានៅថ្ងៃនេះ ហើយខ្ញុំក៏បារម្ភខ្លាចអ្នកនឹងភ្ញាក់ផ្អើលខ្លាំង។ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកក្លាយជាអ្នកដែលបានជ្រាបនូវដំណឹងនេះមុនគេ។

ខ្ញុំជិតរៀបការហើយ ជាមួយនឹងមនុស្សដែលខ្ញុំបានស្រឡាញ់។ គាត់គឹជាអ្នកដែលគាំទ្រខ្ញុំមកយូរមកហើយ និងក៏ជាអ្នកដែលឱបក្រសោប Park Shin Hye ជាមួយនឹងភាពចំណុចខ្វះខាតរបស់នាងទាំងអស់ ដូច្នេះហើយខ្ញុំគ្រោងនឹងចាប់ផ្ដើមជីវិតគូជាមួយម្នាក់នោះ ដោយអាពាហ៍ពិពាហ៍។ លើសពីនេះទៅទៀត ទោះបីជាខ្ញុំស្ទាក់ស្ទើរក្នុងការពិភាក្សារឿងនេះ ព្រោះវាត្រឹមនៅជាជំហានដំបូងប៉ុណ្ណោះ ស្របពេលយើងទើបចាប់ផ្ដើមរៀបចំពិធីមង្គលការនេះ ប៉ុន្តែរបស់មានតម្លៃមួយក៏បានមករកពួកយើង។

ខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាខ្លាំងណាស់។ ខ្ញុំសន្យានឹងបង្ហាញរឿងល្អៗទៅកាន់អ្នកទាំងអស់គ្នា ទោះបីខ្ញុំមានគ្រួសារហើយក៏ដោយ។ ចុងបញ្ចប់ ខ្ញុំចង់អរគុណគ្រប់គ្នាសម្រាប់ក្ដីស្រឡាញ់ និងការគាំទ្រកន្លងមក ទោះបីខ្ញុំនៅមានចំណុចខ្វះខាតក៏ដោយ។ ប្រហែលជាត្រូវចំណាយពេលមួយរយៈ ប៉ុន្តែខ្ញុំនឹងពង្រឹងសមត្ថភាពខ្ញុំ ដើម្បីវិលមកវិញ ក្នុងនាមជាតារាសម្ដែងជាថ្មីនាពេលខាងមុខឆាប់ៗតាមដែលអាច ធ្វើបាន និងមិនឲ្យអ្នករង់ចាំយូរទេ។

រហូតពេលនោះមកដល់ សូមអ្នកទាំងអស់គ្នា រក្សាសុខភាពឲ្យបានល្អ ហើយខ្ញុំនឹងលាអ្នកគ្រប់គ្នានៅពេលនេះសិនហើយ»។ គួរដឹងដែរថា *Park Shin Hye បានសារភាពថានាង និងតារារួមអាជីព Choi Tae Joon បានទាក់ទងស្រឡាញ់គ្នាកាលពីឆ្នាំ ២០១៧ ម្ល៉េះ។ ពេលនេះផ្អែកលើការឲ្យដឹងពីផលិតកម្ម Salt Entertainment របស់នាង បានបញ្ជាក់ថា Shin Hye និង Tae Joon គ្រោងនឹងរៀបការនឹងគ្នានៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២៕

ដកស្រង់ពី៖Sabay