បណ្តាញសង្គម

ឡានចិនថ្មី​របស់ GAC ម៉ាស៊ីនខ្លាំង​ និងសាកភ្លើងពេញ​ម្តង​ បើកបានឆ្ងាយបំផុត ១០០០គ.ម

ក្រុមហ៊ុនចិន GAC បានបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែលLX Plus ក្រោមឈ្មោះ Aion ក្នុងពិព័រណ៌រថយន្ត Guangzhou Auto Show 2021 កាលពីសប្តាហ៍មុន ដែលរថយន្តនេះមានអាគុយធំផ្ទុកភ្លើងបានច្រើនសម្រាប់ការធ្វើដំណើរបានឆ្ងាយ និងមានម៉ាស៊ីនធំទៀតផង។

GAC អះអាងថា បន្ទាប់ពីបើកសាកល្បងនូវរថយន្ត Aion LX Plus រួចមកឃើញថា រថយន្តនេះអាចធ្វើដំណើរបានឆ្ងាយបំផុតរហូតដល់ទៅ ១០០៨គីឡូម៉ែត្រក្នុងពេលសាកភ្លើងពេញតែម្តង ដែលត្រូវអរគុណដល់អាគុយដ៏ធំរបស់វាដែលអាចផ្ទុកភ្លើងបាន ១៤៤គីឡូវ៉ាត់ម៉ោង។

អាគុយដែលផ្ទុកភ្លើងបានច្រើនបែបនេះ គឺដោយសារវាត្រូវបានបំពាក់បច្ចេកវិទ្យា Sponge silicon negative របស់ GAC ផ្ទាល់តែម្តង។រថយន្តនេះ មានម៉ូទ័រអគ្គិសនី២ បង្កើតបានកម្លាំង ៧២៥សេះ ដោយជាន់ស្ទុះខ្លាំង ពោលគឺជាន់ពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេលតែ ២,៩វិនាទីប៉ុណ្ណោះ។

វាក៏មាន option ប្រើម៉ូទ័រអគ្គិសនី១ផងដែរ ដោយបង្កើតបានកម្លាំង ៣២២សេះ និងអាចបើកក្នុងល្បឿនអតិបរមាដល់ ១៧០គីឡូម៉ែត្រ ជាមួយនឹងកម្រិតប្រើប្រាស់ថាមពល ១៥គីឡូវ៉ាត់ម៉ោង ក្នុង១០០គីឡូម៉ែត្រ។

ចំពោះការឌីហ្សាញវិញ រថយន្ត Aion LX Plus គឺមានរូបរាងស្រដៀងនឹងស៊េរីចាស់ LX ដែរ ដោយមានប្រវែង ៤៨៣៥មម ទទឹង ១៩៣៥មម និងកម្ពស់ ១៦៨៥មម។ វាបំពាក់ចង្កៀង LED ហើយប៉ាណាត្រូវបានដាក់នៅខាងក្រោមជាប់កាង ដោយមានរាងជាទឹកជ្រោះធ្លាក់ត្រង់។

ដៃទ្វារ ត្រូវបានធ្វើឡើងជារបៀប pop-up ពោលគឺវានឹងលៀនចេញមកពេលត្រូវកាន់បើកទ្វាររថយន្ត។ ចង្កៀងស្តុបក្រោយ មានរាងជាបន្ទាត់ផ្តេកកាត់ពាក់កណ្តាលរថយន្តដែលជាប្រភេទ LED និងពិលកាងក្រោយត្រូវបានរចនាដ៏គួរឱ្យទាក់ទាញ។

ផ្នែកកាប៊ីនរថយន្ត គឺដៃចង្កូតមានប៊ូតុងសម្រាប់ចុចបញ្ជា បំពាក់កុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត touchscreen ទំហំ ១៥,៦អ៉ីញ ដែលបំពាក់ឈីប 8-core Qualcomm 8155 និងមាន Software ថ្មីហៅថា AdiGO 4.0។

វាត្រូវបានដាក់ដំបូល Sunroof ប្រភេទប៉ាណូរ៉ាមិក និង Speaker ១០គ្រាប់ ពី Alpine និងពូកស្បែក Nappa ពណ៌ស។ ក្រុមហ៊ុនចិន GAC មិនបានទម្លាយតម្លៃរបស់រថយន្តនេះទេ ប៉ុន្តែគេរំពឹងថានឹងថ្លៃជាងម៉ូដែល LX ដែលមានតម្លៃចាប់ពី ៣៦ ០០០ដុល្លារ៕

ដកស្រង់ពី៖Sabay