បណ្តាញសង្គម

តារាសម្ដែង គង់ ប៊ុនសុន សម្រក់ទឹកភ្នែក ហើយពោលថា"ក្ដីប្រាថ្នាក្នុងជីវិតចុងក្រោយខ្ញុំ​ ប្រហែលមិនបានសម្រេចទេ”

តារាសម្ដែងស្រីវ័យជរា គង់ ប៊ុនសុន គឺជាសិល្បការិនីម្នាក់ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀតដែលកំពុងក្រាញននៀលក្នុងជីវិតទីទ័លក្រ និងមានជំងឺប្រចាំកាយ។

ប៉ុន្ដែអ្វីដែលអភ័ព្វជាងគេនោះ គឺពុំមានកូនចៅដែលមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើរត្រាក់ៗរាល់ថ្ងៃដើម្បីលក់នំតាមផ្លូវ។ អ្នកស្រី គង់ ប៊ុនសុន បានប្រាប់Sabay នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិការ ថា រយៈពេលជិត១០ឆ្នាំហើយ ដែលអ្នកស្រីរស់នៅតែលតោលតែម្នាក់ក្រោយលែងលះស្វាមីនៅខេត្ដបាត់ដំបង។

សព្វថ្ងៃអ្នកស្រី កំពុងរស់នៅបន្ទប់ជួលតម្លៃជាង៦០ដុល្លារ ហើយបើគិតទាំងថ្លៃទឹក និងភ្លើង គឺអស់ប្រហែល១០០ដុល្លារក្នុង១ខែៗ។ ដូច្នេះ ថ្លៃផ្ទះ ថ្នាំព្យាបាលជំងឺ និងហូបចុកប្រចាំថ្ងៃ គឺជាបន្ទុកធ្ងន់ណាស់សម្រាប់អ្នកស្រីដែលមានមុខលក់នំចេកឆាប និងនំស្រួយតាមចិញ្ចើមផ្លូវបែបនេះ។

អ្នកស្រី គង់ ប៊ុនសុន៖”លក់១ថ្ងៃ តាំងពីព្រលឹមរហូតយប់បានចំណេញ១ម៉ឺន ហើយថ្ងៃខ្លះបាន២ម៉ឺន(រៀល)។ ខ្ញុំចង់បានដីសង់កូនខ្ទមមួយរស់នៅជនបទដែលជាកម្មសិទ្ធខ្លួនឯងក្នុងជីវិតចុងក្រោយ តែខ្ញុំមិនសង្ឃឹមទេ ព្រោះរកបង្គ្រប់តែមួយៗមិនបានផង"។

កន្លងទៅសប្បុរសជន និងអ្នកសិល្បៈជំនាន់ក្រោយមួយចំនួន បានឧបត្ថម្ភនូវទឹកប្រាក់ ព្រមទាំងគ្រឿងបរិភោគមួយចំនួន ប៉ុន្ដែជំនួយទាំងនោះគ្រាន់បានដោះស្រាយមួយគ្រាៗប៉ុណ្ណោះ។ តារាសម្ដែងលោក សាយ សៀរ៉ា ដែលតែងតែផ្ដល់ជំនួយដល់អ្នកស្រី គង់ ប៊ុនសុន ធ្លាប់ប្រកាសថា បើសប្បុរសជនចង់ជួយអ្នកគ្រូ អាចទាក់ទងតាមរយៈលេខទូរស័ព្ទគាត់ផ្ទាល់ គឺ០៩៨ ៤៤៤៨៥៨។ អ្នកស្រី គង់ ប៊ុនសុន បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ២០១២។

កាលពីកម្ពុជា មិនទាន់រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ អ្នកស្រី អាចចេញសម្ដែងញឹកញយដែរ ដោយ១ថ្ងៃម្ចាស់ក្រុមហ៊ុន ឬផលិតកម្មគិតឲ្យចន្លោះពី១៥ ទៅ៤០ដុល្លារ។ សព្វថ្ងៃវ័យកាន់តែជរា ហើយមានជំងឺស្ដ្រីប្រចាំកាយទៀត គឺទីផ្សារសិល្បៈលែងមានតែម្ដងដែលធ្វើឲ្យអ្នកស្រីកាន់តែយ៉ាប់៕

ដកស្រង់ពី៖Sabay