បណ្តាញសង្គម

អាល់ប៊ុមថ្មីរបស់ Adele ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ត្រឹមតែ ៣ថ្ងៃ

បន្ទាប់ពីរង់ចាំអាល់ប៊ុមថ្មីអស់រយៈពេលជាង ៦ ឆ្នាំ ពេលនេះហ្វេនរបស់ Adele បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជាវអាល់ប៊ុម “Adele’s 30” ដែលនាំឱ្យវាក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ២០២១នេះ។

អាល់ប៊ុមនេះបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ហើយក្នុងពេលត្រឹមតែ ៥ថ្ងៃ បន្ទាប់ពីការផ្សព្វផ្សាយពិសេសរយៈពេលពីរម៉ោងនៅលើកញ្ចក់ទូរទស្សន៍ CBS ក្រោមប្រធានបទ Adele One Night Only អាល់ប៊ុមថ្មីមានអ្នកទស្សនាជាង ១០លាននាក់ឯណោះ។

របាយការណ៍ចុងក្រោយពី Billboard បង្ហាញថា អាល់ប៊ុម “Adele’s 30” បានលក់ដាច់ជាង ៥ម៉ឺនកូពី ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ដែលវាបានវ៉ាដាច់អាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ Evermore របស់តារាចម្រៀង Taylor Swift ដែលលក់បានចំនួន ៤៦៩០០០កូពី។

អាល់ប៊ុម “Adele’s 30” នឹងបញ្ចប់ការផ្សព្វផ្សាយនៅសប្តាហ៍នេះ ហើយវានឹងក្លាយជាអាល់ប៊ុមលំដាប់ទី១ នៅលើតារាង Billboard និងអាចរុញច្រានឱ្យតារាស្រីវ័យ ៣៣ឆ្នាំរូបនេះ ក្លាយជាតារាចម្រៀងពេញនិយមជាងគេផងដែរ អំឡុងចុងឆ្នាំ ២០២១។

គួររំលឹកថា កាលពីឆ្នាំ ២០១១ កន្លងទៅ អាល់ប៊ុម 21 របស់នាងបានចំណាយពេលរហូត ២៤សប្តាហ៍ ទើបអាចឈរនៅលើតារាងអាល់ប៊ុមពេញនិយមបំផុត ខណៈអាល់ប៊ុម 25 កំលុងឆ្នាំ ២០១៥ បានចំណាយពេល ១០សប្តាហ៍ ទើបអាចឈរនៅលើលំដាប់កំពូលចម្រៀងពេញនិយមទាំង ២០០ នៅលើតារាង Billboard។ យ៉ាងណាមិញ អាល់ប៊ុម “Adele’s 30” ចំណាយពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ វាអាចឈរលើកំពូលតារាងបាត់ទៅហើយ៕

ដកស្រង់ពី៖កម្ពុជាថ្មី