បណ្តាញសង្គម

ករណីសង្ស័យរឿង Tesla ទាមទារឱ្យអ្នកប្រើ​កម្មវិធី​សាក Full Self Driving ត្រូវផ្ដល់រូបភាពនិងវីដេអូ

ក្រុមហ៊ុន Tesla បានផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការប្រើប្រាស់កម្មវិធី 'Full Self Driving-FSD' ដោយទាមទារឱ្យអ្នកប្រើប្រាស់កម្មវិធីសាកល្បង ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូ ទាំងក្នុងនិងក្រៅរថយន្ត ករណីរថយន្តមានបញ្ហាសុវត្ថិភាព ឬជួបគ្រោះថ្នាក់ចរាចរណ៍។

អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបើកបរ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក មានការព្រួយបារម្ភនិងសង្ស័យចំពោះការប្រើឈ្មោះកម្មវិធី FSD ខាងលើរបស់ក្រុមហ៊ុន។

ការដាក់ឈ្មោះកម្មវិធីដែលអាចបើកដោយស្វ័យប្រវត្តិថា 'Full Self Driving' គឺធ្វើឱ្យអ្នកបើកបរភាគច្រើនមានការភាន់ច្រឡំថា កម្មវិធីនេះអាចបើករថយន្តដោយស្វ័យប្រវត្តិទាំងស្រុង ប៉ុន្តែការពិតស្វ័យភាពរបស់កម្មវិធីគឺនៅមានកំណត់នៅឡើយ។

វាមានប្រសិទ្ធភាពតែក្នុងកាលៈទេសៈខ្លះប៉ុណ្ណោះ។ បច្ចុប្បន្នប្រព័ន្ធ FSD របស់ក្រុមហ៊ុន Tesla ត្រូវបានចាត់ទុកថាជាប្រព័ន្ធកម្រិតទី ២ ដូច្នេះវានៅសល់ពីរកម្រិតទៀត (កម្រិតទី៤) ដើម្បីចាត់ទុកថាជាកម្មវិធី "បើកបរដោយស្វ័យប្រវត្តិ" ពិតប្រាកដបាន។

កម្មវិធី 'Full Self Driving' ជំនាន់ ១០.៣ និង ១០.៥ ទើបដាក់ឱ្យប្រើប្រាស់សាកល្បងលក្ខណៈទ្រង់ទ្រាយធំ ដោយ ក្រុមហ៊ុនក៏អាចប្រើលេខសំគាល់រថយន្ត VIN number ដើម្បីកំណត់អត្តសញ្ញាណរថយន្តជាមួយ រូបភាពវីដេអូ ប៉ុន្តែស្រាប់តែកាត់បន្ថយចំនួនអ្នកប្រើប្រាស់សាកល្បងយ៉ាងប្រញាប់ បន្ទាប់ពីរកឃើញចន្លោះប្រហោងធំៗមួយចំនួនមានដូចជា៖ ការផ្ដល់សារព្រមានមិនត្រឹមត្រូវដែលថា រថយន្តនឹងមានការប៉ះទង្គិចផ្នែកខាងមុខ និងចាប់ហ្វ្រាំងរថយន្តដោយស្វ័យប្រវត្តិដោយមិនមានការចាំបាច់៕

ដកស្រង់ពី៖sabay