បណ្តាញសង្គម

Power Bank នេះ​សាកថ្ម​ទូរសព្ទបាន​លឿនបំផុត​ ពី ០ ទៅ ១០០% មិនដល់កន្លះម៉ោងទេ តម្លៃជិត ៦០ដុល្លារ

ក្រុមហ៊ុន Elecjet បានអះអាងថា Power Bank ថ្មីរបស់ខ្លួនម៉ូដែល Apollo Ultra គឺជា Power Bank ដែលអាចសាកថ្មទូរសព្ទបានលឿនបំផុតក្នុងពិភពលោក។Power Bank នេះមានថាមពល 10 000mAh អាចសាកបញ្ចូលថ្មទូរសព្ទពី ០ ទៅពេញ ១០០% ប្រើពេលត្រឹមតែ ២៧នាទីប៉ុណ្ណោះ ពោលគឺលឿនជាង ៥ ទៅ ៦ដងនៃ Power Bank ផ្សេងទៀត ដែលមានថាមពលដូចគ្នា។

ល្បឿនលឿននៃការសាកថ្មទូរសព្ទបែបនេះ គឺដោយសារតែ Power Bank Apollo Ultra ប្រើប្រភេទថ្ម lithium-polymer ជាមួយនឹងបច្ចេកវិទ្យា Real Graphene។ Power Bank នេះមានរន្ធ២ សម្រាប់ប្រើជាមួយខ្សែ USB-A និង USB-C PD 3.0។

ចំពោះឆ្នាំងសាកដែលប្រើសម្រាប់បញ្ចូលថាមពល Power Bank នេះ ឱ្យបានលឿន គឺត្រូវប្រើជាមួយឆ្នាំងសាក 100W។ក្រៅតែពីការសាកថ្មលឿន ក្រុមហ៊ុន Elecjet បន្ថែមទៀតថា Power Bank Apollo Ultra មានអាយុកាល ឬវដ្តសាកជាង ២៥០០ដងឯណោះ មុនពេលសុខភាពថ្មរបស់វាធ្លាក់ក្រោម ៨០% ដែលវាយូរជាង Power Bank ដែលប្រើថ្មប្រភេទ lithium-ion ប្រហែល ៤ ទៅ ៥ដង។

Power Bank នេះ មានប្រវែង ១៣០មម ទទឹង ៦៨មម កម្រាស់ ១៧មម និងមានទម្ងន់ ២៥៦ក្រាម។ វាត្រូវបានដាក់លក់តាំងពីថ្ងៃទី១៤វិច្ឆិកា ដោយមានតម្លៃប្រមាណ ៥៩ដុល្លារ៕

ដកស្រង់ពី៖sabay