បណ្តាញសង្គម

ចាំ​ទេ​! តួអង្គ «​អង្គ​លី​មា​ល៍​» នួន សុផល បាត់​មុខ​ជិត​២០​ឆ្នាំ សន្សំ​ចិត្ត​ចង់​វិល​មក​ជា​ថ្មី

ទស្សនិកជនដែលនិយមទស្សនាភាពយន្តខ្មែរប្រហែលជានៅមិនទាន់ភ្លេចនៅឡើយទេ នូវតួអង្គក្នុងរឿង «អង្គលីមាល៍» លោក នួន សុផល ដែលបានចាប់ឈោងភាពល្បីល្បាញក្នុងពិភពខ្សែភាពយន្តខ្មែរកាលពីអំឡុងឆ្នាំ២០០៤ ខណៈពេលដែលអតីតតារាសម្តែងរូបនេះ បានសន្សំចិត្តចង់វិលមកការសម្តែងនៅក្នុងស្រុកខ្មែរជាថ្មីឡើងវិញ។

ក្នុងវ័យប្រមាណជា៤០ឆ្នាំ លោក នួន សុផល កំពុងសាងជីវភាពថ្មីនៅក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលរហូតមកទល់ពេលនេះ លោកបានទទួលចំណងដៃកូនស្រីម្នាក់ ក្នុងពេលដែលចំណងអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធរបស់លោកបានបែកបាក់គ្នាទៅហើយ។

លោក នួន សុផល បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទពីទឹកដីអាមេរិកថា លោកបានបញ្ចប់អាជីពសិល្បៈនៅក្នុងស្រុកខ្មែរនៅអំឡុងឆ្នាំ២០០៤ ហើយក៏បានធ្វើដំណើរមករស់នៅអាមេរិក ដើម្បីកសាងជីវភាពថ្មីនៅលើទឹកដីនេះអស់រយៈពេលប្រមាណជិត២០ឆ្នាំមកហើយ។ លោកបញ្ជាក់ថា បើទោះបីបញ្ចប់អាជីពសិល្បៈនៅស្រុកខ្មែរក៏ដោយ ប៉ុន្តែកន្លងមក នៅលើទឹកដីអាមេរិកលោកក៏មិនបានចេញទៅណាឆ្ងាយពីការងារសិល្បៈនោះឡើយ ពោលគឺលោកបានចេញសម្តែង និងច្រៀងកំសាន្តឲ្យបងប្អូនខ្មែរនៅទីនោះស្ទើរតែគ្រប់រដ្ឋផងដែរ។

លោកថា ដោយសារបងប្អូនខ្មែរនៅទីនោះបានស្គាល់លោកច្បាស់តាមរយៈតួអង្គនាយដាំ ទើបលោកមានឱកាសបានចេញសម្តែងអោយពួកគាត់កំសាន្ត ប៉ុន្តែដោយសារលោកជាតារាសម្តែងហេតុនេះលោកក៏មិនជាលេចធ្លោខ្លាំងដូចតារាចម្រៀងអាជីពដែលគេល្បីៗនោះដែរ។ យ៉ាងណាបើតាមលោក នួន សុផល ថា ក្នុងពេលដែលលោកបានរស់នៅសហរដ្ឋអាមេរិកជិត២០ឆ្នាំមកហើយក្តី ប៉ុន្តែសម្រាប់ចិត្តរបស់លោក គឺនៅតែមានការនឹករលឹកប្រទេសកំណើត និងបងប្អូនទស្សនិកជនខ្មែរទាំងអស់ស្ទើររៀងរាល់ពេលវេលា ហើយលោកក៏សង្ឃឹមថា ក្នុងពេលណាមួយលោកនឹងមានឱកាសទៅលេងស្រុកខ្មែរជាថ្មីម្តងទៀត។

លោកបញ្ជាក់ថា ក្នុងនាមជាអតីតតារាសម្តែង និងស្រឡាញ់សិល្បៈម្នាក់លោកនៅតែសន្សំចិត្តចង់វិលទៅកាន់ស្រុកកំណើត ហើយនឹងចូលរួមសម្តែងជាថ្មី ដោយរួមជាមួយតារាជើងចាស់ផ្សេងទៀត ក្នុងគោលបំណងផ្តល់បទពិសោធន៍ដែលធ្លាប់មានសម្រាប់ប្អូនៗសិល្បករជំនាន់ក្រោយ។

យ៉ាងណាលោកថា បំណងដែលលោកចង់វិលមកការសម្តែងជាថ្មីឡើងវិញនេះ គឺមិនមែនចង់បានភាពល្បីល្បាញអ្វីនោះទេ ពោលគឺលោកគ្រាន់តែចង់យកការសម្តែងរបស់លោកនេះ ដើម្បីបានថវិកាទៅជួយដល់ជនក្រីក្រនៅស្រុកខ្មែរ ជាពិសេសជួយដល់មន្ទីរពេទ្យគន្ធបុប្ឆាតែប៉ុណ្ណោះ។ លោកបន្ថែមថា ដោយសារមើលឃើញស្ថានភាពសិល្បៈនៅស្រុកខ្មែរបច្ចុប្បន្នមានការលូតលាស់ និងមានការឲ្យតម្លៃច្រើនទៅលើអ្នកសិល្បៈ ធ្វើឱ្យលោកមានការសប្បាយរីករាយយ៉ាងខ្លាំង ខុសពីអ្វីដែលទស្សនិកជននៅទីនេះមួយចំនួនតូចដែលវាយតម្លៃពីសិល្បៈខ្មែរយើងមានការកកៀបសង្កត់ច្រើន។

លោក នួន សុផល បានបន្ថែមទៀតថា សិល្បៈខ្មែរគឺមានភាពថ្លៃថ្នូរ និងខ្ពង់ខ្ពស់ណាស់ មិនមែនដូចពាក្យបុគ្គលមួយចំនួនបានលើកឡើងនោះឡើយ អ្វីដែលសំខាន់អ្នកធ្វើឲ្យគេមើលថា សិល្បៈអាប់អោននោះ គឺជាការប្រព្រឹត្តពីបុគ្គលខ្លួនម្នាក់ឯងប៉ុណ្ណោះ វាមិនសំដៅលើអ្នកសិល្បៈទាំងមូលនោះឡើយ។

ទោះជាយ៉ាងណា លោកបានស្នើសុំឲ្យទស្សនិកជនខ្មែរទាំងអស់ សូមបន្តជួយគាំទ្រដល់សិល្បៈខ្មែរយើងបន្ថែមទៀត ព្រោះទៅថ្ងៃមុខលោកជឿថា សិល្បៈខ្មែរយើងនឹងកាន់តែរីកចម្រើន ខណៈពេលដែលលោកក៏រំពឹងនឹងបានចូលរួមសម្តែងជាថ្មី ដើម្បីជាការចែករំលែកនូវបទពិសោធន៍ដែលលោកមានសម្រាប់ប្អូនៗអ្នកសិល្បៈជំនាន់ក្រោយ។ ជាការកត់សម្គាល់អតីតតារាសម្តែងលោក នួន សុផល បានបង្ហាញវត្តមានសម្តែងនៅក្នុងរឿង «អង្គលីមាល៍» និង «ស្តេចដំរីស» ដែលរឿងទាំងពីរនេះ បានឆក់បេះដូងទស្សនិកជនឲ្យស្គាល់រូបលោកច្បាស់ បន្ទាប់ពីកន្លងមក លោកបានត្រឹមជាតួរាយរងម្នាក់។

ក្រៅពីការសម្តែងរឿងទាំងពីរខាងលើ រូបលោកក៏មានបានសម្តែងនូវរឿងមួយចំនួនទៀត ដោយមិនតិចជាង១០រឿងនោះឡើយ ខណៈពេលដែលលោកក៏បានសម្តែងនៅក្នុងឈុតខារ៉ាអូខេជាបន្តបន្ទាប់ផងដែរ កាលពីអំឡុងឆ្នាំ២០០១ ដល់ឆ្នាំ២០០៤៕

ដកស្រង់ពី៖កោះសន្តិភាព