បណ្តាញសង្គម

RAM ត្រៀម​ចេញ​ភីកអាប់អគ្គិសនី ដោយមាន​ចំណុចខ្លាំងមួយ​លើសគូប្រជែង

ស្របពេលរថយន្តអគ្គិសនី កំពុងវាយលុកក្នុងទីផ្សារកាន់តែខ្លាំង RAM ក៏មិននៅស្ងៀមទៀតដែរ ដោយបានទម្លាយថានឹងបញ្ចេញរថយន្តភីកអាប់អគ្គិសនីម៉ូដែល 1500 លើកដំបូង នៅឆ្នាំ២០២៤។

បើប្រៀបធៀបនឹង Ford F-150 Lightning និង Chevrolet Silverado ទោះបីជារថយន្តអគ្គីសនី RAM 1500 ចេញក្រោយមែន ប៉ុន្តែ RAM អះអាងថា វានឹងមានចំណុចលេចធ្លោលើសគេ គឺមានចម្ងាយឆ្ងាយពេលសាកភ្លើងពេញ ដែលជាប្រភេទ Range Extender។ តែយ៉ាងណា RAM មិនទាន់បានបញ្ជាក់ពីទំហំអាគុយ និងម៉ាស៊ីនលម្អិតនៅឡើយទេ។

ចំណុចពិសេសលើសនេះ គឺវានឹងបំពាក់បច្ចេកវិទ្យាដែលមិនងាយឱ្យអាគុយឆាប់ខូច នៅពេលដឹកធ្ងន់ ឬអូសសណ្តោងធ្ងន់ឡើយ។ រថយន្តនេះ នឹងត្រូវអភិវឌ្ឍលើគ្រោងឆ្អឹង STLA។

គួរបញ្ជាក់ដែរថា រថយន្តភីកអាប់ RAM 1500 ឆ្នាំ២០២២ ដែលប្រើសាំង គឺបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged Hellcar V8 មានកម្លាំង ៧០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ដកស្រង់ពី៖sabay