បណ្តាញសង្គម

ថ្ងៃ១៤ កុម្ភៈ ម្សិលមិញ ថ្ងៃនេះផ្ទុះការសង្ស័យថាទំនាក់ទំនងស្នេហា ឆឹម សក្កដា មិនទាន់សាបសូន្យទេ

តាមរយៈសំណេរនៅលើបណ្ដាញសង្គមរបស់តារាសម្ដែង ឆឹម សក្កដា និងតារាចម្រៀង ពេជ្រ សោភា កាលពីល្ងាចមិញ ធ្វើឲ្យអ្នកគាំទ្រយល់ថាចំណងស្នេហាវ័យចំណាស់មួយនេះមិនទាន់សាបសូន្យនៅឡើយទេ។

ទន្ទឹមនឹងផ្ទុះការសង្ស័យនេះ ក៏មានអ្នកគាំទ្រមួយចំនួនបង្ហាញអារម្មណ៍ឈឺចាប់ជំនួសតារាទាំងពីរដួងដែរ ហើយទទួចឲ្យអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ។ នៅថ្ងៃ១៤ កុម្ភៈ ត្រូវនឹងថ្ងៃទិវា នៃក្ដីស្រឡាញ់ លោក ឆឹម សក្កដា បាននិយាយថា៖ “ឆ្នាំនេះ ខុសឆ្នាំមុន! សុំជូនផ្កាពីចម្ងាយ ហើយសង្ឃឹមថាអ្នកនឹងមានតែស្នាមញញឹម”។

ភ្ជាប់ជាមួយនឹងសារមួយនេះ លោកក៏បង្ហាញរូបថត១សន្លឹកដែឡមានរូបលោកតែម្នាក់ឯងកាន់ផ្កាកូលាបពណ៌ក្រហម ហុចជូនអតីតសង្សារពីចម្ងាយក្នុងទឹកមុខញញឹមស្ងួត។ ការបង្ហាញទឹកមុខ និងសម្ដីរបស់លោក ឆឹម សក្កដា នេះ បានធ្វើឲ្យអ្នកគាំទ្រ ទទួចឲ្យលោកត្រូវរ៉ូវគ្នាវិញជាមួយអតីតសង្សារ គឺអ្នកនាង ពេជ្រ សោភា ខណៈអ្នកគាំទ្រខ្លះនិយាយថា៖“ខ្ញុំឃើញអនុស្សាវរីយ៍បង ហើយនិង បងភា ពិតជាអស្ចារ្យណាស់ មិនគួរឲ្យជឿសោះ ថាបងបែកគ្នា”។

ចំថ្ងៃទិវា នៃក្រីស្រឡាញ់នេះដែរ តារាចម្រៀងស្រី ពេជ្រ សោភា ក៏បង្ហើបថា អ្នកនាងទទួលបានបាច់ផ្កាចំនួន៣ ដោយក្ដីគោរពស្រឡាញ់ ប៉ុន្ដែចម្លែកគ្រប់បាច់ផ្កាពុំមានដាក់ឈ្មោះម្ចាស់សោះ។ ទន្ទឹមគ្នានេះ ពេជ្រ សោភា ក៏បានចេញMV មនោសញ្ចេតនា១បទ គឺបទ “ខ្ញុំធ្វើយ៉ាងណាទៅ?”។ បទនេះបង្ហាញពីទុក្ខសោក ក្រោយស្នេហាបែកបាក់ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងដោយអ្នកនាងផ្ទាល់តែម្ដង។ តាមរយៈMV និងសារមួយចំនួនដែល ពេជ្រ សោភា បានបង្ហោះនៅចំថ្ងៃទិវា នៃក្ដីស្រឡាញ់ មហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកខ្លះចូលទៅសួរថានេះជាអារម្មណ៍អ្វី? ហើយខ្លះនិយាយថា ខ្លាចជួបអារម្មណ៍បែបនេះ? ភ្លាមៗ សោភា ក៏ចូលទៅឆ្លើយតបវិញថា៖ “ឈឺណាស់ អារម្មណ៍នេះ” ប៉ុន្ដែនាងមិនបានបញ្ជាក់ថា អត្ថន័យនៅក្នុងបទចម្រៀងមួយនេះបង្ហាញពីស្នេហាពិតរបស់អ្នកនាងផ្ទាល់ ឬយ៉ាងណានោះទេ៕

ដកស្រង់ពី៖Sabay