បណ្តាញសង្គម

ម្ដាយ Han So Hee យកឈ្មោះកូនទៅធ្វើរឿងខុសច្បាប់ គេជេរផ្អើល ឥឡូវផលិតកម្មនាងចេញបកស្រាយ

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ YouTuber ម្នាក់បានអះអាងថា ម្ដាយរបស់ Han So Hee ត្រូវបានគេប្ដឹងពីបទក្លែងបន្លំលុយរាប់ម៉ឺនដុល្លារ។

អ្នកម្ដាយរូបនេះបានប្រើគណនីដែលមានឈ្មោះ Han So Hee និងធ្វើឲ្យតារាស្រីរូបនេះ ត្រូវបានគេជេរកូនផ្អើល ហើយអ្នកស្រីត្រូវបានគេប្ដឹង ពីបទរំលោភច្បាប់ប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិក។

កាលពីខែកក្កដា ឆ្នាំ ២០២០ Han So Hee បានឆ្លើយតបនឹងសេចក្ដីរាយការណ៍ថា ម្ដាយរបស់នាងបានខ្ចីលុយគេ ដោយប្រើឈ្មោះនាង។ នាងបានបញ្ជាក់ថា “ខ្ញុំមិនបានទាក់ទងជាមួយម្តាយខ្ញុំទេ ដូច្នេះខ្ញុំបានដឹងពីរឿងបំណុលរបស់គាត់ ទើបតែក្រោយពីខ្ញុំមានអាយុ ២០ ឆ្នាំទៅហើយ”។ ទោះជាយ៉ាងណា មុនពេលចូលសិល្បៈ នាងបានសងបំណុលម្ដាយតាមលទ្ធភាពដែលនាងអាចធ្វើបានដែរ។

ជាក់ស្ដែងផលិតកម្ម 9auto Entertainment ក៏បានលើកឡើងដែរថា ម្ដាយរបស់ So Hee បានប្រើគណនីឈ្មោះកូន ដើម្បីខ្ចីប្រាក់ និងធ្វើតាមតែចិត្តនឹកឃើញ។ អ្នកម្ដាយរូបនេះប្រព្រឹត្តិអំពើនេះជាប់រហូត ដោយមិនឲ្យ Han So Hee ដឹងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីនៅបានក្លែងបន្លំឯកសារជាច្រើនទៀត។

ដោយសាររឿងក្ដីនេះទទួលបានការពិនិត្យយ៉ាងហ្មតចត់ ទើបតុលាការកាត់ក្ដីថា Han So Hee មិនបានជាប់ពាក់ព័ន្ធនឹងរឿងនេះទេ ព្រោះជាទង្វើដែលម្ដាយនាងធ្វើ មិនមែននាងឡើយ។

ផលិតកម្មនៅបានបញ្ជាក់ដែរថា៖ «វាជាការពិតដែល Han So Heeមិនអាចកាត់ផ្តាច់ទំនាក់ទំនងរវាងម្តាយនិងកូនបានទេ។ នាងមានអារម្មណ៍សោកស្ដាយអ្វីដែលបានកើតឡើង។ ទោះបីជាយ៉ាងនេះក្តី យើងសង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។ សូមមេត្តាយោគយល់»៕

ដកស្រង់ពី៖Sabay