បណ្តាញសង្គម

ការប៉ុនណាណី ហៅភ្ញៀវចោះៗ តែ លី ណូរ៉ា មានហេតុផលធ្វើឲ្យមិត្ដភក្ដិរកចំណុចខឹងលែងកើត

តារាសម្ដែង លី ណូរ៉ា កំណត់ថ្ងៃចូលរោងជាក់លាក់ហើយ គឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ លោក បាននាំអនាគតភរិយា ទៅមើលទីតាំងរៀបចំពិធីមង្គលការដោយផ្ទាល់ ហើយប្រកាស ថាបានកក់អគារ និងសំអាងការ ព្រមទាំងប្រកាសឲ្យភ្ញៀវកិត្ដិយសត្រៀមចូលរួមទៀតផង។

លោក លី ណូរ៉ា ប្រាប់ Sabay នៅរសៀលថ្ងៃទី៩ ខែឧសភា ថា វាជាកម្មវិធីធំទី១ ហើយសំខាន់សម្រាប់រូបលោកចាប់តាំងពីលោកចូលប្រឡូកក្នុងអាជីពសិល្បៈច្រើនឆ្នាំ។ ដ្បិតថា វាជាកម្មវិធីសំខាន់សម្រាប់លោក តែមិនចង់រំខានដល់មិត្ដភក្ដិ ឬបងប្អូនដែលស្រឡាញ់គាំទ្រលោកនោះទេ ពោលគឺរូបលោកផ្ទាល់អញ្ជើញតែមិត្ដភក្ដិស្និទ្ធស្នាលក្នុងសិល្បៈប៉ុន្មាននាក់ប៉ុណ្ណោះ។

លី ណូរ៉ា៖ “បើសរុបភ្ញៀវទាំងអស់...ទាំងខាងប្រុសទាំងខាងស្រីចូលប្រហែល៦០ ទៅ៧០តុ។ និយាយទៅចូលសិល្បៈច្រើនឆ្នាំមកនេះ ស្គាល់ក៏ច្រើន ដើរទៅគេក៏ច្រើន តែប្អូនហៅចោះៗ ព្រោះក្រែងចិត្ដគេ មិនចង់រំខានគេ”។

សូមរម្លឹកថា តារាសម្ដែងរូបសង្ហា លី ណូរ៉ា បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ដែលជាម្ចាស់ហាងសាឡនមួយនៅទីរួមខេត្ដកំពង់ចាម។ តារារូបនេះ ទើបបង្ហើបថាមានសង្សារនៅដើមឆ្នាំ ២០២២ ហើយក៏លេចដំណឹងថា ចាស់ទុំទាំងសងខាងបានមូលមតិគ្នា ដើម្បីផ្សំផ្គុំអ្នកទាំងពីរឲ្យជាស្វាមីភរិយាស្របតាមប្រពៃណីនៅចុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះតែម្ដង៕

ដកស្រង់ពី៖Sabay