បណ្តាញសង្គម

ជីវិតកម្សាន្ដរឿង “កុហក” ឆ្លុះបញ្ចាំងពីក្ដីស្រលាញ់របស់អ្នកម្ដាយព្រមធ្វើគ្រប់យ៉ាង ឲ្យតែកូនមានក្ដីសុខ

ដើម្បីចូលរួមអបអរទិវា គុណម្ដាយ ពិភពលោក ខ្សែភាពយន្តខ្នាតខ្លីមួយបាន ឆ្លុះបញ្ចាំងពីក្ដីស្រលាញ់របស់អ្នកម្ដាយចំពោះកូន កុហកគ្រប់យ៉ាង ឲ្យតែកូនមានក្ដីសុខ បើទោះបីជាខ្លួនឯងរងទុក្ខលំបាកយ៉ាងណាក៏ដោយ។

“កុហក” ជាខ្សែរឿងបែបកម្សត់លើកឡើងពីជីវិតម្ដាយ និងកូន ដែលជួបការលំបាកក្នុងជីវភាពរស់នៅ ប៉ុន្ដែដោយសេចក្ដីស្រលាញ់ធំធេង ម៉ែសុខចិត្តលះបង់ភាពស្រណុកសុខស្រួលរបស់ខ្លួន ប្រឹងធ្វើការមិនខ្លាចនឿយហត់ ដើម្បីតែកូនប្រុស ជាពិសេសលាក់បាំងទុក្ខលំបាករបស់ខ្លួន បើទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ។

តាមការបញ្ជាក់ពីលោក នាង គួនណូចិត្រា ហៅ Mizter Roy បានឲ្យដឹងថា ក្នុងការផលិតរឿងខ្លី “កុហក” នេះឡើង គឺដើម្បីចូលរួមក្នុងទិវាគុណម្ដាយ ទន្ទឹមនឹងនោះ ឲ្យអ្នកមើលដឹងពីទំហំនៃទឹកចិត្តអ្នកម្ដាយសម្រាប់កូនៗគ្រប់គ្នា។ លោកក៏បានបន្តថា ក្នុងនាមជាអ្នកស្រលាញ់ម្ដាយ លោកក៏បានខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តខ្នាតខ្លី និយាយពីម្ដាយ និងសេចក្ដីស្រលាញ់របស់អ្នកម្ដាយជាច្រើនផងដែរ។

ក្នុងខ្សែរឿងមួយនេះ ផលិតករក៏បានបញ្ជូនសារអប់រំមួយថា “គ្រប់គ្នាកុហកដើម្បីខ្លួនឯង តែមានស្ដ្រីម្នាក់កុហកទទួលបានការឈឺចាប់ដូរយកក្ដីសុខឲ្យកូន ស្ដ្រីនោះឈ្មោះថា ម៉ែ”។ លោក Mizter Roy បានលើកឡើងថា តាមរយៈខ្សែរឿងនេះ ក៏បានដកស្រង់ចេញពីសាច់រឿងពិតរបស់លោកផ្ទាល់មកខ្លះដែរ ព្រោះកាលលោកនៅវ័យក្មេង ម្ដាយរបស់លោកតែងតែកុហកថា ម៉ែមិនអីទេ កូនហូបទៅ ដោយមិនសូវគិតខ្វល់ខ្វាយពីខ្លួនឯង។ គួររំលឹកថា លោក នាង គួនណូចិត្រា ហៅ Mizter Roy ក៏ជាអ្នកនិពន្ធរឿង ផលិតករ អ្នកដឹកនាំ ថតស្ពត និងជាអ្នកថតរូបក្នុងកម្មវិធីធំៗផងដែរ។

លើសពីនេះទៅទៀត សមិទ្ធផលជាច្រើនដែលជាស្នារដៃរបស់លោកមាន រឿង ក្រមុំ ៣១ កំលោះ ៥២, រឿង ៧ ថ្ងៃ រឿងគំនូស ៤៩ និងរឿងខ្លីជាច្រើនទៀតមានដូចជា រឿង អ្នកក្រ វគ្គ ១ វគ្គ ២, រឿង មរតក ១៤ កុម្ភៈ, រឿង Mother’s Valentine Day និងមានរឿងជាច្រើនផ្សេងៗទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី