បណ្តាញសង្គម

ជីវិតកម្សាន្ដផ្ទុះរឿងអាស្រូវ ឈិនឡុង ជាមួយកូនស្រី

ថ្មីៗនេះបណ្ដាញសង្គមចិន កំពុងផ្ទុះការចាប់អារម្មណ៍លើរឿងអាស្រូវរបស់តារាក្បាច់គុន ឈិនឡុង (Jackie Chan) ដែលពាក្យចចាមអារ៉ាមនិយាយថា លោកបានទុកកូនស្រីចោលដោយមិនទទួលខុសត្រូវ ជាពិសេសបណ្ដោយឱ្យនាងដើរត្រាច់ចរ គ្មានសូម្បីកន្លែងស្នាក់នៅ។

លោក Jackie Chan ដែលទស្សនិកជនខ្មែរនិយមហៅថា ឈិនឡុង គឺជាតារាក្បាច់គុនដ៏ល្បីបំផុតនៅលើកញ្ចក់ទូរទស្សន៍ចិន និងអាស៊ី ហើយលោកក៏ធ្លាប់មានវត្តមាននៅក្នុងខ្សែភាពយន្តហូលីវូដផងដែរ។ កន្លងមក ជីវិតឯកជនរបស់តារាសម្ដែងរូបនេះ ហាក់ទទួលបានការស្ងើចសរសើរជាច្រើន ជាពិសេសការមើលថែកូនប្រុសជាទីស្រឡាញ់។

ប៉ុន្តែថ្មីៗនេះ បែរជាមានផ្ទុះពាក្យចចាមអារ៉ាមថា តារាវ័យ ៦៨ឆ្នាំរូបនេះ បានទុកកូនស្រីចោល ដោយមិនទទួលស្គាល់នាង និងទុកឱ្យនាងគ្មានកន្លែងរស់នៅទៀតផង។ ថ្វីត្បិតតែជាតារាសម្តែងរូបនេះ ជោគជ័យខ្លាំងក្នុងវិស័យភាពយន្តក៏ដោយ ប៉ុន្តែជីវិតឯកជន ពេលនេះហាក់មានបញ្ហាចម្រូងចម្រាសចាក់ស្រេះយ៉ាងខ្លាំង។ បើតាមប្រភពព័ត៌មាន ឈិនឡុង មានកូន ២នាក់ ប្រុសច្បងម្នាក់ និងកូនស្រីម្នាក់។

ប៉ុន្តែតាមការអះអាងពីកូនស្រីពៅនាង Etta Ng Chok Lam ថា ឪពុកខ្លួនមិនធ្លាប់ខ្វល់ពីសុខទុក្ខរបស់នាងឡើយ ហើយនាងក៏មិនដែលទទួលបានភាពកក់ក្ដៅពីឪពុករូបនេះដែរ។ Etta Ng Chok Lam បន្តថា ឪពុករបស់នាងចែកទ្រព្យសម្បត្តិឱ្យតែបងប្រុសនាងប៉ុណ្ណោះ ឯនាងវិញ មិនទទួលបានអ្វីទាំងអស់។ នាងថែមទាំងអះអាងទៀតថា ឈិនឡុង ជាអ្នកផ្ដល់កំណើតឱ្យនាងពិតមែន ប៉ុន្តែលោកគ្មានចំណែកអ្វី ក្នុងការធំធាត់របស់នាងឡើយ។

កូនស្រីវ័យ ២២ឆ្នាំរូបនេះ សារភាពថា ខ្លួនធ្លាប់ចាកចេញពីផ្ទះ គ្មានកន្លែងរស់នៅ ធ្លាប់ស្នាក់នៅក្រោមស្ពាន ហើយជាច្រើនដង Etta Ng Chok Lam បានរើសសំរាមដើម្បីចិញ្ចឹមជីវិតទៀតផង។ ទោះយ៉ាងណា នេះត្រឹមជាការអះអាងតែម្ខាងប៉ុណ្ណោះ ខណៈពេលនេះខាងលោក ឈិនឡុង មិនទាន់មានប្រតិកម្មតបអ្វីនៅឡើយទេ៕

ដកស្រង់ពី៖ កម្ពុជាថ្មី