បណ្តាញសង្គម

សប្ដាហ៍ទី ២ គណៈកម្មការ Cambodian Idol ទាំង ៤ ចង់ដាច់ផ្ងារ ដោយសារបេក្ខភាព ៣ រូបនេះ

ចូលសប្ដាហ៍ ទី ២ នៃវគ្គ Audition កម្មវិធី Cambodian Idol អ្នកតាមដានកាន់តែរំភើប និងប្លែកអារម្មណ៍ជាមួយនឹងបេក្ខជន បេក្ខនារី។

ក្រៅពីការបង្ហាញសមត្ថភាព ទស្សនិកជនទាំងអស់ ពិសេសគណៈកម្មការទាំង ៤ សឹងភាំងស្មារតីមុ ដោយភ្ញាក់ផ្អើលនឹងវត្តមានអ្នកចូលរួមប្រកួត។ សប្ដាហ៍ទី១ ពិសេស តែឈានចូលសប្ដាហ៍ទី ២ កាន់តែមិនធម្មតា ព្រោះក្នុងចំណោមអ្នកឡើងបង្ហាញសមត្ថភាពឲ្យគណៈកម្មការ ឆ្លើយ "YES” ទទួលយកទៅវគ្គបន្ត គឺមាន បេក្ខភាព ៣ រូប ដែលអង្រួនសប្ដាហ៍ជាងគេ នោះគឺ អ្នកស្រី នួន សារី (យាយយ៉យ) បេក្ខជន ផាន គីមសុង និងបេក្ខជន ជ័យ សុខតារា។

១. អ្នកស្រី នួន សារី (យាយ យ៉យ)

វត្តមានរបស់អ្នកស្រី ក្នុងសប្ដាហ៍នេះ មិនមែន ប្រកួតឈ្នះចាញ់នោះទេ ប៉ុន្តែជាការបង្ហាញវត្តមានជាពិសេស ដើម្បីលើកទឹកចិត្តបេក្ខជន បេក្ខនារីពិតប្រាកដ ឲ្យមានភាពក្លាហាន និងត្រូវជឿជាក់លើខ្លួនឯង។ ជាមួយគ្នានោះ ឡើងមកនៅពេលនេះ ក្រៅពីបានបង្កបរិយាកាសឲ្យសប្បាយរីករាយ អ្នកស្រីក៏បានផ្ដល់ជាដំបូន្មានល្អៗដល់គណៈកម្មការទាំង ៤ និងកូនក្មួយជំនាន់ក្រោយ ដែលស្រឡាញ់អាជីពសិល្បៈ ពិសេសអាយ៉ៃ។

 

២. ផាន គីមសុង

មិនមែនប្រឡងចម្រៀងតែមួយមុខទេ តែបេក្ខជនដែលមកពីខេត្ត កំពង់ធំ រូបនេះ ក៏បានបង្ហាញសមត្ថភាពក្នុងការត្រាប់សំឡេងកំពូលតារាចម្រៀងដល់ទៅ ៣ រូប ឲ្យគណៈកម្មការភ្ញាក់ផ្អើលទៀតផង។ ជ្រើសយកបទចម្រៀងរបស់លោក ប៊ុន ស័ក្តិមកច្រៀងនៅពីមុខគណៈកម្មការទាំង ៤ គីមសុង ធ្វើបានល្អហើយ តែនៅមានតារាប្រុស ២ រូបទៀត ដែលលោកអាចត្រាប់បាន មានតារាចម្រៀង ណូយ វ៉ាន់ណេត និង ព្រាប សុវត្ថិ។

 

 

៣. ជ័យ សុខតារា

បេក្ខជនដែលមកពីរាជធានីភ្នំពេញរូបនេះ ពិតជាតស៊ូខ្លាំងក្នុងការជម្នះឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត។ អ្វីដែលស្មានមិនដល់ នោះគឺ បេក្ខជនរូបនេះគឺជា អ្នករាំរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ។ ស្ងាត់ៗ បង្ហាញវត្តមាននៅចំពោះមុខបែបនេះ ពិតជាធ្វើឲ្យ ណុប បាយ៉ារិទ្ធ គាំង និយាយលែងចង់ចេញ ហើយពិតជាមានមោទកភាពចំពោះកូនក្រុម ក្នុងក្រុមរាំរបស់លោកខ្លាំងបំផុត៕

 

 ដកស្រង់ពី៖Sabay