បណ្តាញសង្គម

Google បង្ហើបអាវុធថ្មីត្រៀមចេញក្នុងឆ្នាំ២០២៣ អាចឲ្យ iPad ឈរលែងនឹងដូចមុន

iPad ត្រូវបានគេស្គាល់ថា ជាថេប្លេតដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Mobile ដ៏ល្អមួយ ដែលមានគូប្រជែងតិចតួច ធ្វើឲ្យអ្នកប្រើមិនចាំបាច់គិតពីរដងមុននឹងទិញ។

ប៉ុន្តែក្រុមហ៊ុនផ្សេងៗក៏មិននៅស្ងៀមដែរ ដោយនៅតែខិតខំធ្វើព្យុះភ្លៀងប្រជែងយកទីផ្សារផងដែរ។ តួរយ៉ាង Google បានបង្ហើបខ្លះៗអំពីថេប្លេតថ្មីរបស់ខ្លួនគឺ Google Pixel Tablet ដែលនឹងចេញលក់នាឆ្នាំ ២០២៣ ខាងមុខ ក្នុងព្រឹត្តិការណ៍ Google I/O 2022 កន្លងទៅ។ ជុំវិញការបង្ហើបនេះ Google មិនបានបញ្ចេញព័ត៌មានច្រើនអំពីវានោះទេ ហើយខាងក្រោមនេះជាអ្វីដែលពួកយើងទទួលបាន៖

និយាយពីរូបរាងរបស់វា ហាក់ដូចជាសាមញ្ញបន្តិច ស្រដៀងនឹង iPad ជំនាន់ចាស់ៗ វាមានរូបរាងបែបបុរាណបន្តិចបើប្រៀបនឹងគូរប្រជែង ជាច្រើនក្នុងពេលបច្ចុប្បន្ន។ រូបរាងបែបនេះ ក៏ទំនងជាកាត់ទៅតាមទូរសព្ទ Pixel 1, 2, 3 ផងដែរ។ ចំណែកប្រព័ន្ធប្រតិបត្តិការវិញ វានឹងលែងជាទូរសព្ទ Android ដែលមានអេក្រង់ធំទៀតហើយ ដោយវានឹងប្រើ Android 13 ។ប្រព័ន្ធប្រតិបត្តិការនេះនឹង មានសមត្ថភាពសម្របខ្លួនឲ្យមានប្រយោជន៍ជាងប្រើប្រាស់ទូរសព្ទអេក្រង់ធំ ពោលគឺវានឹងប្រើប្រាស់ផ្ទៃដែលនៅសល់បន្ថែមមុខងារទៅតាមការចាំបាច់។ ចំពោះមុខងារ Multitasking Google អនុញ្ញាត្តិឲ្យអ្នកប្រើអាចជ្រើសរើសកម្មវិធីសម្រាប់ប្រើជាមួយគ្នាទុក សម្រាប់ភាពងាយស្រួលនាពេលក្រោយផងដែរ។

ចុងក្រោយគឺបេះដូងរបស់វា Google បាននិយាយថាវាក៏នឹងប្រើឈីប Tensor ដូចទៅនឹងទូរសព្ទកំពូល Pixel 6 និង Pixel 6 Pro ដែរ។ ឈីបនេះគឺជាបច្ចេកវិទ្យារបស់ Google បង្កើតឡើងតែម្តង សម្រាប់ប្រើប្រាស់នៅលើត្រកូល Pixel របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា Google Pixel Tablet ត្រូវបានដាច់ពូជកាលពីឆ្នាំ ២០១៨ មកម្លេះ ហើយការត្រឡប់មកវិញនេះ គឺជាឱកាសមួយសម្រាប់ Google ទៅប្រជែងជាមួយ iPad និង Galaxy Tab ដែលជាថេប្លេតពេញនិយមបំផុតក្នុងពេលបច្ចុប្បន្ន៕

ដកស្រង់ពី៖ Sabay