បណ្តាញសង្គម

រៀប​ចំ​ខ្លួន​រហូត​ទទួល​គោរម្យងារ "ឧកញ៉ា" ពី​ព្រះមហាក្សត្រ តើ​នេះ​ផ្លូវ ព្រាប សុវត្ថិ ​ដើរ​ចេញ​ពី​សិល្បៈ?

លោកព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា មានចំណុចល្អទាំងព្រម ទាំងសំឡេងល្អរកប្រដូចគ្មាន ថែមទាំងចរិតរមទម្យ និងកម្រមានអាស្រូវទៀតនោះ

បានទទួលគោរម្យងារជា "ឧកញ៉ា" តាមព្រះរាជក្រឹត្យពីព្រះមហាក្សត្រថ្មីៗ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល តែជាមួយគ្នាក៏មានមន្ទិលកើតព្រមគ្នាមកថា នេះជាការរៀបចំខ្លួនរបស់លោកដើម្បីចេញពីសិល្បៈឬយ៉ាងណា? លោក ព្រាប សុវត្ថិ បានរក្សាកេរ្តិ៍ឈ្មោះក៏ដូចជាប្រជាប្រិយភាពខ្ពស់ដាច់គេអស់ពេលប្រមាណ ២ទសវត្សរ៍ ដោយមិនមាននរណាវាយផ្ដួលបាន។ មកដល់បច្ចុប្បន្នទៀតសោត ត្បិតថាអ្វីៗមិនត្រចះត្រចង់ដូចពីអតីតកាល ប៉ុន្តែ ព្រាប សុវត្ថិ នៅតែអាចទាក់ទាញការគាំទ្រមិនតិចដែរនៅក្នុងផលិតកម្ម Galaxy Navatra ជាមួយបទចម្រៀងជាច្រើន។

ជាមួយគ្នា ក៏មិនទាន់មានអ្នកណា អាចមកស្នងតំណែងកំពូលតារាចម្រៀងប្រចាំប្រទេសរបស់លោកបាននៅឡើយ។ យ៉ាងណាក៏ដោយ ទឹកនៅតែហូរ ពេលវេលានៅតែដើរទៅមុខ គ្មាននរណាទប់បាន រៀមច្បងចេះតែវិវត្តវ័យ ដែលមកដល់បច្ចុប្បន្នលោក ព្រាប សុវត្ថិ មានវ័យ ៤៦ឆ្នាំមកហើយ។ ស្ថានភាពនេះ ហាក់បញ្ច្រាស់ពីនិន្នាការគាំទ្រសិល្បៈក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកគាំទ្រភាគច្រើនលើសលុបជាយុវជន ដូច្នេះច្បាស់ណាស់ថា ពួកគេទំនោរគាំទ្រទៅលើតារាចម្រៀងវ័យដែលមានរស់និយម និងចង់បានដូចគ្នា។

ដូច្នេះហើយ រៀមច្បងដែលវ័យឆ្លាត ច្បាស់ជាបានរៀបផ្លូវក្រោយរបស់ខ្លួនមិនខាន។ ចំណុចនេះ ដូចនឹងអ្វីដែលគេបានឃើញលោក ព្រាប សុវត្ថិ និងតារារៀមច្បងឯទៀតបានធ្វើ ក្នុងនោះគេលោកងាកមកការធ្វើជំនួញកាន់តែច្រើនឡើងៗ។មុខជំនួញលេចធ្លោជាងគេនៅរយៈកាលចុងក្រោយរបស់លោក គឺជំនួញអចលនទ្រព្យ ដែលលោកបានចេញមុខជាអ្នករកស៊ីអចលនទ្រព្យបើកចំហរកាលពីប្រមាណ ៣ឆ្នាំមុន។ គម្រោងរបស់លោកភាគច្រើននៅតំបន់ភ្នំរាប និងតំបន់ផ្លូវ ៥១។

ទាំងនោះសុទ្ធជាប្រភេទដីឡូតិ៍ ប៉ុន្តែថ្មីៗនេះលោក ទើបនឹងបើកសម្ពោធគម្រោងថ្មីទៀត ដែលលោកអះអាងជាគម្រោងទី២របស់លោក ប្រភេទបែបបុរីម្ដង។ ស្ថានភាពនេះ គេប៉ាន់ប្រមាណថា នោះអាចជាផ្លូវក្រោយរបស់លោក ពិសេសក្រោយពីលោកបានទទួលគោរម្យងារជា "ឧកញ៉ា" ពីព្រះមហាក្សត្រថែមទៀត គេកាន់តែសង្ស័យថា លោកទំនងកាន់តែឆ្ងាយពីសិល្បៈមើលទៅ ព្រោះថា លោកមានវ័យច្រើន ម្យ៉ាងទំនងលោកមិនអាចស្ពាយងារ "ឧកញ៉ា" ឡើងច្រៀងរាំដូចមុននោះដែរ។ ហេតុផលស្រដៀងគ្នា បានកើតលើលោក ទុំ សារុត ហៅ "ឃ្លោក" ឬនាយឃ្លោក ក៏បានចេញពីសិល្បៈដែរក្រោយទទួលបានងារ "ឧកញ៉ា" ភ្លាម។

ដូច្នេះតើ ព្រាប សុវត្ថិ នឹងដើរលើផ្លូវដូចអតីតសមាជិកក្រុមកំប្លែងនាយកុយដែរ ឬយ៉ាងណា? ចំពោះបញ្ហានេះ នៅក្នុងថ្ងៃបើកសម្ពោធគម្រោងអចលទ្រព្យរបស់លោកក្នុងខណ្ឌព្រែកព្នៅនោះ លោកឆ្លើយថា សម្រាប់លោកមិនមានផែនការដូចការសង្ស័យឡើយ លោកថា អ្វីៗអាស្រ័យលើអ្នកគាំទ្រ។ "សម្រាប់ខ្ញុំមានអ្វីៗដូចសព្វថ្ងៃ គឺដោយសារសិល្បៈ អីចឹងហើយទោះខ្ញុំក្លាយជាអី ខ្ញុំនៅតែ ព្រាប សុវត្ថិ បងប្អូនអាចហៅខ្ញុំទៅ Performance ខ្ញុំនៅតែអាច Perform បាន!”។

លោកបញ្ជាក់ថា ការងាកមកស៊ីជាច្រើន គ្រាន់តែជាការខិតខំបន្ថែម ក្នុងន័យជារួមថា គ្រប់គ្នាមានពេល មានលទ្ធភាព ហើយចង់ធ្វើអ្វី រកអ្វីបន្ថែម គឺគួរតែធ្វើ គួរតែឆ្លៀតដើម្បីភាពរីកចម្រើនរៀងៗខ្លួនប៉ុណ្ណោះ។ លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី ២៩ មេសា ឆ្នាំ ២០២២ ខណៈលោក ខេមរៈ សិរីមន្ត បានទទួលងារនេះមុនលោកប៉ុន្មានប៉ុណ្ណោះ។ ក្រៅពីលោកទាំងពីរ គេជឿថាតារាចម្រៀងខ្មែរមួយចំនួនទៀត ក៏ទំនងដើរលើផ្លូវដូចគ្នានេះដែរ៕

ដកស្រង់ពី៖ Sabay