បណ្តាញសង្គម

តារាចាស់ក្មេងរួមគ្នាសស្រាក់ នៅជួយបុណ្យឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកាទាំងយប់

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ គឺជាពេលដែល តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បាត់បង់អ្នកមានគុណដល់ទៅ ២ រូបក្នុងពេលមួយពព្រិចភ្នែក។ ទិដ្ឋភាពនេះ ពិតជាសោកសង្រែងជាពន់ពេក ហើយមហាជនទាំងអស់ រួមទាំងតារារួមអាជីពរបស់នាងផង ពិតជាមានការតក់ស្លុតជាខ្លាំង។

ជាក់ស្ដែង សព ឪពុកម្ដាយរបស់នាង ត្រូវបានបញ្ជូនមកធ្វើបុណ្យនៅក្នុងវត្តស្ទឹងមានជ័យ ទាំងយប់ ហើយក៏មានតារាជាច្រើននាក់ បានទៅចាំទទួល ក្រុមគ្រួសារនាង ព្រមទាំងសពឪពុកម្ដាយនៅក្នុងវត្តផ្ទាល់។

កាយវិការយកចិត្តទុកដាក់ បារម្ភចំពោះតារាចម្រៀងវ័យក្មេងរូបនេះ ពិតជាបង្ហាញពីទឹកចិត្តអាណិត ពេញទំហឹងចំពោះនាង ដែលត្រូវមច្ចុរាជឆក់ជីវិតមនុស្សជាទីស្រឡាញ់ស្មើជីវិតដល់ទៅ ២នាក់ក្នុងពេលតែមួយបែបនេះ។

ងាកមកមើលអ្នកដែលបានទៅអង្គុយចាំ និងនៅជួយបុណ្យផ្ទាល់មានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា លោក អ៊ាម វន្នី អ្នកនាង កាតុ និងស្វាមី កញ្ញា ដួង ម៉ានិច លោក អេង ឬទ្ធី ព្រមទាំងតារាចម្រៀង ជ័យ សុវ៉ាត ស៊ូ ស៊ីរីកា ស្រីពៅ រួមទាំងសិល្បករ សិល្បការិនី ក៏ដូចជាក្រុមអ្នកសារព័ត៌មានជាច្រើនរូបទៀត។

តាមព័ត៌មានបញ្ជាក់បន្ថែម សពរបស់ឪពុកម្ដាយរបស់តារាស្រីរូបនេះ នឹងត្រូវបូជានៅវត្ដសង្ក្រានតាព្រហ្មស្ទឹងមានជ័យ នៅម៉ោង ៤រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ហើយក៏នឹងមានការចូលរួម និងជួយពិធីនេះទាល់ចប់ចុងចប់ដើម ពីសំណាក់តារាៗដែរ៕

ដកស្រង់ពី៖Sabay