បណ្តាញសង្គម

ស្រវឹងបើកបុកឲ្យខូចផ្លូវហើយ Kim Sae Ron ចេញត្រឹមលិខិតសុំទោសមួយច្បាប់ ដោយទទួលមតិតបវិញគ្រប់រសជាតិ

ក្រោយផ្ទុះដំណឹងនេះករណីបើកបរទាំងមានជាតិស្រវឹងក្នុងខ្លួន ហើយព្យាយាមរត់របស់ តារាសម្ដែងកូរ៉េវ័យក្មេង Kim Sae Ron មក មហាជនបាននាំគ្នារិះគន់យ៉ាងចាស់ដៃ នូវកង្វះការទទួលខុសត្រូវរបស់នាងនៅពេលនោះ។

ជាក់ស្ដែងនៅយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ Kim Sae Ron ក៏បានចេញសុំទោសជាសាធារណៈ នៅមួយថ្ងៃកន្លះ ក្រោយបង្កហេតុ។ នាងបានសុំទោស ដោយបានសរសេរលើលិខិត ដោយដៃផ្ទាល់ ហើយបានបង្ហោះថា៖ «ខ្ញុំគួរតែបង្ហាញការទទួលខុសត្រូវឲ្យបានខ្លាំងជាងនេះ ប៉ុន្តែខ្ញុំមិនអាចធ្វើវាទៅរួចបាន។ ខ្ញុំពិតជាសុំទោសដោយស្មោះ។

ក្រុមហ៊ុនរបស់ខ្ញុំ និងខ្ញុំកំពុងធ្វើការដោះស្រាយនូវអ្វីដែលបានខូចខាត បណ្ដាលពីគ្រោះថ្នាក់នេះ។ ខ្ញុំនឹងចូលខ្លួនតាមដែលអាចធ្វើបាន ក្នុងការទាក់ទងជាមួយនឹងភាគីពាក់ព័ន្ធ រហូតដល់បញ្ហានេះត្រូវបានដោះស្រាយចប់រួចរាល់»។ បន្ថែមពីលើនេះ តារាស្រីវ័យ ២១ឆ្នាំ ក៏បានសុំទោសដល់ក្រុមការងារ និងតួសម្ដែងរឿង «Bloodhounds» ដែលជារឿងថ្មីរបស់ Netflix និងក្រុមការងាររឿង «Day By Day» ដែលនាងបង្ករឿងឲ្យក្លាយជាបែបនេះ។ ក្រោយឃើញលិខិតសុំទោសនេះហើយ អ្នកប្រើបណ្ដាញសង្គមខ្លះ លើកឡើងថា "មិនអីនោះទេ បើអ្នកមានទំនួលខុសត្រូវ និងសុំទោស ហើយសន្យាមិនឲ្យរឿងនេះកើតឡើងទៀតបាននោះ" ហើយខ្លះទៀត បានលើកទឹកចិត្តនាង។

ទោះជាយ៉ាងណា ក៏នៅមានមតិរិះគន់បន្តកើតមានដដែល ដោយលើកឡើងថា "ស្រវឹងហើយបើកបរ គឺស្មើនឹងឃាតករ”, “ពួកយើងមិនអាចឲ្យនាងរួចខ្លួនស្រួលៗបានទេ ព្រោះនាងជាតារា”, “មិនមែនជាអ្វីដែលអ្នកចេញសុំទោសមួយម៉ាត់ហើយរួចខ្លួន ហើយធ្វើដូចមិនមានអ្វីកើតឡើងទេ” និងខ្លះថា "ស្ទើរមិនចង់ជឿទេ ថាមានមនុស្សជាច្រើនអភ័យទោសឲ្យអ្នកដែលល្មើសបើកបរទាំងជាតិស្រវឹងជោកខ្លួនបែបនេះ”។

រម្លឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា Kim Sae Ron បានជាប់ពាក់ព័ន្ធនឹងករណីជិះបុកផ្លូវឲ្យខូចខាតគួរសម ទាំងមានជាតិស្រវឹងក្នុងខ្លួន ហើយព្យាយាមរត់គេចមិនដោះស្រាយ។ មានសេចក្ដីរាយការណ៍បញ្ជាក់ដែរថា នាងមិននិយាយត្រឡប់ត្រឡិន មិនមានស្មារតីនឹងនរពេលនោះទៀតផង៕

ដកស្រង់ពី៖ Sabay