បណ្តាញសង្គម

បេក្ខភាព Cambodian Idol ២រូបធ្វើឲ្យ Facebook នៅខ្មែរកក្រើក ដោយសារប្រវត្តិរូបពីក្រោយ

នៅសប្ដាហ៍ទី ៤ វគ្គ Judge Audition អ្នកដែលទទួលបានសំបុត្រមាស ឈានទៅវគ្គបន្ត គឺមានចំនួន ២៣រូប ដែលសុទ្ធមានសមត្ថភាពខ្លាំងៗ ជាមួយនឹងទឹកដមមិនអាចឲ្យគណៈកម្មការមើលរំលងបាន។

ទោះជាយ៉ាងណា ក្នុងចំណោមអ្នកទាំងនោះ មាន ២រូប ដែលធ្វើឲ្យអ្នកប្រើបណ្ដាញសង្គម ដកចិត្តមិនរួច ពិសេសពេលបានដឹងពីប្រវត្តិពីក្រោយ។ អ្នកទាំង ២ នោះ រួមមាន បេក្ខជន ស៊ឹម ច័ន្ទពន្លឺ និង បេក្ខនារី អ៊ិត សុភាឧស្សាហ៍។ តើមានមូលហេតុអ្វី បានជាគ្រប់គ្នាផ្ដោតការតាមដានចំពោះ បេក្ខភាព ២រូបនេះម្ល៉េះ?

១. ស៊ឹម ច័ន្ទពន្លឺ

តាមការឲ្យដឹង ពន្លឺ គឺជាលោកគ្រូពេទ្យវ័យក្មេងម្នាក់ ហើយការដែលចាប់អាជីពនេះ ក៏កើតចេញពីក្ដីស្រឡាញ់របស់លោកផ្ទាល់។ ប៉ុន្តែទន្ទឹមនឹងអាជីពជាគ្រូពេទ្យ បេក្ខភាពរូបនេះ ក៏បានចិញ្ចឹមចិត្តក្នុងការឈានទៅសម្រេចក្ដីស្រមៃ គឺក្លាយជាតារាចម្រៀងអាជីព ដែលមានការទទួលស្គាល់ជាផ្លូវការ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល ពន្លឺ ក៏ធ្លាប់បានឡើងប្រកួត ក្នុងកម្មវិធី The Voice Vietnam កាលពីឆ្នាំ ២០១៨ កន្លងទៅផងដែរ។

ជាមួយគ្នានោះ ក៏មានអ្នកស្រាវជ្រាវរកឃើញវីដេអូឡើងច្រៀងក្នុងកម្មវិធីមួយរបស់ ហង្សមាស។ ដ្បិតមានការលើកឡើងថា ពន្លឺ ចង់ល្បីទាំងដែលខ្លួនធ្លាប់ឡើងច្រៀង ប៉ុន្តែក៏នៅមានអ្នកលើកឡើងថា ប្រការដែលលោកចូលរួមប្រកួតកម្មវិធី Cambodian Idol ក៏ព្រោះ ចង់ចាប់យកក្ដីស្រមៃ និងឆ្លងកាត់ការប្រឡងឲ្យបានត្រឹមត្រូវ។

ទាក់ទងនឹងការឡើងប្រឡងកម្មវិធី The Voice Vietnam ក៏មិនខ្វះអ្នកលើកឡើងថាលោកជាជនជាតិវៀតណាម ទាំងដែលមិនមែនជាការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដោយឃើញលោកបកស្រាយចម្រៀងជាភាសានេះ ច្បាស់ៗពេក។ លើកឡើងក្នុង Comment ពីក្រោមវីដេអូដែល ពន្លឺ បង្ហោះ ក៏មានអ្នកប្រើបណ្ដាញសង្គមម្នាក់អះអាង ពន្លឹឺ ជាជនជាតិខ្មែរពិតៗ ដោយកើតនៅក្នុងខេត្តតាកែវ។

លោកជាសិស្សពូកែ សង្វាតការសិក្សា ហើយដោយសារទៅក្រេបយកចំណេះវិជ្ជាជំនាញពេទ្យនៅប្រទេសវៀតណាម ទើប ពន្លឺ អាចនិយាយភាសានេះបានល្អដូច្នេះ។

 

២. អ៊ិត សុភាឧស្សាហ៍ឬ អ៊ិត ជូលីណា

នាងមានអាយុ ១៨ ឆ្នាំ និងក៏ធ្លាប់មានបទពិសោធក្នុងការច្រៀងដែរ។ អ្វីដែលគួរចាប់អារម្មណ៍ ពេលវីដេអូប្រឡងចម្រៀងនេះហើយ គេឃើញឧកញ៉ា ខេមរៈ សិរីមន្ត បាន Share វីដេអូរបស់នាង ដោយជូនពរឲ្យជោគជ័យផងដែរ។

ក្រោយមកក៏មានការឲ្យដឹងថា ជូលីណា គឺជាប្អូនស្រីជីទួតមួយរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត ផងដែរ។ ជាការបញ្ជាក់បន្ថែម ម្ដាយរបស់នាង និងឪពុកកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺជាជីដូនមួយនឹងគ្នា។ កន្លងមក នាងធ្លាប់បានច្រៀងបទ Cover បទរបស់តារាចម្រៀងផ្សេងៗទៀត ហើយក៏មានទេពកោសល្យ តែងបទចម្រៀង ច្រៀងដោយខ្លួនឯងទៀតផង៕

ដកស្រង់ពី៖Sabay