បណ្តាញសង្គម

ហេង ឡុង រកមូលហេតុ នៃការស្លាប់ គង់ ម៉ូនីកា មិនទាន់ឃើញ មានប្រភពខ្លះថាការស្លាប់​នេះគួរឲ្យ​ព្រឺព្រួច

មូលហេតុ នៃការស្លាប់របស់តារាសម្ដែងស្រី គង់ ម៉ូនីកា កាលពីរសៀលថ្ងៃទី៦ ខែមិថុនា បានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គម និងក្នុងរង្វង់អ្នកសិល្បៈ។

ការជជែកគ្នាកាន់តែខ្លាំងលើរឿងនេះ ក្រោយពីលោក ហេង ឡុង បង្ហើបដំណឹងក្រៅផ្លូវការមួយថា មរណភាពរបស់កញ្ញា គង់ ម៉ូនីតា អាចមកការវះកាត់កែដើមទ្រូងមិនត្រឹមត្រូវ។ ប៉ុន្ដែលោកបញ្ជាក់ថា នឹងសិក្សាលម្អិតពីបញ្ហានេះ។ ទន្ទឹមគ្នានេះក៏មានប្រភពស្និទ្ធស្នាលនិងសពចំនួន ២នាក់ បានអះអាងផ្ទុះគ្នាដែរទាក់ទងនិងមូលហេតុ នៃការស្លាប់របស់ ម៉ូនីកា ដោយលោក សាវិន ហ្វីលីប ដែលជាដៃគូសម្ដែងក្នុងបទ “ជូនអូនឡើងផ្លូវហាយវេ” ថាកញ្ញាស្លាប់ដោយសារគាំងបេះដូង។

រីឯមិត្ដភក្ដិ នៃសពម្នាក់ទៀតឈ្មោះ ឡុង ទី បញ្ជាក់ថា ម៉ូនីកា បានស្លាប់ដោយសារ ប្រត្ដិកម្មថ្នាំព្យាបាលមេរោគក្រពះ។ ទោះជាយ៉ាងណា លោក សាវិន ហ្វីលីប បានប្រាប់Sabay នៅព្រឹកថ្ងៃទី៧ ខែមិថុនា នេះថា មិត្ដប្រុសដែលស្និទ្ធនិងកញ្ញា គង់ ម៉ូនីកា បានឆាតប្រាប់លោកភ្លាមៗថាកញ្ញា ម៉ូនីកា មិនសូវហូបបាយទៀតទាត់ គាប់ជួននឹងនាងមានជំងឺក្រពះផង ក៏គាំងបេះដូងស្លាប់តែម្ដងទៅ។

ចំពោះការសង្ស័យរបស់លោក ហេង ឡុង ដែលថាកញ្ញា គង់ ម៉ូនីកា ស្លាប់ដោយសារវះកាត់ដើមទ្រូងខុសប្រក្រតី លោក សាវិន ហ្វីលីប ទទួលស្គាល់ថា ម៉ូនីកា ពិតជាបានកែសម្ផស្សស្ទើរតែគ្រប់កន្លែងតាំងពីក្បាលរហូតដល់ចុងជើង។ អ្វីដែលលោកច្បាស់នោះ គឺដោយសារកញ្ញា ម៉ូនីកា បានប្រាប់លោកដោយផ្ទាល់កាលពីថតMV ជាមួយលោកឲ្យផលិតកម្មGalaxy។

សាវិន ហ្វីលីប៖ “ចំពោះមូលហេតុពិតប្រាកដនៅពីក្រោយមិនដឹងយ៉ាងម៉េចទេ តែខ្លួនគាត់ហ្នឹងកែអស់ហើយ គាត់ប្រាប់បងត្រង់ៗហ្មង ហើយឮថាគាត់ក៏ចូលចិត្ដដើរលេងចូលក្លឹបច្រើនដែរ តែ Best friend គាត់(ម៉ូនីកា) ខ្ញុំថា ម៉ូនីកា អត់សូវហូបបាយ ហើយមានជំងឺក្រពះ ហើយខ្សោយបេះដូងផង ក៏គាំងគ្រឹបហ្មង”។ ក្នុងនាមជាសិល្បករ និងជាជាដៃគូធ្លាប់សម្ដែងជាមួយកញ្ញា គង់ ម៉ូនីកា លោក សាវិន ហ្វីលីប សម្ដែងការសោកស្ដាយចំពោះមរណភាពនេះ។

ចំពោះជជែកគ្នារកមូលហេតុ នៃការស្លាប់របស់កញ្ញា ម៉ូនីកា លោកថា ទុកឲ្យមហាជនជាអ្នកពិចារណាចុះ។ ទន្ទឹមគ្នានេះ ក៏លេចដំណឹងខ្លះទៀតមកថា កញ្ញា គង់ ម៉ូនីកា ចូលចិត្ដដើរលេង ចូលក្លឹប ហើយពាក់ព័ន្ធនិងការប្រើថ្នាំ ទើបបណ្ដាលឲ្យមានបញ្ហាគាំងបេះដូងដូច្នេះ។

ទោះជាយ៉ាងណេមូលហេតុពិត យ៉ាងណានោះយើងនៅមិនទាន់ដឹងច្បាស់នៅឡើយ ខណៈដែលលោក ហេង ឡុង ដែលបង្ហើបថា កញ្ញាអាចស្លាប់ដោយសារកែដើមទ្រូ ក៏មិនទាន់រកចម្លើយពិតឃើញនៅឡើយ។ បច្ចុប្បន្នសពរបស់កញ្ញា គង់ ម៉ូនីកា កំពុងតម្កល់ និងធ្វើបុណ្យតាមប្រពៃណីនៅវត្ដទួល ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ដកស្រង់ពី៖Sabay