បណ្តាញសង្គម

ខេមរៈ សិរីមន្ដ កំពុងក្ដាប់ជំនួញចំនួន៤ ដោយប្រកាន់ខ្ជាប់ពាក្យស្លោកថ្មី ៣ឃ្លា

តារាចម្រៀងប្រុសជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ខេមរៈ សិរីមន្ដ បានលូកកាន់តែជ្រៅលើមុខជំនួញផ្ទាល់ខ្លួន បន្ទាប់ពីលោកទទួលបានងារជា “ឧកញ៉ា” ហើយគេក៏មិនសូវឃើញលោកឡើងឆាកប្រគំតន្ដ្រី ឬចេញបទចម្រៀងថ្មីៗ។

បច្ចុប្បន្នលោក កំពុងបើកដំណើរការក្រុមហ៊ុនចំនួន៤ ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោកថ្មីចំនួន ៣ឃ្លា។ លោក ខេមរៈ សិរីមន្ដ បានប្រាប់ Sabay នៅថ្ងៃទី៨ ខែមិថុនា ថា ក្រុមហ៊ុនទាំង៤ ដែលខ្លះបានដំណើរការ និងខ្លះត្រៀមបើកសម្ពោធដំណើរការក្នុងពេលឆាប់ៗនេះ គឺសុទ្ធតែជាជំនួញដែលអាចទ្រទ្រង់ជីវភាពលោកឲ្យកាន់តែប្រសើរទៅថ្ងៃអនាគត។ ទី១ គឺក្រុមហ៊ុន ថៃត្រាហ្គន ដែលនាំចូលទឹកអប់ ម៉ាក Orbrank។

ទី២ ក្រុមហ៊ុន ខេមរៈត្រាហ្គន ដែលធ្វើលើវិស័យសិល្បៈ តែមិនទាន់ដំណើរការពេញលេញ។ ទី៣ ក្រុមហ៊ុន ខេមរៈសិរីមន្តរៀលអ៊ីស្ទេតឌីវើលុបភើ ផ្នែកអចលនទ្រព្យ និងទី៤ ក្រុមហ៊ុន MUN LAMOO ផ្នែកចំណីអាហារ BBQ steak។ លោក ខេមរៈ សិរីមន្ដ៖ “បងមិនចង់បង្ហើបទំហំវិនិយោគលើវាទេ តែក្រុមហ៊ុនម្ហូបអាហារហ្នឹង…បងត្រៀមបើកសម្ពោធឆាប់ៗនេះហើយ ហើយបងនៅតែរក្សាពាក្យបងថា យើងនឿយពីក្មេងស្រណុកពេលចាស់ ធ្វើការច្រើនរស់បានយូរ មុខរបរច្រើនជួយទប់គ្នា”។

តារាចម្រៀងរូបនេះ ក៏បានបង្ហាញមុខជំនួញទី៤ ដែលជាជំនួញចុងក្រោយរបស់លោកសម្រាប់ឆ្នាំ២០២២ តាមបណ្ដាញសង្គមហ្វេសប៊ុកដែរ។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រ និងអ្នកសារព័ត៌មានសួរសំណួរជាច្រើនទាក់ទងនិងការងារសិល្បៈ ប៉ុន្ដែមិនត្រូវបានលោកឆ្លើយតបនោះទេ ហើយការងារក្រុមហ៊ុនដែលលោកគ្រប់គ្រងដោយផ្ទាល់នោះក៏កម្របានលាតត្រដាង ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មានណាស់ដែរ ដោយគេសង្កេតឃើញថា ចាប់តាំងពីឡើងជាឧកញ៉ាមក ការងារកាន់តែរវល់ខ្លាំង៕

ដកស្រង់ពី៖Sabay