បណ្តាញសង្គម

មើលៗ! ម៉ូតូ Yamaha ហ្នឹងទៅរួចជាមួយ ADV អត់?

ម៉ូតូ Yamaha X Force 155 ABS ត្រូវបានបង្ហាញជាផ្លូវការក្នុងប្រទេសជប៉ុន ដែលត្រៀមចូលប្រកួតប្រជែងក្នុងទីផ្សារជាមួយម៉ូតូ ADV150 របស់ Honda។ ម៉ូតូបែប crossover របស់ Yamaha នេះ បំពាក់ចង្កៀងមុខ Halogen តែចង្កៀងក្រោយជាប្រភេទ LED រត់ជាបន្ទាត់ដេក មើលទៅស្អាត និងទំនើបណាស់។

កុងទ័រវាជាប្រភេទ ឌីជីថល LCD Backlight បំពាក់ជាមួយប្រព័ន្ធ Y-Connect ព្រមទាំងមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទ។ ឃ្លុបក្រោមកែបមានចំណុះដល់ ២៣,២លីត្រ ដែលអាចផ្ទុកឥវ៉ាន់បានច្រើនរួមទាំងមួកសុវត្ថិភាពបានមួយ។ កាន់តែគួរឱ្យចាប់អារម្មណ៍នោះ វាបំពាក់ប្រព័ន្ធទប់លំនឹង TCS ហើយប្រព័ន្ធហ្វ្រាំង ABS គឺបំពាក់ទាំងនៅកង់ខាងមុខ និងកង់ខាងក្រោយ ដែលចំណុចនេះ គឺ Yamaha X Force 155 អាចយកឈ្នះគូប្រជែងបាន។

ម៉ូតូនេះ ប្រើម៉ាស៊ីន VVA ចំណុះ ១៥៥សេសេ ផលិតបានកម្លាំង ១៥សេះ និងកម្លាំងរមួល ១៤ញ៉ូតុនម៉ែត្រ។កម្រិតស៊ីសាំងគឺ១លីត្រ ជិះបាន ៤០,៩គីឡូម៉ែត្រ។ ធុងសាំងផ្ទុកបាន ៦,១លីត្រ ដូច្នេះបើចាក់ពេញ ជិះបានដល់ចម្ងាយ ២៥០គីឡូម៉ែត្រ។ Yamaha នឹងដាក់លក់ម៉ូតូ X Force នេះនៅប្រទេសជប៉ុន នាចុងខែមិថុនាខាងមុខ ក្នុងតម្លៃ ៣៩៦០០០យ៉េន ប្រហែលជាង ២៩០០ដុល្លារអាមេរិក៕

ដកស្រង់ពី៖Sabay