បណ្តាញសង្គម

កុំច្រឡំថាសម្ដែង! ណុប បាយ៉ារិទ្ធ និង សុខ សីឡាលីន ណែនទ្រូងទប់មិនជាប់យំនៅមុខបេក្ខជនប្រឡង

ឈានចូលសប្ដាហ៍ថ្មីនៃកម្មវិធី Cambodian Idol នៅតែមានការគាំទ្រ និងចូលទស្សនាការផ្សាយផ្ទាល់ច្រើនដដែល ពីសំណាក់ប្រិយមិត្តអ្នកប្រើបណ្ដាញសង្គម។ បេក្ខភាពដែលចូលរួមក៏មិនចាញ់សប្ដាហ៍មុន ហើយក៏មានអ្នកទទួលជោគជ័យច្រើនគួរសមមិនចាញ់សប្ដាហ៍មុនៗទេ។

ជាក់ស្ដែងក្នុងចំណោម អ្នកដែលធ្វើបានល្អទាំងអស់ គ្រប់គ្នាចាប់អារម្មណ៍លើបេក្ខជន ២ រូប ដែលដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ណុប បាយ៉ារិទ្ធ និង សុខ សីឡាលីន យំនៅពីមុខ ការបង្ហាញសមត្ថភាពរបស់អ្នកចូលរួមប្រកួត។

ជារឿងសោកសង្រែងខ្លាំង ពេលដឹងថា លីហួរ មកប្រឡងចម្រៀង ទាំងដែលខ្លួនកំពុងជួបទុក្ខធំ ដោយសារបងប្រុសទើបបាត់បង់ជីវិត ដោយសារតែឆក់ខ្សែភ្លើង។ ប្រការនេះហើយ ដែលធ្វើឲ្យគណៈកម្មការទាំង ៤ មានការអាណិត ហើយសរសើរនូវភាពរឹងមាំ ដែលបេក្ខជនរូបនេះ អាចឈរបង្ហាញសមត្ថភាពនៅពេលនេះបាន។ សាច់រឿងពីក្រោយជារឿងមួយ ប៉ុន្តែអ្វីដែលកាន់តែរំជួលចិត្ត គឺនៅពេលដែល លីហួរលើកយកបទ «គេង» មកច្រៀង។

បទនេះបង្កប់នូវអត្ថន័យខ្លឹមសារបែបស្រណោះ ធ្វើឲ្យលោក ណុប បាយ៉ារិទ្ធ យំទាល់តែបាន ហើយក៏ជារូបភាពកម្រ ព្រោះពីមុន គេស្ទើរមិនដែលឃើញលោកយំនៅក្នុងកម្មវិធីបែបនេះទេ។

ពេលបេក្ខភាពរូបនេះច្រៀងចប** បាយ៉ារិទ្ធ** និយាយថា៖ «លីហួរធ្វើបានល្អ… បងទៅជាស្ដាប់ទៅ វាអត់ចូលទៅន័យស្នេហាសោះ បងទៅជាមានអារម្មណ៍ថា...ប្អូនខ្លួនឯងក្នុងពេលហ្នឹងដូចជា ដើរតួជាបងប្រុសខ្លួនដែលកំពុងលួងលោមប្អូន» និយាយបានត្រឹមនេះ លោកក៏យំតែម្ដង។ ពេលសម្រួលអារម្មណ៍បានហើយ Judge រូបនេះបន្តថា ដោយសារខ្លួនជាបងគេក្នុងគ្រួសារ ដូច្នេះបទនេះពេលស្ដាប់ហើយលោកពិតជាក្ដុកក្ដួលខ្លាំង ពិសេសយល់អារម្មណ៍ពីការបាត់បង់មនុស្សជាទីស្រឡាញ់។

ទោះជាយ៉ាងណា ងាកមកលទ្ធផលវិញ លីហួរ ធ្វើបានល្អ រហូតអាចទទួលពាក្យ "YES” ដល់ទៅ ៤ ពីគណៈកម្មការ ហើយអាចឈានទៅវគ្គបន្ត។

១. វណ្ណ លីហួ



 

យុវជនវ័យក្មេងរូបនេះ បានឡើងមកសម្ដែងសមត្ថភាពជាមួយនឹងហ្គីតា ដោយជ្រើសយកបទ «មនុស្សប្រុសពេលយំអាក្រក់មើលណាស់» របស់លោក នី រតនា។ ប៊ីលី ធ្វើបានល្អ ទាំងមនោសញ្ចេតនាក៏ស៊ីនឹងបទ ទាំងសំឡេងក៏មិនអន់ ពិសេសទឹកដៃលេងហ្គីតារបស់បេក្ខភាពរូបនេះ ក៏ជារឿងមិនអាចមើលរំលងបាន។

ទោះជាយ៉ាងណា កត្តាដែលអង្រួនចិត្ត គណៈកម្មការ សុខ សីឡាលីន ដល់ថ្នាក់ស្រក់ទឹកភ្នែក នោះក៏ព្រោះ ខ្លួនជាមនុស្សម្នាក់ដែលចូលចិត្តមនុស្សប្រុសដែលលេងហ្គីតា ហើយកាយវិការនេះធ្វើឲ្យនាងនឹកដល់ឪពុកដែលទើបទទួលមរណភាព ហើយសំខាន់ លោកក៏ជាតន្ត្រីករពូកែខាងឧបករណ៍ ហ្គីតាដែរ។ ប៊ីលី ធ្វើបានល្អ ហើយលទ្ធផលក៏ត្រូវតែទទួលបានជាទីគាប់ចិត្តដូចគ្នា ដូច្នេះលោកក៏ត្រូវគណៈកម្មការព្រមទទួលទៅវគ្គបន្ត៕

២. លី ប៊ីលី



ដកស្រង់ពី៖Sabay