បណ្តាញសង្គម

ទិដ្ឋភាពអស្ចារ្យមិនធ្លាប់មាន! ពិព័រណ៍ស្នាដៃសិល្ប:ក្នុងផ្ទះ បង្ហាញមុខលើកដំបូងនៅភ្នំពេញ

ស្នាដៃសិល្ប:របស់សិល្បករកម្ពុជាចំនួន១១នាក់ត្រូវបានដាក់តាំងបង្ហាញជាសាធារណ:ក្នុងផ្ទះបែបទំនើបលើកដំបូងនៅរាជធានីភ្នំពេញ។

ស្នាដៃរបស់សិល្បករកម្ពុជាទាំង ១១ ដែលត្រូវបានជ្រើសរើសមកតាំងក្នុងពិព័រណ៌នេះរួមមានស្នាដៃសិល្ប: ខ្វៃ សំណាង, ថាំង សុធា, ចាន់ ដានី, លឹម សុខចាន់លីណា, ប៉ែន រ៉ូប៊ីត, វុធ លីណូ, រឿន សុខុម, ប្រាក់ ដាលីន, លី ណាតាលី, ហ៊ាន រង្សី និង កេត មុន្នីរក្ស។ ការដាក់តាំងបង្ហាញនេះគិតចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅទីតាំងបុរីចន្ទគីរី ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមលោក ហុក កាំង នាយកប្រតិបត្តិក្រុមហ៊ុន URBALAND ដែលជាម្ចាស់ទីតាំងរៀបចំកម្មវិធីបានបញ្ជាក់ពីមូលហេតុនៃការរៀបចំកម្មវិធីតាំងពិព័រណ៌នេះថា «ខ្ញុំគិតថានៅស្រុកខ្មែរមិនសូវសម្បូរទីតាំងដាក់តាំងស្នាដៃសិល្ប:សម្រាប់ឲ្យអ្នកដែលស្រឡាញ់បានចូលទស្សនានោះទេ ហើយខ្ញុំគិតថា សិល្ប: និងផ្ទះដែលយើងកំពុងរស់នៅគឺមានទំនាក់ទំនងគ្នា បើនៅក្នុងផ្ទះយើងមានរបស់ ឬស្នាដៃសិល្ប:ដែលយើងស្រឡាញ់ពេញចិត្តនោះក៏ធ្វើឲ្យយើងរីករាយ និងពេញចិត្តនឹងការរស់នៅនោះដែរ ហើយបើផ្ទះមួយមានការរចនាស្អាត ហើយមានស្នាដៃសិល្ប:ស្អាតថែមទៀតនោះវានឹងធ្វើឲ្យផ្ទះនេះកាន់តែស្អាត ទាក់ទាញកាន់តែខ្លាំង នេះហើយទើបយើងមានគំនិតរៀចំកម្មវិធីនេះឡើងមក។

សម្រាប់ហេតុផលមួយទៀតក៏ជាឨកាសមួយសម្រាប់សិល្បកររបស់យើងអាចតាំងបង្ហាញស្នាដៃរបស់ខ្លួនផងដែរ»។ សិល្បករ ចាន់ ដានី បង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានអារម្មណ៍ថាប្លែកមែនទែនជាលើកទី១ហើយដែលមានការងារចូលរួមតាំងពិព័រណ៍នៅក្នុងផ្ទះបែបនេះ យើងធ្លាប់តែតាំងពិព័រណ៌នៅតាមវិចិត្រសាល និងសារមន្ទីរ ឥឡូវជាលើកទី១ហើយដែលតាំងនៅក្នុងបុរីអ៊ីចឹង យើងមានអារម្មណ៍មួយស្រស់ស្រាយ ខុសប្លែក និងស្រស់ស្អាតមែនដូចយើងដាក់ក្នុងផ្ទះយើងពិតប្រាកដអ៊ីចឹងដែរ។

ខ្ញុំសង្ឃឹមថានេះជាឱកាសមួយសម្រាប់ខ្ញុំ ដែលស្នាដៃរបស់ខ្ញុំភាគច្រើនជនជាតិខ្មែរយើងមិនសូវបានមើល ភាគច្រើនជាបរទេស ហើយនេះជាឱកាសមួួយដ៏ល្អ ខ្ញុំក៏សង្ឃឹមថាកម្មវិធីបែបនេះនឹងមានជាបន្តបន្ទាប់ទៀត»។

សិល្បករ លឹម សុខចាន់លីណា និងសិល្បករមកពីខេត្តបាត់ដំបង រឿន សុខុម ថ្លែងក្នុុងថ្ងៃបើកសម្ពោធពិព័រណ៍កាលពីល្ងាចថ្ងៃទី១១ មិថុនា មានន័យប្រហាក់ប្រហែលគ្នាថា ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានចូលរួមក្នុងពិព័រណ៍នេះ ពួកយើងសូមអរគុណដល់អ្នករៀបចំកម្មវិធីដែលបានរៀបចំកម្មវិធីនេះឡើងមកនេះជាឱកាសមួយសម្រាប់ពួកយើងបានបង្ហាញស្នាដៃ សង្ឃឹមថានឹងមានការរៀបចំបែបនេះលើកក្រោយៗទៀត ហើយខ្ញុំគិតថាផ្ទះស្អាតក៏ត្រូវការរបស់ស្នាដៃសិល្ប:ដែលល្អស្អាតនៅក្នុងផ្ទះផងដែរ។ ម្ចាស់ទីតាំង លោក ហុក កាំង ក៏បានបញ្ជាក់ថា បើសិនការរៀបចំនេះមានការចាប់អារម្មណ៍ច្រើនពីម្ចាស់ផ្ទះ និងភ្ញៀវដែលមានទស្សនាច្រើននោះ លោកនឹងអាចរៀបចំឲ្យមាននៅឆ្នាំក្រោយម្តងទៀត៕

ដកស្រង់ពី៖Sabay