បណ្តាញសង្គម

វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បើកបវសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ និងប្រគល់បណ្ណសរសើរ និងវិញ្ញាបនបត្រជូននិស្សិតឆ្នើម និងសិក្ខាកាមវគ្គខ្លី

ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះការសិក្សារបស់សិស្ស វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ ដោយរួមបញ្ចូលនូវពិធីប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម កម្រិតបរិញ្ញាបត្រជាន់ខ្ពស់-បរិញ្ញាបត និងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជំនាញវគ្គខ្លីផងដែរ។ ពិធីនេះ បានធ្វើឡើង សាលអង្គរ-គីហ្សូណា នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅអាគារ CJCC។

កម្មវិធីប្រគល់វិញ្ញាបនបត្រជូននិស្សិតឆ្នើមប្រចាំឆ្នាំ ប្រចាំឆមាស កម្រិតបរិញ្ញាបត្រជាន់ខ្ពស់-បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ព្រមទាំងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជំនាញវគ្គខ្លី មានសិស្សសរុបចំនួន ១៥៨នាក់ ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកអគ្គនាយករង ប៊ុន សុន្ទរង្គ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា និងនិស្សិតជាច្រើននាក់ផងដែរ។

លោក សៀង ធីរិទ្ធ ក៏បានផ្តល់មតិសំណេះសំណាល និងបង្ហាញពីបម្រែបម្រួលទីផ្សារមូលបត្រកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងសាស្រ្តាចារ្យ សិស្ស-និស្សិត និងដៃគូសហការចំនួន១៥ ដែលបានផ្តល់បទពិសោធន៍ ពីតម្រូវការគណនេយ្យ និងជំនាញដែលគណនេយ្យករត្រូវមានក្នុងទីផ្សារការងារបច្ចុប្បន្ន។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានបង្កើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ក្នុងគោលបំណងចូលរួមអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ សវនកម្ម និងពន្ធដារឱ្យត្រូវនឹងតម្រូវការទីផ្សារការងារពិតប្រាកដ ដែលបច្ចុប្បន្នបានបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្រចំនួនជាង៤០០នាក់ និងកំពុងបន្តបណ្តុះបណ្តាលជាង៧០០នាក់បន្ថែមទៀត ជាពិសេសបង្កើតវគ្គជំនាញខ្លីៗជារៀងរាល់ខែដែលជាជំនួយដល់បុគ្គលិកតាមស្ថាប័នលើជំនាញដែលខ្លួនមានស្រាប់ ឬចង់បន្ថែម៕

ដកស្រង់ពី៖Fresh News