បណ្តាញសង្គម

ពុទ្ធោ! តម្លៃភាគហ៊ុនរបស់ HYBE ស្រាប់តែធ្លាក់ ២៥ភាគរយ ក្រោយ BTS ប្រកាសបោះជំហានថ្មី

ព័ត៌មានទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់ HYBE បានធ្លាក់ចុះ ក្រោយដំណឹងនៃការចាប់ផ្ដើមជំហានថ្មីនៃការងារសិល្បៈរបស់ BTS ប្រកាសជាផ្លូវការ។

HYBE បានប្រកាសជាផ្លូវការថា BTS ថាក្រុមនេះមិនបានផ្ដាច់ទៅណាឆ្ងាយទេ ពោលគឺនៅតែជាក្រុមតែមួយ គ្រាន់តែសមាជិកដកឃ្លាទៅផ្ដោតលើការងារទោលរៀងខ្លួនរបស់ពួកគេវិញ។ ក្រោយប្រកាសភ្លាម អ្នកវិនិយោគជាច្រើននាក់ ស្រាប់តែភ័យស្លន់ស្លោ ខណៈតម្លៃភាគហ៊ុនរបស់ HYBE ក៏បានធ្លាក់ចុះ ២៥ភាគរយ ចាប់តាំងពីការជួញដូរបានបើកសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

តម្លៃភាគហ៊ុនបានធ្លាក់ចុះ អំឡុងពេលនៃការជួញដូរក្រោយម៉ោងធ្វើការ ពោលគឺពេលដែលចេញសេចក្ដីប្រកាសកាលពីល្ងាចថ្ងៃទី ១៤ ខែមិថុនា បន្ទាប់ពីម៉ោងជួញដូរធម្មតាបានបិទ។ នេះជាមូលហេតុដែលតម្លៃបើកត្រូវបានចុះបញ្ជីជា ១៦៨ ០០០វ៉ុន (ប្រហែល ១៣០ដុល្លារ) ទាំងដែលតម្លៃបិទពីមុនៗ គឺ ១៨៣ ០០០វ៉ុន (ប្រហែល ១៥០ដុល្លារ)។

ការធ្លាក់ចុះភ្លាមៗនៃភាគហ៊ុនរបស់ក្រុមហ៊ុន HYBE មានន័យថាការវាយតម្លៃសរុបរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ២ ទ្រីលានវ៉ុន (ខ្ទង់ ១,៦៤៤,៦៥៦,៥២៩ដុល្លារ)។ ស្របពេលដែល គេរំពឹងថាតម្លៃភាគហ៊ុននឹងស្ទុះងើបឡើងវិញបន្តិចម្តងៗ អ្នកវិនិយោគមានការព្រួយបារម្ភអំពីអនាគតរបស់ក្រុមហ៊ុន ដោយលើកជាចម្ងល់ថា តើពេលណាពួកគេនឹងអាចឃើញ BTS វិលជុំចេញបទថ្មីរួមគ្នាម្តងទៀត? ជាក់ស្ដែងពេលនេះ សមាជិកនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើសកម្មភាពបុគ្គល៕

ដកស្រង់ពី៖ Sabay