បណ្តាញសង្គម

លី ច័ន្ទសីហា ត្រៀមបង្ហាញមុខម្ចាស់បេះដូងថ្មី ដើម្បីបំភ្លេចឈ្មោះស្ដ្រីមេម៉ាយទាំងវ័យក្មេង

 

តារាសម្ដែងសម្បូរទឹកភ្នែក លី ច័ន្ទសីហា បានផ្ដាច់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីដើម គឺលោក ច័ន្ទ ថៃសេង ដែលជាមន្ដ្រីយោធាតាំងពីអំឡុងឆ្នាំ២០១៩។

អស់រយៈពេលជាង ៤ឆ្នាំ ដែលតារាស្រីរូបនេះ រស់នៅតែម្នាក់ឯងក្នុងនាមជាស្ដ្រីមេម៉ាយ ទទួលបន្ទុកចិញ្ចឹមកូនស្រីម្នាក់ អ្នកនាងក៏មើលឃើញដៃគូជីវិតថ្មី។ ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដខ្នាតធំមួយរបស់អ្នកស្រី ពាន់ ភួងបុប្ផា នៅផ្សារទំនើប ជីប ម៉ុង សែនសុខ កាលពីថ្ងៃទី១៤ ខែមិថុនា លី ច័ន្ទសីហា បានប្រាប់Sabay ថា តាមពិតអ្នកនាង និងបុរសម្នាក់នេះធ្លាប់ស្គាល់គ្នាមិនក្រោម ៩ឆ្នាំឡើយ ប៉ុន្ដែដោយលោកជាអ្នកជំនួញ ហើយធ្លាប់មានប្ដីមានប្រពន្ធរៀងៗខ្លួនក៏មិនសូវរាប់រកគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

អ្នកនាងថា ពេលនេះទំនាក់ទំនងថ្មីមួយទៀតបានកើតឡើង ហើយភាគីខាងប្រុសក៏មិនអល់អែកក្នុងការចូលរោងការជាមួយនាងដែរ។ លី ច័ន្ទសីហា៖ “ខ្ញុំស្គាល់គាត់តាំងពីមុនជួបគ្រួសារខ្ញុំមុនទៀត តែពេលហ្នឹងយើងអត់បានសេបគប់គ្នាឲ្យបានជិតដិតទេ ហើយឥឡូវកំពុងមើលចិត្ដគ្នា ហើយគាត់(សង្សារ)ក៏មិនខ្លាចបញ្ចេញមុខដែរ តែខ្ញុំថាមិនទាន់ដល់ពេល ហើយណាមួយគាត់រវល់ការងារនៅក្រៅប្រទេសច្រើនទៀត”។

បើតាម លី ច័ន្ទសីហា បុរសដែលអ្នកនាងទើបផ្សារភ្ជាប់ក្នុងគោលបំណងជ្រើសរើសយកធ្វើជាដៃគូជីវិតនេះ គឺជាបុរសពោះម៉ាយ ហើយជាអ្នកជំនួញម្នាក់។ ស្ពាយឈ្មោះមេម៉ាយប្រមាណ ៤ឆ្នាំទៅហើយ ហើយការទទួលយកដៃគូថ្មីនេះ ក៏មិនរំលងប្រពៃណីដែរ ដោយត្រៀមរៀបមង្គលការធំដុំមួយដែលអញ្ជើញភ្ញៀវកិត្ដិយសក្នុងរង្វង់សិល្បៈ និងសាច់ញាតិទាំងសងខាងឲ្យចូលរួមទៀតផង។ លី ច័ន្ទសីហា បន្ថែមក្នុងទឹកមុខរីករាយថា៖ “ដល់ថ្ងៃហ្នឹង មិនអាចបាត់មុខពួកបងសារព័តមានទេ"៕

ដកស្រង់ពី៖ Sabay