បណ្តាញសង្គម

ឃើញ​លោត​សញ្ញា check នេះរាល់ដង ឆ្ងល់​អត់ថា​ឡាន​អ្នក​នៅសល់សាំងប៉ុន្មានទៀត?

តាមការសង្កេតមួយរយៈពេលចុងក្រោយនេះនៅលើបណ្តាញសង្គម ពិសេសតាម Group ដែលពាក់ព័ន្ធនឹងរថយន្ត គឺឃើញមានការបង្ហោះច្រើននូវរូបភាពបង្ហាញពីការលោតសញ្ញា Check ព្រមានអំពីកម្រិតសាំងក្នុងធុងទាបជិតអស់ ក្នុងអំឡុងពេលដែលសាំងកំពុងឡើងថ្លៃនេះ។

វាជាការបង្ហោះក្នុងន័យលេងសើចមួយ ប៉ុន្តែអ្នកប្រើប្រាស់រថយន្តខ្លះ អាចនឹងមិនដឹងទេថា ពេលលោតសញ្ញា Check នេះម្តងៗ តើសាំងសល់ប៉ុន្មានលីត្រទៀត? ដោយសារតែចំណុះធុងសាំង គឺខុសៗគ្នាទៅតាមប្រភេទរថយន្ត ហើយក៏មិនមានការកំណត់ជាស្តង់ដានៅឡើយ ប៉ុន្តែគេប៉ាន់ស្មានជាទូទៅថា នៅពេលលោតសញ្ញា Check សាំង គឺកម្រិតសាំងអាចសល់ប្រហែល ១០ ទៅ ១៥% នៃចំណុះធុង។

កាលពីប៉ុន្មានឆ្នាំមុន មានការស្រាវជ្រាវអំពីរថយន្តដែលលក់ដាច់នៅប្រទេសអង់គ្លេស ថារថយន្តទាំងនោះ នៅពេលចាប់ផ្តើមលោតសញ្ញា Check សាំង តើអាចបន្តដំណើរបានចម្ងាយប៉ុន្មានទៀត។

រថយន្តទាំងនោះមានដូចជា៖ -Ford Fiesta បានចម្ងាយ ៥៩គីឡូម៉ែត្រ -Vauxhall Corsa បានចម្ងាយ ៥៧គីឡូម៉ែត្រ -Ford Focus បានចម្ងាយ ៦៥គីឡូម៉ែត្រ -Nissan Qashqai បានចម្ងាយ ៦៩គីឡូម៉ែត្រ -Volkswagen Polo បានចម្ងាយ ៦៧គីឡូម៉ែត្រ -Vauxhall Astra បានចម្ងាយ ៤៨គីឡូម៉ែត្រ -Audi A3 បានចម្ងាយ ៦៩គីឡូម៉ែត្រ -Mini Cooper បានចម្ងាយ ៧០គីឡូម៉ែត្រ -BMW 3 Series បានចម្ងាយ ៧០គីឡូម៉ែត្រ៕

ដកស្រង់ពី៖Sabay