បណ្តាញសង្គម

BMW ទើប​ចេញឡា​នថ្មី​ប្រភេទ Wagon មហាកម្លាំង អាចជាន់កប់ដល់ល្បឿន ២៨០គ.ម/ម៉

ពេលនេះឡាន Audi RS4 Avant និង Mercedes-AMG C63 Estate លែងអ៊ុងអាត់ទៀតហើយ ពោលគឺមានគូប្រជែងថ្មីដែលជាប្រភេទ Wagon ដូចគ្នា នោះគឺរថយន្ត BMW M3 Touring 2023។

រថយន្ត BMW ថ្មីនេះ ប្រើម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ផលិតបានកម្លាំង ៥០៣សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុង២ M xDrive។ កម្លាំងម៉ាស៊ីននេះ ជួយឱ្យវាជាន់ស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទី និងអាចជាន់កប់ដល់ល្បឿន ២៨០គីឡូម៉ែត្រ/ម៉ោង។

BMW M3 Touring 2023 បានបំពាក់ប្រព័ន្ធបូមស្ព័រ និងប្រព័ន្ធប៉ុង Active M differential។ យ៉ាន់កង់ alloy របស់វាមានទំហំពី ១៩ ទៅ ២០អ៊ីញ។ ផ្នែកខាងមុខរំលេចដោយប៉ាណាចែកជាពីរធំៗ កញ្ចក់ aerodynamic និងបំពង់ស៊ីមាំង៤។

ចំណែកផ្នែកខាងក្នុងវិញ ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺជាអេក្រង់កោងដ៏ធំដែលភ្ជាប់គ្នារវាងកុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ១៤,៩អ៊ីញ និងកៅអីពូកស្បែក Merino ជាដើម។ BMW បញ្ជាក់ថា នឹងចាប់ផ្តើមរថយន្តថ្មីនេះនៅអំឡុងខែវិច្ឆិកាខាងមុខ ហើយមានទិសដៅលក់នៅទីផ្សារអឺរ៉ុប និងអូស្ត្រាលីតែប៉ុណ្ណោះ ដោយមិនទាន់បានបញ្ជាក់ពីតម្លៃរបស់វានៅឡើយទេ៕

ដកស្រង់ពី៖Sabay