បណ្តាញសង្គម

ប្រធានសមាគមតារាចម្រៀងកូរ៉េ ស្នើឲ្យ BTS បន្តការចេញបទជា​ក្រុមតទៀត

BTS គឺជាក្រុមចម្រៀង ដែលផ្ដើមសាងភាពល្បីល្បាញ តាំងពីបាតដៃទទេ រហូតក្ដោបបានភាពល្បីល្បាញលើសលប់ពេញសកលលោកផ្នែកវិស័យបទចម្រៀងប៉ុប។

ភាពជោគជ័យរបស់ក្រុមចម្រៀង K-Pop មួយនេះ ពិតជាលើសពីភាពជោគជ័យរបស់ក្រុមចម្រៀងផ្សេងៗទៀត ហើយក៏ជាបេះដូងរបស់ប្រទេសកូរ៉េដែរ។ ជាមួយគ្នានោះ ក៏ធ្លាប់មានអត្ថបទមួយបានចុះផ្សាយដែរថា BTS អាចជួយរកសេដ្ឋកិច្ចកូរ៉េដល់ទៅ ៥ពាន់លានដុល្លារ ឯណោះក្នុង ១ឆ្នាំ ហើយទិន្នន័យនេះមិនមែនតារាផ្សេងសុទ្ធតែធ្វើបាននោះទេ។

ទោះជាយ៉ាងណា អំឡុងពេលជុំគ្នាញ៉ាំអាហារពេលល្ងាច ដើម្បីអបអរខួបលើកទី ៩ឆ្នាំ នៃការបង្កើតក្រុម BTS ក៏បានប្រកាសតែម្ដងថា ក្រុមនឹងដកឃ្លាពីការងារក្រុមមួយរយៈ ដើម្បីយកទៅទៅផ្ដោតលើការងារទោលរបស់ពូកគេ។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ស្រាប់តែ TV Daily បានរាយការណ៍ថា ប្រធានសមាគមតារាចម្រៀងកូរ៉េ Lee Ja Yeon បានចេញសេចក្ដីថ្លែងការណ៍ ដោយស្នើសុំឲ្យ BTS គិតសាជាថ្មីចំពោះការផ្អាកការងារក្រុមនេះមួយរយៈ។ លោកស្រីបានសរសេរថា៖ «ខ្ញុំខ្លាចថា ឥទ្ធិពលវប្បធម៌ដ៏អស្ចារ្យបំផុតដែលពិភពលោកមិនទាន់ស្គាល់ នឹងរលាយបាត់»។

លោកស្រីបានបញ្ជាក់ថា អាចនឹងមានការលំបាកបន្តិចក្នុងការរង់ចាំ "The Next BTS” ហើយខ្លាចវិស័យសិល្បៈកូរ៉េនឹងឈប់ដើរទៅមុខ។ ទោះជាដឹងថា វាជាការលំបាកសម្រាប់ការសម្រេចចិត្តធ្វើបែបនេះ ប៉ុន្តែលោកស្រីចង់ស្នើឲ្យក្រុម និងក្រុមហ៊ុនពិចារណាឡើងវិញសម្រាប់ការបន្តសកម្មភាពក្រុម ចាត់ទុកថាគិតដល់ប្រយោជន៍វិស័យតន្ត្រីរបស់ប្រទេសកូរ៉េទាំងមូល។ «ប្រសិនបើ BTS បាត់ខ្លួន នោះ ARMY ក៏នឹងមិនមានដូចគ្នា។

រដ្ឋាភិបាល ត្រូវការជួយសម្រួលដល់ការបន្តវិបុលភាពនៃ Hallyu Wave (សិល្បៈកូរ៉េ) ដោយពិចារណាលើការលុបបំបាត់កាតព្វកិច្ចយោធាដល់ពួកគេផង»។ នេះជាអ្វីដែលប្រធានសមាគមលើកឡើងបន្ត។ ទោះយ៉ាងណាក៏ដោយ CEO របស់ក្រុមហ៊ុន HYBE លោក Park Ji Won បានបញ្ជាក់ច្បាស់ៗហើយថា BTS មិនដែលសូម្បីតែគិត ពិរឿងបំបែកក្រុម ហើយក៏គ្មានផ្លូវដែលពួកគេនឹងបំបែកដែរ៕

 

ដកស្រង់ពី៖ Sabay