បណ្តាញសង្គម

រូបថតមង្គលការរបស់សាន់ឆាយ និងប្ដីថ្មីត្រូវបាន​បង្ហាញជាសាធារណៈលើកដំបូង

គិតចាប់ពីថ្ងៃរៀបការរបស់ Barbie Hsu (ឬ សាន់ឆាយ) និង DJ Koo គឺថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២ មក មិនដែលឃើញបែកធ្លាយរូបភាពណាមួយឡើយលើបណ្ដាញសង្គម។

រហូតដល់ថ្មីៗនេះ រូបភាពស្ថិតក្នុងថ្ងៃពិសេសក៏ត្រូវបានបង្ហាញជាផ្លូវការ។ ស្ថិតក្នុងកម្មវិធីកម្សាន្តកូរ៉េមួយ រូបថតមង្គលការរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu និងតន្ត្រីករកូរ៉េ DJ Koo ត្រូវបានចេញផ្សាយ ដោយអ្នកទាំង ២ បានឲ្យឃើញសាក់រូបចិញ្ចៀនលើដៃនាងទៀត។ DJ Koo បានលើកឡើង ដោយបញ្ចេញឃ្លាដំបូងបែបលេងសើចទៅកាន់ Barbie ថា៖ «ហេ៎! ខ្ញុំក្បាលត្រងោល!» បន្ទាប់មកទៀត DJ រូបនេះរ៉ាយរ៉ាប់ពីរឿងរ៉ាវស្នេហាខ្លួនថា៖ «នៅពេលយើងទាក់ទងគ្នា Barbie ចូលចិត្តញ៉ាំស្វាយណាស់។

នៅពេលនោះ នៅប្រទេសយើង (កូរ៉េ) អត់មានស្វាយទេ ខ្ញុំក៏ចាប់ផ្ដើមចូលចិត្តស្វាយតាំងពីពេលនោះមកដែរ។ ឲ្យតែពេលខ្ញុំឃើញស្វាយ ខ្ញុំនឹកដល់នាងមុនគេ»។ នៅខែវិច្ឆិកា ឆ្នាំមុន ព័ត៌មានបានបែកធ្លាយថា Barbie Hsu បានដាក់ពាក្យលែងលះស្វាមីមុន គឺ Wang Xiao Fei ក្រោយរួមរស់ជាមួយគ្នាបានជាង ១០ឆ្នាំ។ មិនដល់ ៤ខែផង ក៏ស្រាប់តែលេចចេញដំណឹងថា នាងបានរៀបការជាមួយនឹងតារាចម្រៀងកូរ៉េ DJ Koo អ្នកដែលមានអាយុ ៥២ឆ្នាំ មានន័យថាស្វាមីក្រោយនេះអាយុបងនាង ៧ឆ្នាំ។

អ្វីដែលកាន់តែភ្ញាក់ផ្អើល បុរសម្នាក់នេះ ក៏ជាអ្នកដែលនាងធ្លាប់ទាក់ទងស្នេហាកាលពី ២៤ឆ្នាំមុនដែរ។ ជាមួយគ្នានោះដែរ អ្នកទាំង ២ បានចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចុះឈ្មោះសហជីពរបស់ពួកគេ (រួមរស់ជាប្ដីប្រពន្ធ) នៅតៃវ៉ាន់នៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២២។ នេះបើយោងតាមភ្នាក់ងារ Barbie Hsu បានប្រកាស៕

 

ដកស្រង់ពី៖ Sabay