បណ្តាញសង្គម

មុនពន្លត់​ម៉ាស៊ីនឡាន តើគួរបិទម៉ាស៊ីនត្រជាក់សិន​ទេ?

រហូតមកដល់ពេលនេះ នៅតែមានសំណួរ និងការលើកឡើងថា មុនពន្លត់ម៉ាស៊ីនរថយន្តគឺគួរតែបិទម៉ាស៊ីនត្រជាក់សិន ដើម្បីកុំឱ្យឆាប់ខូច និងជួយសន្សំសំចៃសាំងពេលបញ្ឆេះរថយន្តវិញជាដើម ហើយរហូតដល់មានអ្នកខ្លះទៀតពេលកំពុងបើកបរ បើកម៉ាស៊ីនត្រជាក់ ដល់ពេលត្រជាក់ងំក៏បិទវិញ ដោយយល់ថា ការធ្វើបែបនេះ ជួយឱ្យរថយន្តមិនសូវស៊ីសាំង។

ការពិតទៅ បិទ ឬមិនបិទម៉ាស៊ីនត្រជាក់ មុនពន្លត់ម៉ាស៊ីនរថយន្ត គឺមិនមានផលប៉ះពាល់អ្វីទេ ដោយសារតែរថយន្តបានបំពាក់បច្ចេកវិទ្យាដែលមានប្រព័ន្ធ ECU ពោលគឺវានឹងកាត់ផ្តាច់រាល់គ្រឿងអេឡិចត្រូនិចក្នុងរថយន្តដោយស្វ័យប្រវត្តិ នៅពេលពន្លត់ម៉ាស៊ីនរថយន្ត ឬនិយាយម្យ៉ាងទៀតថា ទាល់តែម៉ាស៊ីនត្រូវបានបញ្ឆេះសិន ទើបប្រព័ន្ធរថយន្តទាំងមូលដំណើរការ ដោយរួមមានទាំងម៉ាស៊ីនត្រជាក់ផងដែរ។

ជារួម ម៉ាស៊ីនត្រជាក់វាមិនបង្កើនបន្ទុកធ្ងន់ដល់ម៉ាស៊ីនទេ ព្រោះវាជាដំណើរការម៉ាស៊ីនរថយន្តធម្មតាតែប៉ុណ្ណោះ ហើយក៏មិនមានឥទ្ធិពលអ្វីលើកម្រិតប្រើប្រាស់សាំងដែរ។ បើរថយន្តទំនើបខ្លះទៀត សឹងតែមិនទាន់បញ្ឆេះម៉ាស៊ីនផង គឺបញ្ជាបើកម៉ាស៊ីនត្រជាក់ពីចម្ងាយរួចស្រេចទៅហើយ ដូចជា Prius 2010 option ប្រើសូឡាជាដើម។

យ៉ាងណាមិញ បើលោកអ្នកចាប់អារម្មណ៍ឃើញថា រថយន្តខ្លួនស៊ីសាំងជាងមុននោះ គឺអាចនឹងពាក់ព័ន្ធនឹងកត្តាផ្សេងៗជាច្រើន ដូចជា ប៊ូស៊ី គ្រឿងក្រោម សំបុកឃ្មុំ សំបកកង់ ស្ថានភាពផ្លូវ និងឥរិយាបថរបស់អ្នកបើកបរ៕

ដកស្រង់ពី៖Sabay