បណ្តាញសង្គម

AirAsia ជាប់ជាក្រុមហ៊ុន អាកាសចរណ៍ តម្លៃទាបល្អបំផុត ប្រចាំតំបន់អាស៊ី

ភ្នំពេញ៖ ក្រុមហ៊ុន AirAsia ត្រូវបានប្រសិទ្ធនាមជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុត នៅលើពិភពលោកជាលើកទី ៧ ជាប់ៗគ្នា នៅក្នុងពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត របស់ពិភពលោក Skytrax (Skytrax World’s Airline Awards) ដែលបានរៀបចំនៅក្នុងកម្មវិធី Paris Air Show នៅអាកាសយានដ្ឋាន Le Bourget នាថ្មីៗនេះ។

 

Skytrax គឺជាអង្គភាពអង្កេត ឧត្តមភាពក្រុមហ៊ុនអាកាសចរណ៍សកល និងជាអង្គភាពដ៏ល្បីល្បាញមួយ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលមានការសិក្សាលើអតិថិជនចំនួន ១៩ លាននាក់ ឬជាង ១៦០ ជនជាតិនៅជុំវិញពិភពលោក តាមរយៈការស្ទង់មតិអំពីកម្រិតស្តង់ដារ លើសូចនាករប្រតិបត្តិសំខាន់ៗ ចំនួន ៤១ នៃផលិតផល និងសេវាកម្មឈានមុខ របស់ក្រុមហ៊ុនអាកាសចរណ៍មួយ។

លោក Tan Sri Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិ របស់ក្រុមហ៊ុន AirAsia បានទទួលពានរង្វាន់នេះ ក្នុងកម្មវិធី Paris Air Show 2015 ជាមួយបណ្តានាយកប្រតិបត្តិដទៃទៀត នៃក្រុមហ៊ុន AirAsia Group។

លោក Tan Sri Tony Fernandes មានប្រសាសន៍ថា “យើងបានជួបប្រទះ នឹងឧបសគ្គជាច្រើនក្នុងឆ្នាំចាស់ ប៉ុន្តែខ្ញុំអាចនិយាយដោយ មោទនភាពថា បុគ្គលិករបស់យើងបានរួម សហការបម្រើអតិថិជនយ៉ាងល្អ ហើយជាលទ្ធផលគឺយើងកាន់តែខ្លាំងក្លា ជាងពេលណាៗទាំងអស់។ ជាកិត្តិយសណាស់ ដែលយើងទទួលបានការប្រសិទ្ធនាមថា “ល្អផ្តាច់គេនៅលើពិភពលោក” ជាលើកទី៧ជាប់ៗគ្នានេះ ហើយខ្ញុំសូមចែករំលែកវាទៅកាន់បុគ្គលិក AirAsia Allstars ទាំង ១៧,០០០ នាក់ដែលជាកម្លាំងចលករ ដ៏ពិតប្រាកដនៅពីក្រោយយើង។”

“យើងសូមថ្លែងអំណរគុណ ចំពោះអតិថិជន និងម្ចាស់ភាគហ៊ុនទាំងអស់ ចំពោះការបន្តផ្តល់ភាពជឿជាក់។ យើងប្តេជ្ញាបន្តការច្នៃប្រឌិត ដែលមិនត្រឹមតែផ្តល់ឲ្យអតិថិជន នូវគុណតម្លៃល្អបំផុតប៉ុណ្ណោះទេ តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ និងភាពងាយស្រួលលើសគេ តាមរយៈបច្ចេកវិទ្យាថ្មីៗ” លោក Tony Fernandes បន្ថែម។

ទាក់ទងនឹងការទទួលស្គាល់ដោយ Skytrax ចំពោះក្រុមហ៊ុន AirAsia Group ពេលនេះ លោក Datuk Kamarudin Meranun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia Berhad បានលើកឡើងថា “ការទទួលស្គាល់ AirAsia ជាក្រុមហ៊ុនល្អបំផុតរបស់ពិភពលោកនេះ នឹងជំរុញបន្ថែមលើកិច្ចខិតខំប្រឹងប្រែង ដែលយើងកំពុងពង្រឹងសេវាកម្ម និងបណ្តាញរបស់យើង។យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែង ជាការថ្លែងអំណរគុណ ចំពោះការទទួលស្គាល់នេះវិញ។”

AirAsia Group រួមមានក្រុមហ៊ុនអាកាសចរណ៍ មណ្ឌលជិតតម្លៃទាប AirAsia Berhad (កូដ AK) AirAsia ឥណ្ឌូនេស៊ី (កូដ QZ) AirAsia ថៃ (កូដ FD) AirAsia ហ្វីលីពីន (កូដ PQ & Z2) និង AirAsia ឥណ្ឌា (កូដ I5)។

តាមរយៈវត្តមានរបស់ខ្លួន AirAsia Group បានពង្រឹងខ្លួនឯង ឲ្យក្លាយជាក្រុមហ៊ុននវានវត្តន៍ និងឈានមុខគេនៅលើទីផ្សារ សម្រាប់ការធ្វើដំណើរនិងបច្ចេកវិទ្យា ដែលនេះមិនត្រឹមតែ ផ្តល់សេវាអាកាសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវបទពិសោធន៍ នៃការធ្វើដំណើរដ៏អស្ចារ្យជាមួយ ការបង្កើតអោយមានកម្មវិធី សម្រាប់ប្រើលើទូរសព្ទ មគ្គុទេសក៍ធ្វើដំណើរ ជម្រើសនៃការធ្វើស្វ័យសេវាដ៏ពេញលេញ ការប្រើប្រាស់ WiFi ពេលធ្វើដំណើរ ការទទួលទានកាហ្វេជាន់ខ្ពស់តាមរយៈ Barista-In-The-Sky និងសេវាកម្មជាច្រើនទៀតដូចជា Duty Free shopping មុនពេលចាកចេញជាដើម។

សាខារបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ទាំងអស់ដំណើរការដោយយន្តហោះ ស៊េរីចុងក្រោយមួយនៃ Airbus A320 នៅលើពិភពលោក ជាមួយនឹងអាយុកាលជាមធ្យមត្រឹមតែ ៣ ឆ្នាំសម្រាប់គ្រប់ក្រុម ដោយមានការបញ្ជាទិញយន្តហោះ ប្រភេទ Airbus A320 ចំនួន ៤៧៥ គ្រឿង ហើយនឹងត្រូវបញ្ជូនមកនៅឆ្នាំ ២០២៨។

លើសពីការប្រើប្រាស់ យន្តហោះទំនើបនេះ AirAsia ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមានតម្លៃទាប បណ្តាញផ្លូវហោះហើរធំទូលាយ រួមទាំងផ្លូវហោះហើរពិសេសជាង ៦០ ក្នុងតំបន់អាស៊ាន និងចំនួននៃការហោះហើរញឹកញាប់លើសគេ ជាមួយនឹងភាពងាយស្រួលក្នុងការកក់ និងវិធីបង់ប្រាក់ ក៏ដូចជាគុណតម្លៃ បន្ថែមលើសេវាកម្មរួមមាន Fly-Thru Premium Flex និងសេវាកម្មជាច្រើនផ្សេងទៀត៕

ដកស្រង់ពី ៖ ដើមអម្ពិល