បណ្តាញសង្គម

មហាជនលើកហេតុផលតារា K-Pop ជនជាតិចិនសម្រេចចេញពីកូរ៉េ ទៅរកលុយនៅដីកំណើតវិញ

មានតារា K-Pop ជាច្រើនបានចាប់ផ្ដើមអាជីពសិល្បៈនៅប្រទេសកូរ៉េ ដែលជាកន្លែងផ្ដល់កណើតសិល្បៈសម្រាប់ពួកគេ ដោយគិតចាប់ពី Hangeng (Super Junior) រហូតមកដល់ Kyulkyung (PRISTIN) ជាដើម។

ទោះជាមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យនេះក៏ដោយ ប៉ុន្តែតារាចិនភាគច្រើន បានសម្រេចចិត្តចេញពីកូរ៉េ ទៅប្រកបការងារនៅប្រទេសចិន ទឹកដីកំណើតវិញ។ ទាក់ទងនឹងបញ្ហានេះ តើមានមូលហេតុអ្វីឲ្យប្រាកដ? រម្លឹកទៅទៅកាលពីឆ្នាំ ២០០៩ Hang Geng (អតីតសមាជិក Super Junior) បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានព័ត៌មានថាលោកសម្រេចចាកចេញពីក្រុម។ សាមីខ្លួនបានទម្លាយការពិតថា ដើមហេតុគឺ ការរឹតត្បឹតខ្លាំងរបស់ផលិតកម្ម SM មកលើការងាររបស់ខ្លួន ហើយអ្វីដែលលោកទទួលបានពិតជាមិនយុត្តធម៌ឡើយ។

ឯអតីតសមាជិក EXO វិញក៏ធ្លាប់លើកឡើងដែរថា ពួកគេមិនអាចបន្តការងារនៅក្រុមហ៊ុននេះបានទេ ផ្អែកលើហេតុផលតែមួយដូច Hangeng ដែរ។ ទោះជាយ៉ាងណា បើយោងតាមការលើកឡើងរបស់វិបសាយ Ten Asia បានឲ្យដឹងថា ក្រៅពីកិច្ចសន្យាអយុត្តិធម៌ ប្រាក់ចំណូលពីការងារទោលក្នុងប្រទេសចិន គឺជាកត្តាដែលមិនអាចមើលរំលង។ ហេតុផលមួយ គឺថា ការក្លាយជាតារា K-Pop និងការវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ពិតជាធានាបានថាពួកគេអាចសាងកេរ្តិ៍ឈ្មោះល្អខ្លាំងនាពេលអនាគត។ សារព័ត៌មានដដែលបានបញ្ជាក់ថា តារា K-Pop ជនជាតិចិន ដែលបានទទួលការបណ្ដុះបណ្ដាលជាមួយនឹង ប្រព័ន្ធបណ្ដុះបណ្ដាលកូរ៉េខាងត្បូង សុទ្ធតែត្រូវបានគេទទួលស្គាល់ទាំងអស់ក្នុងប្រទេសចិន។

ក្នុងការហ្វឹកហាត់ក្នុងប្រទេសកូរ៉េ អ្នកមិនមែនរៀនតែច្រៀងមួយមុខទេ តែក៏នៅមានការរាំ សម្ដែង ក៏ដូចជាលេងឧបករណ៍តន្ត្រីផ្សេងៗទៀតដែរ។ ហេតុផលមួយទៀតនោះគឺ ប្រាក់ចំណូល។ តារា K-Pop មួយចំនួនតែងត្អូញត្អែរពីការរកប្រាក់ចំណូល មិនបាន សូម្បីក្រោយឆ្នាំ Debut ឬក្រោយឆ្នាំចេញមុខក៏ដោយ។ ប៉ុន្តែខុសគ្នាស្រឡះ ព្រោះនៅចិន តារាទាំងអស់ទទួលចំណូលបានច្រើនណាស់។

ផ្អែកតាមហេតុផល និងឱកាសកើបលុយបែបនេះហើយ ទើបតារាចិនមួយចំនួនវិលមកប្រទេសកំណើត ដើម្បីចាប់យកអ្វីដែលពួកគេស្រឡាញ់ និងចំណូលសមរម្យនឹងតម្លៃការងាររបស់ពួកគេ។ ប្រាក់ចំណូលរបស់ពួកគវិញ ត្រូវបានគេដឹងថាបានកើនឡើងរាប់សិបដងនៅក្នុងប្រទេសចិន បើធៀបនឹងប្រាក់ចំណេញរបស់ពួកគេនៅក្នុងប្រទេសកូរ៉េ។ សម្រាប់តារាដែលសាងភាពល្បីល្បាញក្នុងប្រទេសចិនរួមមាន Wang Yibo (UNIQ), Lay (EXO), Victoria (f(x)),Cheng Xiao (WJSN), Luhan,Tao ជាដើម៕

ដកស្រង់ពី៖ Sabay