បណ្តាញសង្គម

ភ័យ​ហ្មង! មួយ​រឿងនេះ ហ្វាហ្វា ស្គាល់​រសជាតិ​ដេក​មឈូស​ពិត​ៗ

ក្រោយរាំងស្ទះដោយសារកូវីដ១៩ជាង ២ឆ្នាំ ផលិតករ ស៊ុម ភារិន បានដាក់បង្ហាញស្នាដៃភាពយន្តខ្នាតធំមួយរឿង និងបាននាំតារាស្រីដ៍ស្រស់ស្អាត កញ្ញាហា្វ ហ្វា ស្គាល់រសជាតិដេកក្នុងមឈូសពិតៗមិនធ្លាប់ជួប។

រឿងនេះមានចំណងជើងថា "សាកសព ១០០ឆ្នាំ" ដែលតាមសាមីខ្លួន នេះគឺជាបទពិសោធន៍ដ៏កម្រ និងលំបាកមួយក្នុងឆាកជីវិតជាតារាសម្ដែងប៉ុន្មានមកនេះ។ តុបតែងកាយរ៉ូបពណ៌លឿងដ៍ស្រស់ស្អាត កញ្ញាហ្វាហ្វា បានលើកឡើងថា នោះជារឿងដ៏រន្ឋត់ និងខ្លាចរអាមួយរបស់នាង ដោយត្រូវដេកសម្តែងក្នុងមឈូសបែបនេះ ដែលតាំងពីតូចមក មិនដែលនឹកដល់សោះ។

ហ្វាហ្វា ថ្លែងថា នាងត្រូវតស៊ូដេកក្នុងមឈូសយូរទម្រាំថតចប់ ព្រោះដោយសារអារម្មណ៍ខ្លាចរអា នាងថតខុស ម្តងហើយ ម្តងទៀត។ មិនត្រឹមប៉ុណ្ណឹង នាងត្រូវអាលែកហ្សុីច្រមុះ ជាមួយផ្សែងធូបពេលកំពុងថតក្នុងមឈូសថែមទៀត។ តារាស្រីសម្រស់ល្អឆើតរូបនេះ ប្រាប់ថា មុនពេលថត នាងបានអុចធូបសំពះសុំខមាទោសរួចហើយ ចៀសវាងកើតរឿងផ្សេងៗ ពិសេសសូមកុំឲ្យនាងអាប់ឱនរាសី ពីព្រោះនាងជឿថា ទីនោះជាទីកន្លែងរាសីមិនល្អ និងមិនជាទីប្រាថ្នានៃមនុស្សទាំងឡាយឡើយ។

ពិធីបើកសម្ពោធរឿង "សាកសព ១០០ឆ្នាំ" បានប្រព្រឹត្តទៅដោយមានសិល្បករ និងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើន។ ក្នុងវេលានោះដែរលោកស៊ុម ភារិន ជាតួឯកប្រុស និងជាថៅកែផលិតកម្មបដិហារ ផង បានលើកសរសើរការលះបង់របស់តួអង្គឯកស្រី ព្រមទាំងក្រុមតួសំខាន់ៗផ្សេងទៀត សម្រាប់ការថតរឿង សាកសព១០០ឆ្នាំ ដោយប្រើពេលថតដល់ទៅជាង១ឆ្នាំ។ ក្រោយបើកសម្ពោធភាពយន្តខ្មែរថ្មីមួយនេះ នឹងផ្តើមបញ្ចាំងជាផ្លូវការ នាថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ នេះតទៅ៕

ដកស្រង់ពី៖ Sabay