បណ្តាញសង្គម

ក្មេងជំទង់ឥណ្ឌា ៨នាក់ត្រូវគេដឹកទៅពេទ្យភ្លាមៗ ព្រោះងប់នឹង BTS រហូតភ្លេចបាយទឹក

BTS ជាក្រុមចម្រៀងដែលអាចធ្វើឲ្យមនុស្សដែលបាក់ទឹកចិត្ត ប្រែជាមានក្ដីសង្ឃឹមក្នុងជីវិតវិញ ហើយក្រុមក៏តែងលើកទឹកចិត្តគ្រប់គ្នាឲ្យ ចេះស្រឡាញ់ខ្លួនឯង ដែរ។

ប៉ុន្តែគ្រប់យ៉ាងអាស្រ័យទៅលើការគិត ការសម្រេចរបស់មនុស្សម្នាក់ៗ ពីការជ្រើសផ្លូវដើរ និងគួររៀបចំជីវិតបែបណា? ទោះជាយ៉ាងណា ហេតុតែស្រឡាញ់ BTS ខ្លាំងពេក អ្នកគាំទ្រមួយចំនួនបានធ្វើបាបខ្លួនឯង រហូតឈានដល់ប៉ះពាល់សុខភាព ដូចយុវជន-យុវនារីជនជាតិឥណ្ឌា ៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ផ្អែកតាមអត្ថបទចេញផ្សាយរបស់សារព័ត៌មាន Ahmedabad Mirror បានឲ្យដឹងថា ក្រុមក្មេងជំទង់ ៨នាក់ ដែលរស់នៅក្នុងតំបន់ Ahmedabad ត្រូវបានបញ្ជូននាំទៅមន្ទីរពេទ្យ Shalby ផ្នែកចិត្តសាស្ត្រ ដោយឲ្យសម្រាកព្យាបាលរយៈពេល ១០ថ្ងៃ។

ថ្ងៃដែលឈានទៅដល់ការបញ្ជូនចូលមន្ទីរពេទ្យ ពួកគេទំនងជាបានស្តាប់ K-Pop ចន្លោះពី ៨ ទៅ ១០ ម៉ោងក្នុងមួយថ្ងៃ ហើយក្នុងករណីដ៏ធ្ងន់ធ្ងរមួយទៀត «ដោយសារញៀនខ្លាំងពេក នាងដល់ថ្នាក់នៅជាប់តែក្នុងបន្ទប់ ដោយមិនព្រមញ៉ាំបាយទឹក ឬគេងឱ្យបានត្រឹមត្រូវសោះឡើយ និងគិតតែពីចំណាយពេល ស្តាប់បទ BTS មិនថាលើទូរស័ព្ទ ឬ Laptop ទេ»។ ឃើញកូនបែបនេះ ឪពុកម្ដាយពិតជាមានការព្រួបារម្ភជាខ្លាំង ពិសេសពេលចាប់បានថាកូនហ៊ានលួចលុយ ដើម្បីទិញខោអាវ និងគ្រឿងថ្លៃៗអ្វីគ្រប់យ៉ាង ដែលស្រដៀងនឹងអ្វីដែល BTS ពាក់។ នាងថែមទាំងត្រូវបានគេដឹងថា នាងត្រៀមគម្រោងរត់ចេញពីផ្ទះ ទៅប្រទេសកូរ៉េខាងត្បូង ដោយចង់រៀបការជាមួយនឹងសមាជិកណាម្នាក់របស់ BTS ទៀតផង។

ជាឧទាហរណ៍ ដែលចេញពីបញ្ហាធ្ងន់ធ្ងរមួយទៀតនោះគឺ ក្មេងស្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានព្យាយាមធ្វើអត្តឃាតដោយលេបថ្នាំ បន្ទាប់ពីឪពុកម្តាយរបស់នាង នាំនាងទៅជួបអ្នកប្រឹក្សា ដើម្បី "បន្ធូរបន្ថយនូវការងប់ងល់ជាមួយ BTS ពេក"។ លោកវេជ្ជបណ្ឌិត Kalrav Mistry ប្រធាននាយកដ្ឋានចិត្តសាស្ត្រនៅមន្ទីរពេទ្យ Shalby បាននិយាយថា ករណីនៃ "ការងប់ងល់នឹង BTS" ដែលតម្រូវឱ្យមានការព្យាបាលផ្លូវចិត្ត បាននិងកំពុងកើនឡើងក្នុងរយៈពេល ៣ ទៅ ៤ ខែចុងក្រោយនេះ។ «ក្នុងរយៈពេល ១០ ថ្ងៃកន្លងមក យើងបានទទួលករណីបែបនេះចំនួន ៨ ទៅហើយ ហើយនេះគឺជាសញ្ញាអាសន្ន ដែលមិនគួរត្រូវបានអើពើឡើយ។ ឪពុកម្តាយត្រូវចាំយាមកូនៗរហូត ដោយអ្នកជំងឺភាគច្រើនស្ថិតក្នុងក្រុមអាយុពី ១៣ ទៅ ២២ ឆ្នាំ។

ក្មេងៗកំពុងតាមដាន BTS ដោយងងឹតងងុល ដោយទទួលយករបៀបរស់នៅបែប Rockstar សម្លៀកបំពាក់ថ្លៃៗ និងសម្ភារៈប្រើប្រាស់ជាច្រើន។ ដោយសារគិតខ្លី ដូច្នេះដើម្បីបំពេញតាមតម្រូវការទាំងនេះ ពួកគេក៏ចាប់ផ្ដើមចេះលួចលុយ។ នៅពេលដែលឪពុកម្តាយដឹងថាមានអ្វីកើតឡើងមិនស្រួល ការញៀនងប់ងល់នេះ ក៏បានឈានដល់កម្រិតមួយមិនប្រក្រតីទៅហើយ»។ នេះបើតាមការលើកឡើងរបស់ វេជ្ជបណ្ឌិត Kalrav Mistry ។ ជាការពិត ដើម្បីបង្ហាញនូវក្ដីស្រឡាញ់ BTS ឬក្រុម K-Pop ផ្សេងទៀត អ្នកគាំទ្រត្រឹមថែសុខភាពឲ្យបានល្អ និងចេះស្រឡាញ់ខ្លួនឯង នោះ Idol ទាំងអស់សប្បាយចិត្ត និងដឹងគុណពេកទៅហើយ។

ពិសេសតារាៗទាំងអស់ក៏មិនចង់ឲ្យ Fan របស់ខ្លួន ធ្វើបាបខ្លួនឯងដល់ថ្នាក់នេះដែរ។ តាមរយៈបទពិសោធនេះ សង្ឃឹមថាយុវវ័យទាំងអស់ ពិសេសអ្នកដែលធ្វើខ្លួនឯងឲ្យឈានដល់សភាព ដែលបានរៀបរាប់ខាងលើ ឆាប់ជាសះស្បើយឡើងវិញ៕

 

 

ដកស្រង់ពី៖ Sabay