បណ្តាញសង្គម

ទើបដឹង អ្នករាំម្នាក់ត្រូវ LED សង្កត់នោះត្រៀមរៀបការ តែឥឡូវបែរគេងពេទ្យក្នុងសភាពគួរឲ្យព្រួយ

ផ្អែកតាមសារព័ត៌មាន HK01 ដែលបានចេញផ្សាយនាពេលកន្លងទៅ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងទាក់ទងនឹងហេតុការណ៍ ធ្លាក់ LED ទម្ងន់ ៦០០គីឡូ ចំលើអ្នករាំម្នាក់របស់ក្រុមចម្រៀងហុងកុង Mirror គឺ Lee Kai Yin។

គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងជាអកុសលមកលើ Lee Kai Yin បុរសម្នាក់ដែលសន្សំក្ដីស្រមៃឡើងសម្ដែងលើឆាកអស្ចារ្យ តែបែរជាជួបរឿងបែបនេះទៅវិញ។ បើតាមក្រុមគ្រូពេទ្យ បានធ្វើបច្ចុប្បន្នភាពថា លទ្ធភាពក្នុងការវិលទៅរកសភាពដើមទាំងស្រុងវិញ គឺមានសង្ឃឹមតិចណាស់។ ជាមួយគ្នានោះ ដោយសារកម្រិតរបួសធ្ងន់ធ្ងរ ក៏ពិបាកធ្វើឲ្យលោកបន្តការងារនាមជាអ្នករាំបានដែរ ពោលគឺអាចនឹងត្រូវចូលនិវត្ត។ អ្វីដែលគួរឲ្យសង្វែគទៅទៀតនោះគឺ មង្គលការរបស់ Lee Kai Yin និងមិត្តស្រី ក៏ត្រូវផ្អាកសិនដែរ។

គួរដឹងដែរថាគូស្នេហ៍មួយគូនេះ គ្រោងរៀបការនឹងគ្នា ក្រោយទាក់ទងស្នេហារយៈពេលច្រើនឆ្នាំមកហើយ។ ប៉ុន្តែលោកិយពិតជាអយុត្តិធម៌ណាស់ ធ្វើឲ្យគូស្នេហ៍មួយគូនេះ ត្រូវជួបរឿងបែបនេះ ដោយខាងស្រីទឹកភ្នែករាល់ថ្ងៃ ហើយគិតតែពីបន់ស្រន់សុំឲ្យមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ទោះជាយ៉ាងណា ប៉ុន្មាននៃការសម្រាកព្យាបាល នៅតែបន្សល់នូវស្ថានភាពធ្ងន់ធ្ងរ។ ទាក់ទង សកម្មភាពការងាររបស់ ក្រុម Mirror វិញ ត្រូវផ្អាកទាំងស្រុងដូចគ្នា ដោយមានការស្នើពីក្រុមហ៊ុនរបស់ក្រុម។

ចំពោះគម្រោងសម្ដែងដែលនៅសល់ចំនួន ៨ ទៀត គឺត្រូវរំសាយចោលដូចគ្នា។ ត្រឡប់ទៅមុនរឿងនេះកើតឡើង គេបានស្គាល់ច្បាស់ថា Mirror គឺជាក្រុមចម្រៀងហុងកុងដ៏ល្បី ដែលត្រូវបានបង្កើតកាលពីឆ្នាំ ២០១៨ ជាមួយនឹងសមាជិក ១២នាក់។ ចំពោះអ្នកគាំទ្ររបស់ក្រុមវិញ គឺមានតាំងពីក្មេងៗ ដល់មនុស្សចាស់អាយុលើសពី ៦០ឆ្នាំទៅទៀត។ ឯផលិតផលម៉ាកយីហោល្បីៗ ដែល Mirror បានផ្សព្វផ្សាយនាពេលកន្លងមកលើសពី ១៨០ Brand ទៅទៀត៕

ដកស្រង់ពី៖ Sabay