បណ្តាញសង្គម

អ្នករាំដែលត្រូវផ្ទាំង LED ធ្លាក់សង្កត់ ដឹងខ្លួនហើយ ប៉ុន្តែនៅមានស្ថានភាពពិបាកធ្វើចិត្តមួយទៀត

វិបសាយ Suho បានរាយការណ៍ ដោយផ្អែកលើការចេញផ្សាយពីសារព័ត៌មានរបស់ហុងកុង ក្រោយឪពុកម្ដាយរបស់ Lee Kai Yin (Mo) បានបញ្ជាក់ថា កូនប្រុសរបស់ខ្លួនបានដឹងខ្លួនហើយ ហើយអាចនិយាយស្ដីជាមួយនឹងអ្នកជុំវិញខ្លួនខ្លះៗ។

រម្លឹកទៅកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា នៅពេលក្រុមចម្រៀងហុងកុង Mirror កំពុងសម្ដែងលើឆាកប្រគំតន្ត្រីលើកទី ៤ ស្រាប់តែមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយផ្ទាំង LED ដែលព្យួរនៅកណ្ដាលឆាក ធ្លាក់សង្កត់ ហើយជាអកុសលប៉ះចំ Lee Kai Yin និងអ្នករាំ ២នាក់ទៀត។ ថ្មីៗនេះមន្ត្រីរបស់នាយកដ្ឋានសេវាកម្មព័ត៌មាន និងវប្បធម៌ម្នាក់បានលើកឡើងថា ខ្លួន និងក្រុមការងារបានពិនិត្យយ៉ាងល្អិតល្អន់ទៅលើខ្សែ LED ដែលធ្លាក់នោះ ហើយក៏លេចចេញសញ្ញាថា «ទំនងជាមានអ្នកធ្វើរឿងនេះ»។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការពិនិត្យជំហានដំបូង ហើយលទ្ធផលបន្ទាប់មកទៀតយ៉ាងណា ក្រុមការងារនឹងធ្វើសេចក្ដីបញ្ជាក់នៅសប្ដាហ៍ក្រោយ។ រយៈពេលលើស ១០ថ្ងៃ ហើយក្រោយរឿងហេតុដ៏រន្ធត់នេះបានកើតឡើង ឯជនរងគ្រោះ Lee Kai Yin បានទទួលការវះកាត់ធំៗ ៣ដងរួចហើយ។ លោកបានរងរបួសក្បាល និង ក ធ្ងន់ធ្ងរបំផុត ព្រមទាំងដាច់សរសៃឈាមខួរក្បាល បាក់ឆ្អឹងក-ខ្នងផ្នែកខាងក្រោយ ២កន្លែង។

តាមការឲ្យដឹងពីក្រុមគ្រូពេទ្យ បានលើកឡើងថា ស្ថានភាពរបស់អ្នករាំប្រចាំក្រុម Mirror រូបនេះ នៅតែមិនសូវល្អ ទោះបីជាអាចដឹងខ្លួនខ្លះៗក៏ពិតមែន។ ចំពោះលទ្ធភាព ងើបអង្គុយ ឬឈរ បានឬអត់ នាពេលខាងមុខ គឺពិបាកសន្និដ្ឋានណាស់។ ទាក់ទងនឹងថ្លៃព្យាបាលរបស់ Lee Kai Yin វិញ គឺស្ថាបនិកក្រុម Mirror គឺជាអ្នកចាត់ចែងទាំងស្រុង ហើយក៏ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្វែងរកឲ្យឃើញពីមូលហេតុពីក្រោយគ្រោះថ្នាក់នេះ៕

ដកស្រង់ពី៖ Sabay