បណ្តាញសង្គម

ឪពុករបស់អ្នករាំ ដែលត្រូវ LED ទម្ងន់ ៦០០គីឡូធ្លាក់សង្កត់ មក Update សភាពកូនបច្ចុប្បន្ន

ផ្អែកតាមការចេញផ្សាយរបស់វិបសាយ HK01 នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២

បញ្ជាក់ថា ឪពុករបស់អ្នករាំ Lee Kai Yin (ក្រុម MIRROR) គឺលោក Derek Lee Shing Lam បានចេញមកជម្រាបពីស្ថានភាពកូនប្រុសខ្លួន បន្ទាប់ពីជួបហេតុការណ៍ដ៏រន្ធត់ ដោយត្រូវផ្ទាំង LED ទម្ងន់ ៦០០គីឡូ ធ្លាក់សង្កត់។ តាមគ្រួសារ បានឲ្យដឹងថា Lee Kai Yin នៅស្ថិតក្រោមការពិនិត្យ ព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅមន្ទីរពេទ្យ Queen Elizabeth នៅឡើយ។ លោកទើបវះកាត់ធំៗ ដល់ទៅ២ផ្នែកនៅ ក ដើម្បីបង្រួម និងរក្សាលំនឹងផ្នែកទាំង ២ នៃឆ្អឹងកងខ្នង ពិសេសក្រុមគ្រូពេទ្យបានធ្វើ Tracheotomy (ការវះកាត់បើកបំពង់ខ្យល់) ដើម្បីបង្កើតផ្លូវដង្ហើមសិប្បនិមិត្ម ជួយលោកឲ្យដកដង្ហើមបាន។ ទោះជាយ៉ាងណា ល្បឿននៃការជាសះស្បើយ គឺយឺតណាស់។

ឯវិបសាយ The Straitstimes វិញ បានលើកឡើងតាមប្រភពថា ដំណើរការនៃការជាះស្បើយរបស់ Lee Kai Yin ពិតជាយឺតណាស់ ហើយលោកក៏អាចនឹងបន្តព្យាបាលនៅមន្ទីរពេទ្យ យ៉ាងតិច ៩ខែ។ ប៉ុន្តែនៅពេលដែលអាចចេញពីពេទ្យបាន លោកក៏ត្រូវការអ្នកជួយ ក្នុងជីវិតរស់នៅប្រចាំថ្ងៃដែរ។ ឪពុករបស់អ្នករាំរូបនេះ បានឲ្យដឹងដែរថា កូនខ្លួនអាចប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជុំវិញខ្លួនបាន បើទោះជាពេលនេះ នៅមិនទាន់អាចនិយាយបានក៏ដោយ ដោយសារតែវះកាត់បំពង់ខ្យល់។

បន្ថែមពីលើនេះ លោក Lee ដែលជាឪពុក ក៏បានអរគុណដល់ក្រុមគ្រូពេទ្យ សម្រាប់ការព្យាបាលកូនប្រុសខ្លួន ព្រមទាំងមិត្តស្រីរបស់កូន គឺតារាចម្រៀង Natalie ដែលមិនទៅណា ហើយចាំមើលថែ ក្នុងពេលដ៏លំបាកមួយនេះ ក៏ដូចជាមហាជនដែលផ្ដោតការយកចិត្តទុកដាក់ និងបារម្ភចំពោះកូនប្រុសរបស់លោក។ រម្លឹកផងដែរថា ក្រុមចម្រៀងហុងកុង MIRROR បានប្រារព្ធការប្រគំតន្ត្រីលើកទី ៤ របស់ខ្លួននៅ Red Pavilion។ អំឡុងពេលសម្ដែងលើឆាក ស្រាប់តែផ្ទាំង LED ធ្លាក់ចុះ ហើយជាអកុសល មកចំ Lee Kai Yin តែម្ដង បង្កជាការភ្ញាក់ផ្អើល មិនត្រឹមតែក្នុងប្រទេសទេ ប៉ុន្តែគឺជុំវិញពិភពលោក។

ក្រោយមានរឿងនេះ ក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងមួយនេះក៏ចាត់វិធានការភ្លាមៗ ក្នុងការស៊ើបរកមូលហេតុដែលបង្កឲ្យមានហេតុការណ៍នេះ។ ក្រុមហ៊ុនក៏បានសុំទោសដល់ជនរងគ្រោះ និងគ្រួសារ ពិសេសមហាជនទាំងអស់ និងទទួលខុសត្រូវទាំងស្រុងនូវការព្យាបាលជនរងគ្រោះឲ្យបានខ្ពស់ ព្រមទាំងធានារ៉ាប់រងរាល់ថ្លៃព្យាបាល និងសង្ឃឹមថាពួកគេនឹងជាសះស្បើយឆាប់ៗ៕

ដកស្រង់ពី៖ Sabay